អាជ្ញាធរស្រុកឆែប ព្រមានចាត់វិធានការច្បាប់ លើពលរដ្ឋខ្មែរដែលឆ្លងដែន ទៅលេងល្បែងជល់មាន់ក្នុងទឹកដីឡាវ
ព្រះវិហារ ៖ លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ បានចេញការណែនាំ និងព្រមានធ្ងន់ៗដល់ប្រជាពលរដ្ឋខ្មែរមួយចំនួនតូច ឱ្យបញ្ឈប់សកម្មភាពឆ្លងដែនទៅលេងល្បែងស៊ីសងជល់មាន់នៅក្នុងទឹកដីប្រទេសឡាវជាបន្ទាន់។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើសមត្ថកិច្ចស្រាវជ្រាវ រកឃើញការឆ្លងដែនពាក់ព័ន្ធនឹងសកម្មភាពល្បែងស៊ីសងខុសច្បាប់នេះ នឹងត្រូវប្រឈមមុខ ចំពោះមុខច្បាប់ដោយគ្មានការលើកលែងឡើយ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ឃិត សុធារ៉ា បានឱ្យដឹងថា លោកបានទទួលព័ត៌មាន និងសេចក្តីរាយការណ៍ផ្ទាល់ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីមានប្រជាពលរដ្ឋខ្មែរ មួយចំនួនលួចឆ្លងដែនទៅចូលរួមលេងល្បែងជល់មាន់ ក្នុងទឹកដីឡាវនាពេលកន្លងមក។
ឆ្លើយតបនឹងបញ្ហានេះ លោកអភិបាលស្រុក បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន បង្កើនការយកចិត្តទុកដាក់តាមដាន និងឃ្លាំមើលរាល់សកម្មភាពឆ្លងដែនរបស់ប្រជាពលរដ្ឋយ៉ាងម៉ឺងម៉ាត់។ ក្នុងករណីមានការសង្ស័យលើការដឹកជញ្ជូនមាន់ជល់តាមទូកឆ្លងទៅកាន់ទឹកដីឡាវ សមត្ថកិច្ចនឹងឃាត់ខ្លួនធ្វើការសួរនាំ និងស្រាវជ្រាវ ឱ្យបានច្បាស់លាស់ ហើយប្រសិនបើពិនិត្យឃើញថា មានគោលបំណងទៅលេងល្បែងជល់មាន់ ពិតប្រាកដមែន នោះនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។

លោកអភិបាលស្រុកឆែប បានគូសបញ្ជាក់បន្ថែមថា ការដាក់ចេញនូវវិធានការក្តៅនេះ គឺធ្វើឡើង ដោយអនុវត្តតាមបទបញ្ជា និងការណែនាំយ៉ាង ស្ទាត់ជំនាញរបស់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដើម្បីបង្ក្រាបសកម្មភាព ល្បែងស៊ីសងខុសច្បាប់ និងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ ទៅប្រព្រឹត្តិអំពើល្មើសច្បាប់ ក្នុងទឹកដីប្រទេសជិតខាងនោះឡើយ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា សង្វៀនជល់មាន់ដែលកំពុងទាក់ទាញ ប្រជាពលរដ្ឋខ្មែរមួយចំនួនតូច មកពីបណ្តាខេត្តផ្សេងៗឱ្យឆ្លងដែនទៅលេងនោះ មានឈ្មោះថា «សង្វៀនមិត្តភាពមេគង្គ» ដែលស្ថិតនៅក្នុងទឹកដីឡាវ ។ សង្វៀនមួយនេះត្រូវគេរាយការណ៍ថា បានបើកដំណើរការជារៀងរាល់ថ្ងៃ ហើយជាពិសេសនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តែងតែមានការណាត់ជួបប្រកួត «គូពិសេស» ដែលធ្វើឱ្យមានមនុស្សសម្រុកទៅលេងយ៉ាងកកកុញខុសប្លែកពីថ្ងៃធម្មតា ៕ ដោយសួនពិសិតដើមអម្ពិល

