រដ្ឋមន្រ្តីសាធារណការ បើកសិក្ខាសាលាស្តីពី បញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុ លើហេដ្ឋារចនាសម្ព័ន្ធភូគព្ភសាស្រ្តនៅកម្ពុជា
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «បញ្ហាប្រឈមពីការប្រែប្រួល អាកាសធាតុលើហេដ្ឋារចនា សម្ព័ន្ធភូគព្ភសាស្រ្តនៅកម្ពុជា»។

សិក្ខាសាលានេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការរាជធានី-ខេត្ត វាគ្មិនកិតិ្តយស និងមន្ត្រីរាជការជាច្រើនរូបទៀត នាព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយបង្កើនចំណេះដឹង និងពង្រឹង សមត្ថភាព ការយល់ដឹងអំពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុលើហេដ្ឋារចនាសម្ព័ន្ធភូគព្ភសាស្ត្រ ចែករំលែកផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងបច្ចេកទេសក្នុងការគ្រប់គ្រងហានិភ័យ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមកពីតាមមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥រាជធានី-ខេត្ត។

លើសពីនេះ សិក្ខាសាលាក៏បានពិភាក្សាស្វែងរកដំណោះស្រាយ និងវិធានការបន្សំ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងជំរុញការរៀបចំផែនការ រចនា សាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពធន់ សុវត្ថិភាព និងសមស្របទៅនឹងស្ថានភាពអាកាសធាតុដែលកំពុងប្រែប្រួល។
ក្រសួង បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធលូ និងសំណង់ពាក់ព័ន្ធវិស័យដឹកជញ្ជូន ងាយរងគ្រោះនឹងការ ប្រែប្រួលអាកាសធាតុ ។ ដូច្នេះ ការធានាបាននូវសុវត្ថិភាព គុណភាព ភាពធន់ និងចីរភាពរបស់ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ត្រូវបញ្ចូលកត្តាប្រែប្រួល អាកាសធាតុ និងការវាយតម្លៃហានិភ័យភូគព្ភសាស្ត្រ ទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

