Feature

លោក សុខ សូកេន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារតាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រព៤ជ៤ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកា នៃក្រុមការងារតាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្តព៤ជ៤ នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះ លោក លោកស្រី ដែលជាប្រធាននៃអនុក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, អនុក្រុមការងារពង្រឹងការងារអធិការកិច្ច និងតាមដានការអនុវត្តច្បាប់, អនុក្រុមការងារពង្រឹងការងារដោះស្រាយបណ្តឹង, អនុក្រុមការងារលើកកម្ពស់សមត្ថភាពស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស ព្រមទាំងលេខាធិការដ្ឋាន បានធ្វើបទបង្ហាញនិងរាយការណ៍ជូនអង្គប្រជុំអំពីសមិទ្ធផលការងារសំខាន់ៗ បញ្ហាប្រឈមនានា និងទិសដៅការងារនៃការអនុវត្តយុទ្ធសាស្រ្តព៤ជ៤។

ថ្លែងក្នុងអង្គប្រជុំ លោក បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកានៃអនុក្រុមការងារទាំងអស់ ដែលបានខិតខំអនុវត្តផែនការសកម្មភាពនៃយុទ្ធសាស្រ្ត ព៤ជ៤ ឱ្យបានសម្រេចសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តី ក៏បានរំលឹកពីភាពជោគជ័យនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងអធិការកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។

ជាចុងក្រោយ លោក បានផ្តល់នូវអនុសាសន៍ណែនាំនិងតម្រង់ទិសសំខាន់ៗដល់ថ្នាក់ដឹកនាំ សមាជិក និងសមាជិកា នៃអនុក្រុមការងារទាំងអស់ឱ្យបន្តខិតខំអនុវត្តការងារ ដើម្បីជំរុញ និងពន្លឿនការអនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្ត ព៤ជ៤ ឱ្យបានទាន់ពេលវេលានិងពេញលេញ ជាពិសេសការជំរុញបញ្ចប់ការរៀបចំឯកសារទស្សនទានស្ដីពីការរៀបចំច្បាប់ស្តីពីអធិការកិច្ចឱ្យបានឆាប់ ការពង្រឹងការងាររបស់វិទ្យាស្ថានជាតិអធិការកិច្ច និងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងការងារអធិការកិច្ចនិងការងារតាមដានការអនុវត្តច្បាប់, ការងារដោះស្រាយបណ្តឹង និងការងារគាំទ្រនានាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

To Top