៣ខែចុងក្រោយនេះ សមិទ្ធផលធំៗ ជាច្រើនលេចចេញ រូបរាងបន្តបន្ទាប់
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា ត្រឹមតែក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៦នេះ មានសមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តធំៗជាច្រើន បានលេចចេញជារូបរាងជាបន្តបន្ទាប់ ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា សមិទ្ធផលធំៗលេចរូបរាងជាបន្តបន្ទាប់ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
លោកថា “គ្រាន់តែរយៈពេល ៣ខែចុងក្រោយ សមិទ្ធផលជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តធំៗ ជាច្រើនបានលេចចេញជារូបរាងជាបន្តបន្ទាប់ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ” ។
អ្នកនាំពាក្យបន្ថែមថា ជាក់ស្តែង កាលពីខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «រោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងខែកញ្ញាដែរ សម្តេចធិបតី ក៏បានសម្ពោធដាក់ឱ្យ ប្រើប្រាស់ជា ផ្លូវការមន្ទីរពេទ្យ ហ្លួងម៉ែ ក្នុងរាជធានីភ្នំពេញ ដែលមានឯកទេសព្យាបាលជំងឺមហារីក ដោយមានការបំពាក់ ឧបករណ៍បរិក្ខារទំនើបៗ កម្រិតស្តង់ដារអន្តរជាតិ។ កាលពីអំឡុងខែសីហា សម្តេចធិបតី ក៏បានអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់សមិទ្ធផល ជាច្រើនក្នុងខេត្តស្ទឹងត្រែង និងសម្ពោធផ្លូវក្នុងខេត្តក្រចេះ។
អ្នកនាំពាក្យបន្ថែមថា សមិទ្ធផលធំៗដែលកើតមានក្នុងគ្រប់វិស័យបានផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់ប្រទេសជាតិ និងប្រជាជន និងបានកើតចេញជារូបរាងឡើងក្នុងចំណោមសមិទ្ធផលតូច-ធំ រាប់មិនអស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងជាផ្លែផ្កានៃសន្តិភាព៕
