Feature

លោក ផាង វី ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំទ្រា បានអំពាវនាវយ៉ាងទទូច ដល់អាណាព្យាបាលទាំងអស់ មិនត្រូវយកហេតុផល ណាមួយមកធ្វើជាឧបសគ្គ ក្នុងការកាត់ផ្ដាច់ការសិក្សារបស់កូនៗឡើយ

កំពង់ធំ ៖ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវ យ៉ាងទទូចដល់អាណាព្យាបាលទាំងអស់ មិនត្រូវយកហេតុផលណាមួយ មកធ្វើជាឧបសគ្គក្នុង ការកាត់ផ្ដាច់ការសិក្សារបស់កូនៗឡើយ ។

លោកបានធ្វើការជុំវិញនេះក្នុងពិធីបើកបវេសនកាលឆ្នាំថ្មី ឆ្នាំសិក្សា ២០២៦ ២០២៧ នៅវិទ្យាល័យរស្មីសោភ័ណ កាលពីព្រឹកថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ២០២៦។

លោកបានសង្កត់ធ្ងន់ថា អាណាព្យាបាលត្រូវបន្តជំរុញ និងគាំទ្រពួកគាត់ឱ្យបានបន្តការ សិក្សារហូតដល់ចប់ កម្រិតមហាវិទ្យាល័យ ឬជំនាញវិជ្ជាជីវៈជាក់លាក់ណាមួយ ឱ្យអស់ពីលទ្ធភាពដើម្បីអនាគតភ្លឺស្វាង។
លោក ផាង វី បានគូសបញ្ជាក់យ៉ាងមុតមាំថា មានតែចំណេះវិជ្ជាពិតប្រាកដមួយប៉ុណ្ណោះ ដែលជាកូនសោរ និងជាត្រីវិស័យដ៏មានតម្លៃក្នុងការនាំមកនូវភាពរុងរឿងដល់ខ្លួនឯង គ្រួសារ សហគមន៍ ក៏ដូចជាប្រទេសជាតិទាំងមូល ក្នុងយុគសម័យឌីជីថល និងពិភពលោកទំនើបនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ លោកប្រធានក្រុមការងារ បានផ្ដាំផ្ញើ និងណែនាំដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀន សូត្រឱ្យអស់ពីលទ្ធភាព ទាំងនៅគេហដ្ឋាន និងក្នុងសាលារៀន ជាពិសេសត្រូវចេះទាញ យកផលចំណេញពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបឌីជីថល មកបម្រើឱ្យការសិក្សាស្រាវជ្រាវក្នុងផ្លូវវិជ្ជមាន និងការអភិវឌ្ឍខ្លួន។

លើសពីនេះលោកបានថ្លែងអំណរគុណ និងផ្ដល់ការកោតសរសើរយ៉ាងខ្ពស់ចំពោះ លោកនាយក លោកគ្រូ-អ្នកគ្រូទាំងអស់ នៅវិទ្យាល័យរស្មីសោភ័ណ ដែលបានលះបង់កម្លាំង កាយចិត្តក្នុងការអប់រំទូន្មាន និងបណ្ដុះបណ្ដាលសិស្សានុសិស្ស រហូតទទួលបានលទ្ធផលសិក្សាល្អប្រសើរកន្លងមក និងបានជំរុញឱ្យបន្តរក្សាស្មារតីនិងនិរន្តរភាពនេះបន្តទៀត។

ទន្ទឹមនឹងនេះ លោកក៏បានក្រើនរំលឹកដល់យុវជន និងសិស្សានុសិស្សទាំងអស់ ត្រូវចេះរស់នៅក្នុងភាពស្អាតស្អំ ដោយត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន សកម្មភាពក្មេងទំនើង អំពើអាណាធិបតេយ្យផ្សេងៗ និងអំពើអបាយមុខគ្រប់រូបភាព ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីដ៏មានតម្លៃសម្រាប់សង្គមជាតិ។

សូមបញ្ជាក់ថា វិទ្យាល័យរស្មីសោភ័ណ មានគ្រូសរុប ៦២នាក់ សិស្សសរុប ២,៥៣០នាក់ ផ្នែកបឋមភូមិចំនួន១៩ថ្នាក់ និងផ្នែកទុតិយភូមិមាន២៣ថ្នាក់ ហើយក្នុងឱកាសនោះដែរ លោកផាង វី បានឧបត្ថម្ភថវិកាចំនួន៥លានរៀល សម្រាប់ដំណើរការបវេសនកាល ព្រមទាំងឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូចំនួន៦២នាក់ ក្នុងម្នាក់ៗចំនួន ៥ម៉ឺនរៀលផងដែរ៕ដោយសំនៀង

To Top