ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ៖ បើអាចជៀសពីការសម្លាប់គ្នា ដើម្បីការពារទឹកដី ត្រូវតែធ្វើ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំ បើអាចជៀសពីការធ្វើសង្គ្រាម ដើម្បីការពារបូរណភាពទឹកដី ត្រូវតែធ្វើ ដើម្បីអាយុជីវិតប្រជាពលរដ្ឋ ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា សម្តេចតែងតែយកអាយុជីវិត ប្រជាពលរដ្ឋជាធំ ដោយមិនចង់ឃើញ មានការបង្ហូរឈាមនោះទេ ។

ដូច្នេះសម្តេចធិបតីបញ្ជាក់ថា “ក្នុងនាមជាមេដឹកនាំ បើយើងអាចជៀសបានពីការសម្លាប់គ្នាដើម្បីការពារទឹកដីយើងដូចគ្នាទេ មិនបានបោះបង់ទឹកដីទេ យើងត្រូវតែធ្វើ ។ ការចង់បានឆាប់ៗឱ្យចប់ បើធ្វើបានគឺល្អ តែបើសិនជាបានឆាប់តែអត់ចប់ ហើយយូរតិចតែវាចប់សុខចិត្តយូរតិចចុះ ប៉ុន្តែឱ្យវាចប់ ឱ្យវាស្ងប់ ឱ្យវាចប់តែម្តងទៅ ។ កុំចប់ឡើងវិញ កុំចប់ឡើងវិញ” ។

សម្តេចធិបតីបន្តថា ការចរចាបញ្ចប់សង្គ្រាមដើម្បីបង្ការកុំឱ្យផ្ទុះឡើងវិញ ទើបរាជរដ្ឋាភិបាលខ្នះខ្នែងស្វែងរកចរចាដោយសន្តិវិធីនៅគ្រប់ច្រកល្ហក់ទាំងអស់ ដើម្បីសេចក្តីប្រជាពលរដ្ឋ ។ សម្តេចធិបតីសង្កត់ធ្ងន់ទៀតថា ដោយគ្មានយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមនោះទេ ។
ជាមួយនឹងការធ្វើសង្គ្រាម រវាងប្រទេសមួយនឹងប្រទេសមួយទៀតនេះ សម្តេចធិបតី ក៏បានលើកឡើងជាក់ស្តែង ពីប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ដែលបានធ្វើជាសង្រ្គាមជាមួយគ្នាអូសបន្លាយ រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង៤ឆ្នាំហើយ នៅតែមិនទាន់បញ្ចប់នៅឡើយ ។ ដូច្នេះសម្រាប់កម្ពុជាវិញ ដែលជ្រើសរើសយកការចរចាដោយសន្តិវិធីតាមផ្លូវច្បាប់អន្តរជាតិ គឺជារឿងត្រឹមត្រូវ ហើយចង់អ្នកណារិះគន់ថា មិនហ៊ានតបតទៅវិញ តាមរយៈការប្រើកម្លាំងនោះអ្នកណាថាអីក៏ថាទៅ ប៉ុន្តែបំណងធំរបស់កម្ពុជា ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ ព្រោះជីវិតរបស់ពួកគាត់មានតម្លៃ៕

To Top