សម្តេចធិបតី ៖ កម្ពុជា មានប្រពៃណី និងការកត់ត្រា និងថែរក្សាទុកខ្លួនឯង តាំងពីយូរណាស់មកហើយ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជាមានប្រពៃណី និងការកត់ត្រា និងថែរក្សាទុកខ្លួនឯងតាំងពីយូរណាស់មកហើយ ពោលគឺចាប់ផ្ដើមតាំងពីមុនសម័យអង្គរ ហើយបុព្វបុរសខ្មែរបន្តកេរមរតកដ៏មានតម្លៃនេះរហូតមក។
ក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦ – ២០២៦) នៅព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បណ្ណសារដ្ឋានជាតិ បានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅឆ្នាំ១៩២៦ ក្នុងគោលបំណងសំខាន់ដើម្បីគ្រប់គ្រង និងថែរក្សាឯកសារសំខាន់ៗរបស់ជាតិ តាមបែបវិទ្យាសាស្ត្រទំនើប ប៉ុន្តែគ្រានោះ បណ្ណសារដ្ឋានជាតិ ស្ថិតនៅក្នុងការគ្រប់គ្រងរួមគ្នាជាមួយនឹងបណ្ណាល័យជាតិ។
ការបង្កើតស្ថាប័ននេះ ផ្ដើមចេញពីកង្វល់របស់លោក អាល់ប៊ែរ សារ៉ូ អគ្គទេសាភិបាលឥណ្ឌូចិនបារាំង ដែលបារម្ភអំពីគុណភាពនៃឯកសាររដ្ឋបាល ដែលកំពុងកើតឡើងជារំដាប់ ទើបធ្វើឱ្យលោក លើកឡើងបាននូវបញ្ហាសំខាន់ៗ៤ ដែលត្រូវតែធ្វើការចាំបាច់ ដើម្បីថែរក្សាឯកសាររដ្ឋបាលទាំងនោះ ទី១៖ ប្រមូលផ្ដុំឯកសារ និងបំផ្លាញចោលឯកសារដែលគ្មានតម្លៃ ,ទី២៖ រក្សាទុកឯកសារដែលមានតម្លៃ ,ទី៣៖ បង្កើតអាគារពិសេសដើម្បីថែទាំ ទុកឯកសារក្នុងលក្ខខណ្ឌបរិស្ថានល្អ និងទី៤៖ រៀបចំប្រព័ន្ធចំណាត់ថ្នាក់គ្រប់គ្រងឯកសារ ដើម្បីបញ្ចូលឯកសារថ្មីទៅក្នុងបណ្ណសារដ្ឋាន។
សម្ដេចធិបតី មានប្រសាសន៍ថា «ផ្ដើមចេញពីការព្រួយបារម្ភនេះហើយ ទើបធ្វើឱ្យកម្ពុជាចាប់ផ្ដើមមានប្រព័ន្ធគ្រប់គ្រង និងការថែទាំឯកសារទំនើប បែបលោកខាងលិចនេះឡើង។ បើទោះបីជាកម្ពុជាទើបមានប្រព័ន្ធគ្រប់គ្រង និងរក្សាទុកឯកសារទំនើបតាមបែបលោកខាងលិចក៏ដោយ ក៏ប៉ុន្តែកម្ពុជាមានប្រពៃណីនិងការកត់ត្រា និងថែរក្សាទុកខ្លួនឯងតាំងពីយូរណាស់មកហើយ ពោលគឺចាប់ផ្ដើមតាំងពីមុនសម័យអង្គរ ហើយបុព្វបុរសខ្មែរបន្តកេរមរតកដ៏មានតម្លៃនេះរហូតមក»។
សម្ដេចធិបតី បន្ដថា តាមរយៈភស្តុតាងនៅសម័យមុនអង្គរ និងសម័យអង្គរ បានឱ្យដឹងថា ប្រជាជនខ្មែរសម័យបុរាណ មានប្រពៃណីកត់ត្រានៅលើសម្ភារៈច្រើនប្រភេទ ដូចជា ស្លឹករឹត ក្រាំង គត់ដែលជាក្រាំងធ្វើពីក្រដាសក្រាស់ ស្បែកសត្វ ថ្ម និងលោហៈជាដើម។ ថ្វីត្បិតតែប្រភេទឯកសារបុរាណជាច្រើនបានបាត់បង់ ពុកផុយតាមកត្តាធម្មជាតិ និងកត្តាសង្គមសង្គ្រាម ប៉ុន្តែកម្ពុជានៅតែមានគេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទអក្សរថ្ម ឬសិលាចារឹក ដែលមានចំណាស់យ៉ាងហោចណាស់ ចាប់តាំងពីសតវត្សរ៍ទី៥ ឬអាចមុននោះផងទៀត ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕
