អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចាន់ថ្នាល
កំពង់ស្ពឺ ÷ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកស្រី គា សុខភូ អភិបាលរងខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចាន់ថ្នាល ដែលស្ថិតនៅក្នុងឃុំក្រាំងចេក ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួម ពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ២,០០០នាក់។

ក្រោយពីបានអានសារលិខិត របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សិស្សានុសិស្សរួចមក។
មានប្រសាសន៍នាឱកាសនោះ លោកស្រី គា សុខភូ បានផ្ដាំផ្ញើ និងណែនាំដល់គណៈគ្រប់គ្រងសាលាឱ្យបន្តរក្សា និងពង្រឹងកិច្ចសហការ ទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី ក៏ដូចជាសប្បុរសជននានា ដើម្បីចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ក្នុងសាលារៀន ឱ្យកាន់តែរីកចម្រើន និងមានភាពទំនើបកម្មបន្ថែមទៀត ។

ទន្ទឹមនឹងនេះ លោកស្រី ក៏បានសំណូមពរយ៉ាងទទូចដល់អាណាព្យាបាល និងមាតាបិតាសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ជំរុញ និងលើកទឹកចិត្ត កូនចៅឱ្យមកសាលារៀនបានទាន់ពេលវេលា និងទៀងទាត់រៀងរាល់ថ្ងៃ ដើម្បីធានាបាននូវការទទួលបានចំណេះដឹងទូទៅដ៏ទូលំទូលាយ ។
លោក ចែម សារ៉ាវុធ ជាសិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានឡើងមកចែករំលែកបទពិសោធន៍ និងគន្លឹះជោគជ័យដល់ប្អូនៗសិស្សានុសិស្ស ដោយប្អូន បានបញ្ជាក់ថា កត្តាគ្រឹះសំខាន់ៗ ដែលនាំឱ្យរូបលោកទទួលបានលទ្ធផល ជោគជ័យដ៏ត្រចះត្រចង់នេះ គឺផ្ដើមចេញពីកត្តាខ្លួនឯង គ្រួសារ សាលារៀន ព្រមទាំងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងសង្គមជាតិទាំងមូល ។

ជាចុងបញ្ចប់ លោក ចែម សារ៉ាវុធ ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ ដែលបានបង្កើតឱ្យមានកម្មវិធីរៀនបំប៉ន ដែលនេះគឺជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជួយជ្រោមជ្រែង និងលើកកម្ពស់វិស័យអប់រំ ក្នុងខេត្តកំពង់ស្ពឺ ឱ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀត៕
ដោយ÷សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|ដើមអម្ពិល|រូបថតមន្ទីរព័ត៌មាន






