Feature

អាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាប​និងឃាត់ខ្លួន ក្រុមក្មេងទំនើង០៣នាក់​ ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈ​

កំពង់ស្ពឺ៖ ដោយ​អនុវត្តតាមបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​និងមានការចង្អុលបង្ហាញពីលោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​​ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​ធ្វើការ​បង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពបង្ហោះ​ម៉ូតូ​តាម​ទី​សាធារណៈ​ដែលជាហេតុបង្កអោយមាន​ភ័យខ្លាច​ដល់​ប្រជា​ពលរដ្ឋ​រស់នៅជុំវិញ បង្ក​ភាព​អ​ណា​ធិប​តេយ្យ​ ខូចសណ្តាប់ធ្នាប់សង្គម ជាបន្តបន្ទាប់យកមកអប់រំណែនាំនិងដកហូតយកម៉ូតូមករក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់នាពេលកន្លងមក។

ជាក់ស្តែង​ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងបាននាំខ្លួនជនសង្ស័យចំនួន០២នាក់។ទី១មានឈ្មោះ ចាន់រ៉ា វ៉ាន់ឌី ភេទប្រុស អាយ១៧ឆ្នាំ មុខរបរបញ្ចូលហ្គាស និងទី២ឈ្មោះ សៅ សំណាង ភេទប្រុស អាយ១៧ឆ្នាំ មុខរបរលើអីវ៉ាន់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២២:៣០នាទី នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ព្រមទាំងចាប់យកវត្ថុតាងបានរួមមាន:ម៉ូតូ ចំនួន០១គ្រឿងនិងទូរស័ព្ទចំនួន០២គ្រឿង។ចំណែកក្មេងទំនើងម្នាក់ទៀត ត្រូវបានកម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការល្បាតតាមបណ្ដាភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងនាំខ្លួនជនសង្ស័យ មានឈ្មោះ យន់ វុទ្ធី ភេទប្រុស អាយ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ០០:០៤នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៦ នៅចំណុចភូមិគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ និងចាប់យកវត្ថុតាងបានរួមមាន: ម៉ូតូចំនួន០១គ្រឿងនិងទូរស័ព្ទ ចំនួន០១គ្រឿងថែមទៀត។

បច្ចុប្បន្នក្រុម​ក្មេង​ទំនើង​ទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានយកមកអប់រំធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្កភាពអនាធិបតេយ្យក្នុងសង្គម ដោយបានដកហូតម៉ូតូ យកមករក្សាទុករយៈពេល០៣ខែនៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

To Top