Feature

ប្រពៃណីផ្សារភ្ជាប់ជាមួយពលរដ្ឋ ជាគុណធម៌ របស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ប្រពៃណីផ្សារភ្ជាប់ជាមួយប្រជា គឺជាគុណធម៌ និងជាអត្តសញ្ញាណ របស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ។

ក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ លោក ប៉ែន បូណា បញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះជួបសួរសុខទុក្ខ និងជួយសង្គ្រោះ ក៏ដូចជាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅពេលដែលពួកគេជួបការលំបាក ឬជួបគ្រោះអាសន្នណាមួយជាយថាហេតុ។

លោកថា “ប្រពៃណីផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខនិងបម្រើប្រជាពលរដ្ឋ គឺជាគុណធម៌ និងជាអត្តសញ្ញាណរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាដែលបន្តពីជំនាន់មួយទៅជំនាន់មួយដោយឥតប្រែប្រួលឡើយ ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាធ្លាប់បានពិពណ៌នាសកម្មភាពរបស់សម្តេចធិបតីចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ពោលគឺទីណាពលរដ្ឋមានទុក្ខ មានមុខសម្តេចតេជោ-ធិបតី និងមន្ត្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចាំជួយពលរដ្ឋជានិច្ច” ។

អ្នកនាំពាក្យបន្ថែមថា ក្រៅពីចុះជួបនិង ជួយប្រជាពលរដ្ឋដោយផ្ទាល់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏តែងតែដាក់ចេញគោលនយោបាយ ជួយសម្រាលបន្ទុកប្រជាពលរដ្ឋ នៅពេលដែលពួកគេជួបការលំបាក។ ជាក់ស្តែង សម្តេចទើបតែបានសម្រេចដាក់ ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលទទួលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ ៕

To Top