ព័ត៌មានជាតិ

សម្ដេចធិបតី សង្ឃឹមថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹងទំនាក់ទំនង ដើម្បីផ្តល់ជាឧត្តមប្រយោជន៍ជូនប្រជាជនទាំងពីរ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្ឃឹមថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីផ្តល់ជាឧត្តមប្រយោជន៍ជូនដល់ប្រទេស និងប្រជាជនទាំងពីរ។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Sahiba Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់១៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោកស្រី ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានគូសរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងអាស៊ែបៃហ្សង់ និងកម្ពុជាក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមកនេះ ទាំងគ្រប់កម្រិតរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល, សភានិងសភា ក៏ដូចជាគណបក្សនិងគណបក្ស ដែលការណ៍នេះបង្ហាញអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជាតិទាំងពីរ ហើយ លោកស្រី សង្ឃឹមថា «ប្រទេសទាំងពីរនឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីផ្ដល់ជាឧត្តមប្រយោជន៍បន្ថែមទៀតដល់ប្រជាជន និងប្រទេសទាំងពីរ»។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសរំលេចអំពីកិច្ចពិភាក្សាដែលសម្ដេច និងលោកប្រធានាធិបតីអាស៊ែបៃហ្សង់ បានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, អប់រំ, ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ 

សម្តេចធិបតី និងលោកស្រី ប្រធានសភា ក៏បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានលើកឡើងពីតួនាទីដ៏មានសារៈសំខាន់របស់សភា ក្នុងការពង្រឹងភាពជឿជាក់, កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។

ទន្ទឹមនឹងនេះ, សម្ដេចធិបតី ក៏បានបង្ហាញក្តីសង្ឃឹមថា «ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ដើម្បីផ្តល់ជាឧត្តមប្រយោជន៍ ជូនដល់ប្រទេស និងប្រជាជនយើងទាំងពីរ តាមរយៈការទាញយកសក្ដានុពលពេញលេញពីទំនាក់ទំនងទ្វេភាគីនេះ»៕

To Top