រដ្ឋមន្រ្តីការបរទេសខ្មែរ-ចិន នឹងពិភាក្សាពង្រឹង បន្ថែមលើទំនាក់ទំនង
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានិងចិន នឹងមានគម្រោងជួបពិភាក្សាគ្នាបន្ថែមទៀត លើការពង្រឹងទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការ រវាងប្រទេសទាំងពីរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះបានឱ្យដឹងថា គម្រោងនៃកិច្ចជំនួបរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតនេះ ក្នុងឱកាសរដ្ឋមន្រ្តីការបរទេសខ្មែរ អញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស មេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន តបតាមការអញ្ជើញរបស់ លោក វ៉ាង យី ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
ក្នុងអំឡុងពេលកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព នៃការអនុវត្តផែនការ សកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) ព្រមទាំង ផ្លាស់ប្តូរទស្សនៈលើទិសដៅ និងអាទិភាព នាពេលអនាគត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ ពិនិត្យលទ្ធភាពបន្ថែមទៀត ដើម្បីពង្រឹង នូវចំណងមិត្តភាព សាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តា ប្រទេសសមាជិកមេគង្គ-ឡានឆាង។ កិច្ចពិភាក្សា នឹងផ្តោតលើការជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាព និង ការលើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។
ស្របពេលជាមួយកិច្ចប្រជុំខាងលើ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងជួបពិភាក្សា ទ្វេភាគីជាមួយ លោក វ៉ាង យី ដើម្បីពិភាក្សាអំពីវិធីក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម៕
