Feature

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី បើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ និងទិវាដឹងគុណគ្រូបង្រៀន

កំពង់ចាម ៖  អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ និងទិវាដឹងគុណគ្រូបង្រៀន ដែលពិធីនេះ ធ្វើឡើងនៅក្នុងបរិវេណ វិទ្យាល័យ ព្រះសីហនុ ក្នុងក្រុងកំពង់ចាម ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់ផងដែរ ។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានរៀបចំពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០២៦-២០២៧ និងទិវាដឹងគុណគ្រូបង្រៀន ដើម្បីប្រាប់ព័ត៌មានដល់ក្មួយៗសិស្សានុសិស្ស មាតាបិតា ឬអាណាព្យាបាលសិស្សថា ឆ្នាំសិក្សាថ្មី២០២៦-២០២៧ បានមកដល់ហើយ។

លោកអភិបាលខេត្តបានបន្តថា ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលក្នុងសាលារៀនដែលមានគ្រូបង្រៀន “គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ”។ ប៉ុន្តែក៏ត្រូវមានកិច្ចសហការពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ មហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

គ្រួសារត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់ទិសកូនចៅឱ្យដើរទៅតាមផ្លូវត្រូវ។ ទន្ទឹមនឹងនេះ យើងក៏ត្រូវទទួលស្គាល់ផងដែរថាៈ ការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារក៏ជាកត្តាដែលបង្កើតឱ្យមានការប្រព្រឹត្តនូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខផ្សេងៗ។ ដូច្នេះ មាតាបិតា ឬអាណាព្យាបាល ត្រូវជួយគ្រប់គ្រងអប់រំកូនចៅឱ្យពួកគេស្ថិតនៅក្នុងសាលារៀន ស្ថិតក្នុងលំនៅឋាន ស្ថិតក្នុងរង្វង់នៃការកម្សាន្ដជាមួយគ្រួសារ មិត្តភ័ក្រ្តត្រឹមត្រូវ មានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ ដើម្បីក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ដែលមានចំណេះដឹងទូទៅយ៉ាងទូលំទូលាយ និងមានការអភិវឌ្ឍវិជ្ជាជីវៈជាមូលដ្ឋានសំខាន់បំផុតសម្រាប់ឈោងទៅរកអនាគតត្រចះត្រចង់។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top