អ្នកប្រវត្តិវិទូរំលឹក ស្នាព្រះហត្ថ «ព្រះបរមរតនកោដ្ឋ» ក្នុងគម្រប់ខួប១៤ ឆ្នាំនៃការសោយទិវង្គត
ភ្នំពេញ ៖ ក្នុងឱកាស នៃការប្រារព្ធគម្រប់ខួប១៤ឆ្នាំនៃការសោយទិវង្គត ព្រះករុណា «ព្រះបរមរតនកោដ្ឋ» នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ស្អែកនេះ លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យា និងវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរំលឹកពីស្នាព្រះហត្ថជាច្រើនរបស់ «ព្រះបរមរតនកោដ្ឋ» ។
ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃ១៤ តុលានេះ លោក សួ ប៉ុណ្ណារ៉ាត់ បានរំលឹកថាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជា មានភាពក្តុកក្តួលយ៉ាងខ្លាំង ព្រោះជាថ្ងៃដែលបាត់បង់នូវអង្គព្រះមហាវីរក្សត្រគឺសម្តេចតា តាទួតនៃយើង ។
ចំពោះការប្រារព្ធគម្រប់ខួប១៤ ឆ្នាំនៃការសោយទិវង្គតរបស់«ព្រះបរមរតនកោដ្ឋ» លោក សួ ប៉ុណ្ណារ៉ាត់ សង្កត់ធ្ងន់ថា ក្នុងសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ប្រជារាស្រ្តខ្មែរបានថ្វាយព្រះនាមព្រះអង្គថាជា ព្រះបិតាឯករាជជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ និងព្រះបិតាស្ថាបនាជាតិ ។

លោកបន្តថា ព្រះកិត្តិនាមរបស់ព្រះអង្គបានល្បីសុះសាយខ្លាំងនាសម័យសង្គមរាស្រ្តនិយម ហើយគេក៏ចាប់ស្គាល់ព្រះនាមរបស់ព្រះអង្គកាន់តែច្បាស់ គឺនៅពេលដែលប្រទេសកម្ពុជា ទទួលជ័យជម្នះលើរឿងក្តីជាមួយសៀមអំពីប្រាសាទព្រះវិហារ។ សង្គមរាស្រ្តនិយមរីកចម្រើនរុងរឿង ដល់ចំណុចកំពូលនៅឆ្នាំ១៩៦៣ ។ ក្នុងសម័យនោះ ឃើញមានសមិទ្ធផលធំៗនានាជាច្រើនបានត្រូវកសាងឡើងព្រោងព្រាត និងឃើញមានការប្រារព្ធព្រះរាជពិធីសម្ពោធជាបន្តបន្ទាប់ សម្រាប់ដាក់ឱ្យប្រជារាស្រ្តប្រើប្រាស់នៅតាមបណ្តាខេត្ត-ក្រុងនានា។ ក្រៅពីនោះ នៅមាន សមិទ្ធផលនានាជាច្រើនទៀត តាមបណ្តាស្រុក ខេត្ត ក្រុង ដូចជាសាលារៀន មន្ទីរពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយទឹក ផ្លូវថ្នល់ ស្ពាន ជាដើម ។
ប្រធាននាយកដ្ឋានប្រវត្តិវិទ្យាបញ្ជាក់ថា “ចាប់តាំងពីឆ្នាំ១៩៨៧ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះអង្គបានខិតខំ អស់ពីព្រះកាយពល ដើម្បីបង្រួបបង្រួមភាគីជម្លោះកម្ពុជាទាំងអស់ រិះរកនូវដំណោះស្រាយនយោបាយសមស្របបញ្ចប់ជម្លោះនៅកម្ពុជា។ ព្រះអង្គតែងតែប្រទានចំពោះ ឯកឧត្តម ហ៊ុន សែន(កាលនោះហៅសមមិត្ត ហ៊ុន សែន) និងគណៈប្រតិភូនៃរដ្ឋកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ ជាបន្តបន្ទាប់នៅប្រទេសបារាំង”។
លោក សួ ប៉ុណ្ណារ៉ាត់ បញ្ជាក់ទៀតថា ដើម្បីជាការតបស្នងសងគុណដល់ព្រះអង្គ ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ពិសេសក្នុងពេលដែលព្រះអង្គនៅមានព្រះជន្ម រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាកាលនោះ បានកសាងវិមានព្រះបរមរូប និងព្រះបរមបដិមាព្រះបរម រតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ទុកជាទីសក្ការៈ។ វិមាននេះ ត្រូវបើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ ដើម្បីទុកឱ្យកូនចៅ ចៅទួត ដាក់កម្រងផ្កាគោរពបូជា បន្ទាប់ពីព្រះអង្គបានសោយទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ទៅ៕
