Feature

បញ្ចប់ប្រតិបត្តិការប្រមាញ់ ជនសង្ស័យ ១០នាក់​ ត្រូវបញ្ជូនទៅតុលាការ ករណីបាញ់​ បោកគ្រាប់បែកនៅប៉ោយប៉ែត

បន្ទាយមានជ័យ ៖ សមត្ថកិច្ចបានបញ្ចប់ប្រតិបត្តិការ តាមប្រមាញ់ឆ្លងខេត្តដ៏ក្តៅគគុក ដោយបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យសរុប ១០នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ដើម្បីចាត់ការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ក្រោមបទចោទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់គ្រឿងផ្ទុះខុសច្បាប់ ។

ប្រតិបត្តិការបំបែកសំណុំរឿងនេះ បានចាប់ផ្តើមឡើងភ្លាមៗ បន្ទាប់ពីមានករណីហឹង្សាដោយអាវុធ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្លូវចូលទីក្រុងមាស ភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ដែលក្រុមជនល្មើសបានបាញ់អាវុធខ្លី ២គ្រាប់ និងបោកគ្រាប់បែក ១គ្រាប់ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ។ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនបានជនសង្ស័យ ២នាក់ រួចឈានទៅបើកការស្រាវជ្រាវទ្រង់ទ្រាយធំ ក្រោមការបញ្ជាផ្ទាល់ពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងស្នងការដ្ឋានខេត្តជាច្រើនទៀត។

ជាលទ្ធផលនៃការតាមប្រមាញ់យ៉ាងស្វិតស្វាញ សមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យ ៨នាក់បន្ថែមទៀតជាបន្តបន្ទាប់ រហូតដល់រាជធានីភ្នំពេញ និងតាមបណ្តាខេត្ត រួមមានជនដៃដល់អ្នកបាញ់អាវុធខ្លី អ្នកបោកគ្រាប់បែក និងបក្ខពួកកាន់អាវុធ។ ក្រោយការសាកសួរ និងទទួលបានចម្លើយសារភាពពីបទល្មើសស្តែងៗនេះ នគរបាលបានរៀបចំសំណុំរឿងផ្លូវការ បញ្ជូនក្រុមជនសង្ស័យទាំងអស់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top