ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារបានឱ្យដឹងថា បណ្ណសារដ្ឋានជាតិនៃកម្ពុជា បានរក្សាទុកឯកសារមានតម្លៃជាប្រវត្តិសាស្រ្ត មិនអាចកាត់ថ្លៃបាន ប្រមាណជា២០លានទំព័រ ។

ក្នុងពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក វង្សី វិស្សុត បញ្ជាក់ថា អគារបណ្ណសារដ្ឋានជាតិនៃកម្ពុជា ត្រូវបានសាងសង់ក្នុងសម័យអាណាព្យាបាលបារាំងនាឆ្នាំ១៩២៤ និងបានបើកដំណើរការជាផ្លូវការក្នុងឆ្នាំ១៩២៦ ហើយបន្តដំណើរការរហូតដល់របបប្រល័យពូជសាសន៍។

លោកថា ក្រោយថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ស្ថាប័ននេះ ត្រូវបានរៀបចំឱ្យដំណើរការឡើងវិញ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រមូលចងក្រង និងរក្សាទុកឯកសារពីគ្រប់ជំនាន់។
ប្រធានក្រុមប្រឹក្សាបណ្ណសារសង្កត់ធ្ងន់ថា “បច្ចុប្បន្នបណ្ណសារដ្ឋានជាតិនៃកម្ពុជាមានរក្សាទុកឯកសារសរុបប្រវែង ២,០០០ ម៉ែត្រលីនេអ៊ែ (២,០០០ ម៉ែត្រ) និងបើគិតជាទំព័រស្មើនឹងប្រមាណ ២០លានទំព័រ ដែលឯកសារខ្លះ គឺជាឯកសារកម្រ និងជាច្បាប់ដើម ដែលមានតម្លៃជាប្រវត្តិសាស្រ្ត និងជាបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបាន”។

លោកបន្ថែមថា ថ្វីត្បិតតែតួនៃអគារនេះមានចំណាស់ ១០០ឆ្នាំក្តី ក៏ប៉ុន្តែឯកសារដែលបានប្រមូលចងក្រង និងរក្សាទុកក្នុងអគារនេះ បានកត់ត្រាទុកនូវប្រវត្តិសាស្រ្ត, ដួងព្រលឹង, អត្តសញ្ញាណជាតិ និងអត្ថិភាពជាតិដែលមានអាយុកាលជាង២០០០ឆ្នាំ ក៏ដូចជាដំណើរឆ្លងកាត់នូវរបត់ប្រវត្តិសាស្រ្តរបស់ជាតិកម្ពុជាជាច្រើនដំណាក់ ទាំងភាពរុងរឿងដល់ចំណុចកំពូល និងទាំងការធ្លាក់ចុះដល់ចំណុចសូន្យ ដែលមានពេលខ្លះស្ទើរបាត់ឈ្មោះប្រទេសពីផែនទីពិភពលោក៕





