លោក ខូយ រីដា អញ្ជើញចូលរួមពិធីចុះអនុស្សរណៈយោគយល់គ្នា ជាមួយស្រុកយ៉ាំងផ្សង់ នៃសាធារណរដ្ឋកូរ៉េ លើវិស័យកសិកម្ម និងការផ្លាស់ប្តូរពលករ តាមរដូវកាល
ពោធិ៍សាត់៖ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួម ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ទៅវិញទៅមក ក្នុងវិស័យកសិកម្ម និង ការផ្លាស់ប្តូរពលករ តាមរដូវកាល រវាងស្រុកយ៉ាំងផ្សង់ នៃសាធារណរដ្ឋកូរ៉េ និងខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង នៃសាលាខេត្តពោធិ៍សាត់ ។

ពិធីនេះរៀបចំឡើង ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកយ៉ាំងផ្សង់ នៃសាធារណរដ្ឋកូរ៉េ ជាពិសេសលើវិស័យកសិកម្ម និងការផ្លាស់ប្តូរពលករ តាមរដូវកាល ព្រមទាំងបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសថ្មីៗ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ត្រូវបានរំពឹងថា នឹងចូលរួមបង្កើតឱកាសការងារ ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជាពិសេសការងារ តាមរដូវកាល នៅសាធារណរដ្ឋកូរ៉េ ដែលអាចជួយបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងបើកច្រកសម្រាប់កិច្ចសហការថ្មីៗក្នុងការជំរុញការអភិវឌ្ឍលើវិស័យកសិកម្ម និងធនធានមនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាព។









ប្រភពរូបភាព ÷ រដ្ឋបាលខេត្តពោធិ៍សាត់
អត្ថបទដោយ÷ ខេម៉ា / ដើមអម្ពិល
