Feature

លោក សុខ សូកេន ចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន២០,៧៥៥នាក់ ក្នុងស្រុករមាសហែក ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៩៣៧នាក់

ស្វាយរៀង៖ លោក សុខ សូកេនរ ដ្ឋមន្ត្រីក្រសួងអធិការកិច្ចអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកព្រមទាំងលោកស្រី ចម ក្រស្នា បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន២០,៧៥៥នាក់ ក្នុងស្រុករមាសហែក ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៩៣៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិតម៉ែនសំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ថ្នាក់ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត និងអាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅវិទ្យាល័យរមាសហែក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។

ក្នុងឱកាសនោះរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក។

ជាមួយគ្នានេះ លោក ក៏បានជម្រាបជូនអំពីលទ្ធផលជោគជ័យខ្ពស់នៃទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនោះឯកលោកបានវាយតម្លៃខ្ពស់ ចំពោះបេសកកម្មមនុស្សធម៌យ៉ាងសកម្មរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ានី ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនចុះមកជួយសង្គ្រោះ និងពិនិត្យសុខភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានស្រុករមាសហែក។

ជាកិច្ចបញ្ចប់ លោក បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ ដោយបានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងត្រៀមខ្លួនចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបាននូវការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត៕

To Top