Feature

លោក ឃួន ផុនរតនៈ ស្វាគមន៍មន្ទីរពេទ្យ Grand Eye ចង់បង្កើតកិច្ចប្រតិបត្តិការ ផ្តល់សេវាពិនិត្យភ្នែកដល់ពលរដ្ឋខ្មែរ

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោកឃួន ផុនរតនៈ ស្វាគមន៍មន្ទីរពេទ្យ Grand Eye របស់សាធារណរដ្ឋកូរ៉េដែលបង្ហាញពីបំណងចង់បង្កើត កិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជា ដើម្បីផ្តល់សេវាសុខភាពភ្នែក ដល់ពលរដ្ឋខ្មែរនៅកូរ៉េ ។

ក្នុងឱកាសលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េអនុញ្ញាតឱ្យចូកលជួបសម្តែងការគួរសម នៅស្ថានទូតកម្ពុជាប្រចាំកូរ៉េ លោកវេជ្ជបណ្ឌិត Lee Young Seop នាយកប្រតិបត្តិនៃមន្ទីរពេទ្យ Grand Eye បញ្ជាក់ថា មន្ទីរពេទ្យ Grand Eye គឺជាមន្ទីរពេទ្យឯកទេសផ្នែកភ្នែក ផ្តល់សេវាពិនិត្យសុខភាព និងព្យាបាលជំងឺភ្នែក ដូចជា ៖ ភ្នែកឡើងបាយ ជំងឺបាតភ្នែក ជំងឺដក់ទឹកក្នុងភ្នែក និងមានវះកាត់បញ្ហាភ្នែកគ្រប់ប្រភេទ ផងដែរ។

ក្នុងឱកាសនៃជំនួប លោកវេជ្ជបណ្ឌិត Lee បានបង្ហាញអំពីបំណងចង់បង្កើត កិច្ចសហប្រតិបត្តិការជាមួយស្ថានទូត ក្នុងការចូលរួមចំណែកសម្រាលបន្ទុកបញ្ហាភ្នែក របស់ប្រជាពលរដ្ឋ សហគមន៍ខ្មែរនៅកូរ៉េ ដោយពិនិត្យភ្នែកជូន ដោយឥតគិតថ្លៃ និងមានផ្តល់ ជូនអ្នកបកប្រែសម្រាប់ប្រជាជនកម្ពុជា ដែលមានបញ្ហារបាំងភាសា។

ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាមួយស្ថានទូត និងបានស្នើមន្ទីរពេទ្យពិនិត្យលទ្ធភាពក្នុងការចូលរួមសកម្មភាពធំៗ របស់ស្ថានទូត ដើម្បីពិនិត្យភ្នែកជូនសហគមន៍ខ្មែរនៅកូរ៉េ និងពិនិត្យលទ្ធភាពបង្កើត សកម្មភាពមនុស្សធម៌ ដោយដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទៅពិនិត្យព្យាបាលភ្នែកនៅទីជនបទ ក្នុងប្រទេសកម្ពុជា៕

To Top