ព័ត៌មានជាតិ

សម្តេចធិបតី ៖ គិតមដល់ពេលនេះ រាជរដ្ឋាភិបាល ចំណាយថវិកាជាង ៦០០លានដុល្លារ ដើម្បីទប់តម្លៃប្រេង

ពោធិ៍សាត់ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា គិតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ៦០០ លានដុល្លារហើយ ដើម្បីទប់តម្លៃប្រេងឥន្ធនៈ។

ក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កាលពីម្សិលមិញ មានការបោះឆ្នោតនៅអាមេរិក ប្រធានបទធំគឺ ដោយសារមិនមែនរឿងវាយគ្នាអ៊ីរ៉ង់នោះទេ គឺរឿងវាជះឥទ្ធិពលទៅដល់ប្រេងនៅអាមេរិក។

សម្ដេចធិបតី មានប្រសាសន៍ថា «អ៊ីចឹងសម្រាប់យើង គឺខិតខំយើងចំណាយមកដល់ម៉ោងនេះ ជាង ៦០០ លានដុល្លារហើយ នៅក្នុងការទប់តម្លៃប្រេង វាហក់ឡើងមែន ប៉ុន្តែបើគ្មានយើងចេញលុយកាត់បន្ថយ មិនយកពន្ធ យកអាករទៅលើក្រុមហ៊ុនដែលនាំប្រេងចូលនេះទេ តម្លៃកាន់តែលើសហ្នឹងទៅទៀត»។

សម្ដេចធិបតី បន្ដថា «ថ្ងៃមុនឱ្យគិតគូរទៅ បើយើងអត់ជួយ នៅក្នុងការមិនយកពន្ធមិនយកអាករមួយចំនួនទៅដល់ក្រុមហ៊ុនប្រេងនេះ តម្លៃប្រេងមួយលីត្រ ម៉ាស៊ូតត្រូវឡើងលើសបច្ចុប្បន្ន ៩០០ រៀលក្នុងមួយលីត្រ។ សាំងដូចឡើង ៦០០ រៀលទៀត ឡើងប៉ុណ្ណឹងលំបាកហើយ មើលទៅយើងទុកអាហ្នឹងឱ្យឡើងលើសហ្នឹងទៀត អ៊ីចឹងការជួយបែបនេះ គឺយើងខិតខំដោះស្រាយ បូករួមជាមួយនឹងការដោះស្រាយបញ្ហាសម្ពាធនានា»។

សម្ដេចធិបតី បន្ថែមថា ឥឡូវនេះប្រជាពលរដ្ឋដែលរងសម្ពាធ ទទួលថវិកាសាច់ប្រាក់ដែលរាជរដ្ឋាភិបាល ផ្តល់ជូនចូលរាប់លាននាក់ទៅហើយ៕

To Top