អ្នកនាំពាក្យ ៖ ដំណើរទស្សនកិច្ចដ៏វែងឆ្ងាយរបស់សម្តេចធិបតី នៅ៣ប្រទេស ដើម្បីពង្រឹងមិត្តភាព និងកិច្ចប្រតិបត្តិការ
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថាក្នុងដំណើរទស្សនកិច្ចដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅប្រទេស៣ជាបន្តបន្ទាប់ ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង៣ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀត។
ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អមដោយលោកជំទាវបណ្ឌិតនិងគណៈប្រតិភូជាន់ខ្ពស់កំពុងបន្តដំណើរទស្សនកិច្ចផ្លូវការនៅក្នុងសាធារណរដ្ឋកាហ្សាក់ស្ថានដែលជាប្រទេសចុងក្រោយ បន្ទាប់ពីអាស៊ែបៃហ្សង់ និងតួកគីយ៉េ និងបន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅទីក្រុងបាគូ នៃប្រទេសអាស៊ែបៃហ្សង់។
លោកបន្តថា ដំណើរទស្សនកិច្ចដ៏វែងនេះ គឺដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំង៣ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏ស្វះស្វែងរកការទាក់ទាញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។
អ្នកនាំពាក្យបន្ថែមថា ជាក់ស្តែង ក្នុងវេទិកាធុរកិច្ចរវាងកម្ពុជានិងបណ្តាប្រទេសទាំងនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបង្ហាញពីអត្ថប្រយោជន៍ជាក់ស្តែងដែលកម្ពុជាផ្តល់ជូនវិនិយោគិនដូចជាកម្លាំងពលកម្មប្រកបដោយថាមវន្ត, បរិយាកាសធុរកិច្ចមានអំណោយផលនិងការលើកទឹកចិត្ត, ការគាំទ្រដ៏រឹងមាំពីសំណាក់រាជរដ្ឋាភិបាល,ទីតាំងយុទ្ធសាស្ត្រនិងការតភ្ជាប់, ការទទួលបានទីផ្សារក្នុងតំបន់និងសកល, ចីរភាពថាមពល និងកំណើនបៃតង ជាដើម។ សម្តេចធិបតីក៏បានអញ្ជើញវិនិយោគិនទាំងនោះឱ្យចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅកម្ពុជា។
បើតាមលោកប៉ែន បូណា សម្តេចធិបតីក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតី អ៊ូសបេគីស្ថាន គៀហ្ស៊ីស៊ីស្ថាន និងអ៊ីស្រាអែល ជាដើម ព្រមទាំងបានជួបផ្លាស់ប្តូរយោបល់ជាមួយឥស្សរជន ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួនទៀត នៅក្រៅកិច្ចប្រជុំកំពូល ដើម្បីបញ្ជាក់ពីការរឹតចំណងការទូត និងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំឡើងថែមទៀត៕
