Feature

ផ្លែមៀនស្រុកម៉ាឡៃ មានទីផ្សារល្អត្រៀមនាំចេញទៅចិន អាជ្ញាធរនិងមន្ត្រីជំនាញចុះពង្រឹងស្តង់ដារ GAP និងតម្លៃដល់ចម្ការ

បន្ទាយមានជ័យ៖ ឆ្នាំនេះទិន្នផលផ្លែមៀនស្រស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែវិច្ឆិការ ឆ្នាំ២០២៦នេះ កសិករបានកំពុងប្រមូលផលយ៉ាងផុសផុល ស្របពេលទីផ្សារនាំចេញទៅកាន់ប្រទេសចិន បើកទ្វារទូលាយ ដោយមានការចុះត្រួតពិនិត្យផ្ទាល់ពីសំណាក់អាជ្ញាធរខេត្ត ដើម្បីធានាទាំងបរិមាណ គុណភាព និងស្ថិរភាពតម្លៃសម្រាប់ប្រជាកសិករ។

ក្នុងដំណើរការចុះពិនិត្យដល់ចំការរបស់កសិករ នៅស្រុកម៉ាឡៃផ្ទាល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានគូសបញ្ជាក់ថា ស្រុកម៉ាឡៃមានផ្ទៃដីដាំដុះមៀនសរុបជាង ៥០០ហិកតា ដែលក្នុងនោះផ្ទៃដីកំពុងប្រមូលផលមានប្រមាណ ១០ហិកតា ផ្តល់ទិន្នផលមធ្យម ១០០គីឡូក្រាមក្នុងមួយដើម។

ក្រោមការបណ្តុះបណ្តាលស្តង់ដារកសិកម្មល្អ (GAP) ដល់សមាជិកសហគមន៍មៀនម៉ាឡៃទាំង ១៥២នាក់ ផលមៀនទាំងអស់ត្រូវដឹកជញ្ជូនទៅខេត្តប៉ៃលិនដើម្បីត្រួតពិនិត្យ និងវេចខ្ចប់ទាំងផ្លែស្រស់និងផ្លែដាច់ទងសម្រាប់នាំចេញ ក្នុងតម្លៃលក់រវាង ៣.០០០រៀល ដល់ ៤.០០០រៀលក្នុងមួយគីឡូក្រាម អាស្រ័យលើទំហំ និងតម្រូវការទីផ្សារ។

ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃនិងធានានិរន្តរភាពផលិតកម្ម រដ្ឋបាលខេត្តបានដាក់ចេញវិធានការអន្តរាគមន៍សំខាន់ៗពីរគឺ ការរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មដើម្បីបង្កើតទំនុកចិត្តរវាងកសិករនិងក្រុមហ៊ុនទិញ និងការដោះស្រាយបញ្ហាប្រភពទឹកស្រោចស្រព ព្រមទាំងទាក់ទាញវិនិយោគិនឱ្យចុះទិញដល់ចម្ការផ្ទាល់ ដើម្បីជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់ជីវភាពពលរដ្ឋមូលដ្ឋានឱ្យកាន់តែរឹងមាំ៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top