ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាជួយសម្រួលគ្រប់ដំណើរការវិនិយោគ ដើម្បីភាពជោគជ័យសម្រាប់វិនិយោគិន

ភ្នំពេញ ៖ តាមរយៈវេទិកាធុរកិច្ច កម្ពុជា-តួកគីយ៉េ, រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាជួយសម្រួលគ្រប់ដំណើរការវិនិយោគ តាមរយៈយន្ដការគាំទ្រដ៏រឹងមាំ និងតម្រង់ទិស ដើម្បីភាពជោគជ័យសម្រាប់វិនិយោគិននៅកម្ពុជា។

នេះជាការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ នារសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នៅសាធារណរដ្ឋតួកគីយ៉េ។ វេទិកានេះ មានការចូលរួមពីតំណាងក្រុមហ៊ុននៃប្រទេសតួកគីយ៉េ និងកម្ពុជា សរុបចំនួន ៦៦ ក្រុមហ៊ុន។

វេទិកានេះ ក៏ជាឱកាសដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងធុរកិច្ច និងស្វែងរកដៃគូសហការថ្មីៗរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

តាមរយៈវេទិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏អញ្ជើញវិនិយោគិនតួកគីយ៉េ មកចាប់យកកាលានុវត្តភាពដ៏សម្បូរបែប នៃទីផ្សារប្រកបដោយជីវភាពរបស់កម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងឆាប់។

សម្តេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជួយសម្រួលដល់គ្រប់ដំណើរការវិនិយោគ តាមរយៈយន្ដការគាំទ្រដ៏រឹងមាំ និងការតម្រង់ទិស ដើម្បីធានាបាននូវបទពិសោធន៍ដ៏រលូន និងប្រកបដោយភាពជោគជ័យសម្រាប់វិនិយោគិន»៕

To Top