លោក ស សុខា ៖ បើមានអ្នកណាបន្លំ ជាសមត្ថកិច្ចទៅចាប់ពលរដ្ឋ គឺជាបទល្មើសព្រហ្មទណ្ឌ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ក្នុងករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈ ឬបណ្ណសម្គាល់ខ្លួន គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ ឬក្លែងឯកសណ្ឋានសមត្ថកិច្ច ទៅចាប់ប្រជាពលរដ្ឋ គឺជាបទល្មើសព្រហ្មទណ្ឌ ។

ការលើកឡើងបែបលក្ខណៈជាសារចេញព្រមានរបស់រដ្ឋមន្រ្តីមហាផ្ទៃនេះបានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ក៏ព្រោះនៅតែករណីមានជនស៊ីវិលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈ ឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច គ្រងឯកសណ្ឋានសមត្ថកិច្ចខុសច្បាប់ ឬក្លែងឯកសណ្ឋានសមត្ថកិច្ច ទៅធ្វើសកម្មភាពឃាត់សាកសួរ ឆែកឆេរ សំឡុតគំរាមកំហែង ឬចាប់នាំខ្លួនពលរដ្ឋដោយខុសច្បាប់ដើម្បីទាញប្រយោជន៍ពីពលរដ្ឋនោះ ។ ចំណុចទាំងនេះ រដ្ឋមន្រ្តីសង្កត់ធ្ងន់ថា គឺជាបទល្មើសព្រហ្មទណ្ឌ។
ក្នុងករណីនេះ រដ្ឋមន្រ្តីស្នើឱ្យអាជ្ញាធរ សមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ត្រូវចាត់ការជំនាញ នីតិវិធី ស៊ើបអង្កេតស្រាវជ្រាវ កំណត់មុខសញ្ញា និងចាប់ខ្លួនបុគ្គលល្មើសទាំងនោះ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត ។

លោករដ្ឋមន្រ្តីបន្ថែមថា ដោយឡែកពីនេះ ប្រសិនបើមន្ត្រីចំណុះក្រសួងមហាផ្ទៃ ដោយគ្មានភារកិច្ច ប្រព្រឹត្តផ្ទុយពីច្បាប់ ទៅឃាត់ពលរដ្ឋស្លូតត្រង់ សាកសួរ ឆែកឆេរ សំឡុត គំរាមកំហែង ចាប់ នាំខ្លួន ទោះយកទៅកន្លែងណា ក៏ដោយ ដើម្បីដាក់កំហិត បង្ខិតបង្ខំ បំភ័យឱ្យខ្លាច ទាមទារឱ្យពលរដ្ឋ នោះផ្ដល់ផលប្រយោជន៍ណាមួយ ដល់ខ្លួន ឬក្រុមខ្លួន ជាពិសេសក្នុងទម្រង់«ធ្វើស៊ី»ជាដើមនោះ ទាំងនេះ គឺជាសកម្មភាពល្មើសវិន័យ និងជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវអនុវត្តច្បាប់ មិនលើកលែង ។ ពោលគឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ និងជាពិសេសត្រូវកសាងសំណុំរឿង ពន្លាតការស៊ើបអង្កេត ដោយបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយ ចាត់ការបន្តដោយគ្មានការលើកលែង ឬយោគយល់ឡើយ៕


