សម្តេចធិបតី ៖ គិតមកដល់ពេលនេះជាង ៧០ប្រទេស និងប្រមុខរដ្ឋាភិបាលជាង ២០ នឹងចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី នៅកម្ពុជា
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នាពេលមុខនេះ មានជាង ៧០ប្រទេសហើយ បានចុះឈ្មោះ ហើយប្រមុខរដ្ឋាភិបាលជាង ២០ប្រទេស បាននឹងមកកម្ពុជា។
ក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី១ ក្នុងប្រវត្តិសាស្ត្រ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី១ ក្នុងប្រវត្តិសាស្ត្រ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ដែលមកដល់ម៉ោងនេះជាង ៧០ប្រទេសហើយ ដែលបានចុះឈ្មោះ ហើយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង ២០ហើយបានចុះ បាននឹងមកនៅកម្ពុជា នេះគឺជាមោទនភាពរបស់យើង។ ឥឡូវកំពុងតែចាត់ចែងឡានប៉ាឡង់ដាស់ ឡានអីជូនគាត់។ជាង ២០ប្រទេស មានទាំងប្រធានាធិបតី មានទាំង នាយករដ្ឋមន្ត្រី មានទាំងប្រមុខរដ្ឋ ដែលលោកអញ្ជើញមកនេះ»។
សម្ដេចធិបតី បន្ដថា អគ្គទេសាភិបាលបារាំង ចូលប្រជុំថ្ងៃ១៥ នាយករដ្ឋមន្ត្រី មកថ្ងៃ១៦។
ប្រធានាធិបតីម៉ាក្រុង មកទស្សនកិច្ចនៅកម្ពុជាផ្លូវការ ហើយជាប្រវត្តិសាស្ត្រ នេះគឺជាលើកទី២ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលប្រធានាធិបតីបារាំង ៦០ឆ្នាំមុន ប្រធានាធិបតី សារ ដឺហ្គោល មកឆ្នាំ១៩៦៦។ ឥឡូវនេះ ឆ្នាំ២០២៦ ប្រធានាធិបតីបារាំងនឹងមកចូលរួមក្នុងកម្មវិធី កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅកម្ពុជា។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ប្រធានាធិបតីបារាំង នឹងមកចូលរួមនៅក្នុងកម្មវិធី ហើយក៏មានកម្មវិធីសម្ពោធនៅសៀមរាបជាមួយព្រះមហាក្សត្រ។ នេះគឺជាមហាកិត្តិយសធំរបស់កម្ពុជាយើង ដែលប្រជាជនខ្មែរគួរមានមោទនភាព»៕
