Feature

វិបត្តិនៅច្រកសមុទ្រ Hormuz ធ្វើឱ្យនាវិក ៦.០០០នាក់ជាប់គាំង ខណៈការវាយប្រហារលើកប៉ាល់កើនឡើងខ្លាំង នេះបើតាមការបញ្ជាក់របស់ប្រធានស្ថាប័នដែនសមុទ្រអ.ស.ប

បរទេស៖ ប្រធានអង្គការដែនសមុទ្រអន្តរជាតិ (IMO) នៃអង្គការសហប្រជាជាតិ លោក Arsenio Dominguez បានចេញការព្រមានកាលពីថ្ងៃអាទិត្យថា នាវិកប្រមាណ ៦.០០០នាក់ កំពុងបន្តជាប់គាំងនៅក្បែរច្រកសមុទ្រ Hormuz ចំពេលដែលមានការកើនឡើងនូវការវាយប្រហារទៅលើកប៉ាល់ពាណិជ្ជកម្ម។ ការព្រមាននេះធ្វើឡើងស្របពេលដែលប្រទេសអ៊ីរ៉ង់ បានចោទប្រកាន់យោធាអាមេរិកថាបានប្រើប្រាស់ប្រេកង់វិទ្យុទាក់ទងគ្រោះអាសន្នអន្តរជាតិ ដើម្បីគំរាមកំហែងដល់នាវិកស៊ីវិលរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន FoxNews ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ។

​យោងតាមសារព័ត៌មាន Financial Times នាវាចំនួន ២៤ គ្រឿងត្រូវបានរងការវាយប្រហារនៅក្នុងតំបន់ផ្លូវទឹកដ៏សំខាន់នេះ ក្នុងរយៈពេលប្រមាណត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ ដែលនេះបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើងៗអំពីសុវត្ថិភាពដែនសមុទ្រក្នុងតំបន់។

លោក Arsenio Dominguez បានប្រាប់សារព័ត៌មាន Fox News ថា ស្ថានភាពពាណិជ្ជកម្មដែនសមុទ្រអន្តរជាតិបច្ចុប្បន្ន កំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ និងប្រកាសអាសន្ន ដោយកប៉ាល់ជាច្រើនត្រូវបានវាយប្រហារ ជាពិសេសក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

លោកបានសង្កត់ធ្ងន់ថា មាននាវិកមួយចំនួនបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារទាំងនោះ ហើយនាវិកប្រហែល ៦.០០០នាក់ កំពុងបន្តជាប់គាំងតាំងពីជម្លោះបានចាប់ផ្តើម។ លោកបានផ្តល់សារដាស់តឿនយ៉ាងច្បាស់ថា មិនគួរមានការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតនាវិកឡើយ “រហូតទាល់តែមានការធានាសុវត្ថិភាពពេញលេញ”។

 នៅក្នុងលិខិតមួយចុះថ្ងៃទី៩ ខែតុលា ផ្ញើទៅកាន់ IMO អ៊ីរ៉ង់បានចោទប្រកាន់ថា កងកម្លាំងយោធាអាមេរិកដែលប្រតិបត្តិការនៅឈូងសមុទ្រពែក្ស បានប្រើប្រាស់ប្រេកង់ VHF Channel 16 (ដែលជាប្រេកង់សម្រាប់តែសុវត្ថិភាព និងការហៅសង្គ្រោះបន្ទាន់លើផ្ទៃសមុទ្រអន្តរជាតិ) ជាញឹកញាប់ ដើម្បីផ្ញើសារគំរាមកំហែង និងប្រើពាក្យសម្តីប្រមាថជាភាសាពែក្ស (Persian) ទៅកាន់នាវិកអ៊ីរ៉ង់។

​ជារួម ព្រឹត្តិការណ៍នេះបង្ហាញពីភាពតានតឹងដែលកំពុងបន្តកើនឡើងខ្លាំងនៅក្នុងតំបន់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយសម្រាប់សេដ្ឋកិច្ចពិភពលោក។

​

ប្រែសម្រួល៖ គីរី 

To Top