ព័ត៌មានជាតិ

សម្តេចធិបតី ៖ នៅពេលមានជម្លោះព្រំដែនជាមួយថៃ ផែនទីរក្សាទុកដោយបារាំង ជាអាវក្រោះការពារកម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា នៅពេលមានបញ្ហាប្រឈមជម្លោះព្រំដែនជាមួយថៃ ផែនទីដែលបានចងក្រង និងរក្សាទុកដោយបារាំង គឺជាអាវក្រោះការពារខាងផ្លូវច្បាប់ ដល់ប្រទេសកម្ពុជា។

ក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា ១៩២៦ – ២០២៦ នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ។ យើងមិនអាចមើលរំលងបានឡើយនូវតួនាទី និងតួអង្គ និងតួនាទីសំខាន់ ខានមិនអាចខ្វះបានរបស់ប្រទេសបារាំង ទាំងក្នុងអតីតកាល និងក្នុងបច្ចុប្បន្ន។

សម្ដេចធិបតី បានគូសបញ្ជាក់ថា «នៅក្នុងកាលៈទេសៈដែលកម្ពុជា បាននិងកំពុងជួបបញ្ហាប្រឈម នៃជម្លោះព្រំដែនជាមួយប្រទេសជិតខាង គឺឯកសារបណ្ណាសារប្រវត្តិសាស្ត្រ សន្ធិសញ្ញាផ្លូវការ និងផែនទីដែលបានចងក្រង និងរក្សាទុកដោយភាគីបារាំងនេះហើយ ដែលជាអាវក្រោះការពារតាមផ្លូវច្បាប់ និងជាភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត ក្នុងការអះអាង និងការការពារបូរណភាពទឹកដី អធិបតេយ្យភាព និងខ្សែព្រំដែនស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា»។

សូមរំលឹកថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

កម្ពុជា មិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

To Top