ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់មន្ត្រីអត្រានុកូលដ្ឋាន និងមន្ត្រីផ្តល់សេវាពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បង្កើនការប្រុងប្រយ័ត្នលើកំហុសទិន្នន័យ និងត្រូវស្នើឱ្យប្រជាពលរដ្ឋ ពិនិត្យទិន្នន័យរបស់ខ្លួនឱ្យបានត្រឹមត្រូវ មុនប្រគល់ជូនគាត់យកទៅប្រើប្រាស់។
តាមរយៈសេចក្ដីជូនព័ត៌មានរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គនាយកដ្ឋាន ក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលទៅស្នើសុំសេវា បង្កើនការប្រុងប្រយ័ត្នលើកំហុសទិន្នន័យរបស់ខ្លួន និងផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ជាមុនសិន មុនទទួលយកឯកសារ និងចាកចេញពីទីកន្លែងផ្តល់សេវា (ចៀសវាងយកទៅទុកជាយូរឆ្នាំ ទើបទៅស្នើសុំកែជាក្រោយ)។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ថា «សូមយកឱកាសនេះអំពាវនាវដល់មន្ត្រីអត្រានុកូលដ្ឋាន និងមន្ត្រីផ្តល់ សេវាពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ (ជាពិសេសមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ សង្កាត់ និងមន្ត្រីផ្តល់សេវាអត្រានុ កូលដ្ឋានថ្នាក់ក្រុង ស្រុក ខណ្ឌ) សូមបង្កើនការប្រុងប្រយ័ត្នលើកំហុសទិន្នន័យ និងត្រូវស្នើឱ្យប្រជាពលរដ្ឋ ពិនិត្យទិន្នន័យរបស់ខ្លួនឱ្យបានត្រឹមត្រូវ (ស្របតាមការណែនាំ) មុនប្រគល់ជូនគាត់យកទៅប្រើប្រាស់»។
ករណីប្រជាពលរដ្ឋ បានពិនិត្យ និងរកឃើញកំហុសទិន្នន័យរបស់ខ្លួន (បានឆាប់រហ័ស) និងទៅស្នើសុំកែតម្រូវទាន់ពេលវេលា (មុនឆ្លងឆ្នាំអនុវត្ត) នោះការកែកំហុសទិន្នន័យ អាចអនុវត្តបានដោយងាយស្រួល និងឆាប់រហ័សនៅរដ្ឋបាលឃុំ សង្កាត់ ជាជាងដែលបងប្អូនទុកឯកសារនោះប្រើប្រាស់អស់ជា ច្រើនឆ្នាំ (មិនបានពិនិត្យមើល) ហើយទើបតែយកទៅស្នើសុំកែទិន្នន័យ ដែលនីតិវិធីមានលក្ខណៈស្មុគស្មាញ។
ដូច្នេះហើយការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួន (មុនយកទៅ ប្រើប្រាស់) គឺជាចំណុចសំខាន់ក្នុងការកាត់បន្ថយបញ្ហាប្រឈមខាងលើ។ បើបងប្អូនពិនិត្យឃើញថា មានខុស កន្លែងណា សូមស្នើសុំឱ្យកែតម្រូវភ្លាមៗ នោះជាការងាយស្រួល និងពុំមាននីតិវិធីស្មុគស្មាញឡើយ។
សូមរំលឹកថា កន្លងមក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីពិនិត្យ ស្រាវជ្រាវ និងសម្រេចកែតម្រូវទិន្នន័យបានចំនួន ១៨១.៨៥៩នាក់រួចមកហើយ និងកំពុងបន្តជំរុញពិនិត្យ និងដោះស្រាយលើករណីស្មុគស្មាញមួយចំនួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕
