សាកលវិទ្យាល័យ ព្រះពុទ្ធសាសនារបស់កូរ៉េ ចង់បង្កើនកិច្ចសហការជាមួយកម្ពុជា
ភ្នំពេញ ៖ លោក Yun Jae-woong សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Dongguk University នៅសាកលវិទ្យាល័យ Dongguk ក្នុងទីក្រុងសេអ៊ូល ដែលជាសាកលវិទ្យាល័យព្រះពុទ្ធសាសនារបស់សាធារណរដ្ឋកូរ៉េ បានបង្ហាញពីគោលបំណង ចង់បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា។

ការបង្ហាញពីបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការរបស់លោក Yun Jae-woong នេះ ក្នុងជំនួបជាមួយលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ។
លោក Yun សាកលវិទ្យាធិការ មានប្រសាសន៍ថា សាកលវិទ្យាល័យ Dongguk ជាសាកលវិទ្យាល័យព្រះពុទ្ធសាសនា ហើយក៏ចង់បង្កើនកិច្ចសហការជាមួយបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនាក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសប្រទេសកម្ពុជា។ លោកសាកលវិទ្យាធិការ សង្ឃឹមថានឹងអាចមានគម្រោងសហប្រតិបត្តិការបន្ថែមផ្សេងទៀតជាមួយប្រទេសកម្ពុជា ។

ក្នុងឱកាសនៃជំនួបនោះដែរ ឯកអគ្គរាជទូត បានអបអរសាទរចំពោះសមិទ្ធិផលថ្មីៗនៃគណៈគ្រប់គ្រងសាកលវិទ្យាល័យ ដែលទើបសម្រេចបានក្នុងដំណើរទស្សនកិច្ច ទៅកម្ពុជា កាលពីខែកញ្ញាកន្លងទៅ ពោលគឺការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើគម្រោង «ការលើកកម្ពស់ចំណេះដឹងសុវត្ថិភាពចរាចរណ៍ដល់កុមារ និងការបង្កើតសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមិនប៉ះពាល់បរិស្ថាន ដោយប្រើបញ្ញាសិប្បនិម្មិត (AI)» ។
លោក ឃួន ផុនរតនៈ លើកឡើងថា គម្រោងនេះ ពិតជាមានសារៈសំខាន់ និងចាំបាច់សម្រាប់កម្ពុជាក្នុងការជួយកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហើយក៏ជាគម្រោងមួយដែលអាចជំរុញដល់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងកម្ពុជា និងសាកលវិទ្យាល័យ Dongguk ផងដែរ ៕




