រកឃើញហ្វូស៊ីសឈើធំៗ ៣ទីតាំងថែមទៀត នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង ៖ ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន បានចុះពិនិត្យវឌ្ឍនភាពការងារ កំណាយស្រាវជ្រាវហ្វូស៊ីលឈើបុរាណ មានអាយុកាលប្រមាណចាប់ពី ១០ម៉ឺនឆ្នាំ ទៅដល់ ២លានឆ្នាំមុន ស្ថិតនៅក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងប្រជាពលរដ្ឋប្រមាណ ៤០នាក់ នាថ្ងៃទី២៧ តុលា។

លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យនៃនាយកដ្ឋាន បេតិកភណ្ឌធម្មជាតិ នៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន បានឱ្យដឹងថា ផ្អែកលើរបាយការណ៍បច្ចេកទេស វឌ្ឍនភាពនៃការកំណាយស្រាវជ្រាវនៅក្នុងរណ្ដៅសំខាន់ៗទាំង ៣ បានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់ ដូចខាងក្រោម៖
រណ្ដៅទី១៖ ជាហ្វូស៊ីលដើមឈើដែលមានប្រវែងរហូតដល់ ៤០ម៉ែត្រ និងមានទំហំមុខកាត់ ១.៥០ម៉ែត្រ ចំណែកឯផ្នែកគល់វិញ មានទំហំមុខកាត់ធំអស្ចារ្យរហូតដល់ ៤ម៉ែត្រ។

រណ្ដៅទី២៖ ជាហ្វូស៊ីលឈើផ្នែកគល់ និងផ្នែកផ្សេងៗទៀត ដែលបច្ចុប្បន្នក្រុមការងារកំពុងបន្តសិក្សា និងមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ។
រណ្ដៅទី៣៖ ជាហ្វូស៊ីលដើមឈើដែលមានប្រវែងប្រមាណ ១០ម៉ែត្រ និងមានទំហំមុខកាត់ ១.check ៥ម៉ែត្រ។
ជាទិសដៅការងារបន្ត ក្រសួងបរិស្ថានបានគ្រោងនឹងបន្តសកម្មភាពកំណាយស្រាវជ្រាវយ៉ាងសកម្មបន្ថែមទៀតនៅក្នុងឆ្នាំ២០២៧ ខាងមុខ ដើម្បីប្រមូលទិន្នន័យ និងផ្ទៀងផ្ទាត់វត្ថុតាងប្រវត្តិសាស្ត្រនានា សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការអភិវឌ្ឍជាគោលដៅលម្ហែបៃតង សម្រាប់ទាញទេសចរ សម្រាប់តំបន់ទេសចរណ៍ធម្មជាតិ-ប្រវត្តិសាស្ត្រទៅថ្ងៃអនាគត៕


