កម្មកររោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង នៅខេត្តតាកែវ ចូលធ្វើការវិញជាធម្មតា នៅថ្ងៃនេះ ក្រោយក្រសួងការងារ សម្របសម្រួលដោះស្រាយ យ៉ាងលឿនរហ័ស
តាកែវ៖ បងប្អូនកម្មករនិយោជិតនៃរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីង ក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចូលបំពេញការងារវិញជាធម្មតា បន្ទាប់ពីមន្ត្រីជំនាញនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ ចុះសម្របសម្រួលដោះស្រាយបញ្ហាយ៉ាងរហ័ស និងទាន់ពេលវេលា រហូតឈានដល់ការបញ្ចប់ដោយសន្តិវិធីកាលពីថ្ងៃទី៤ ខែវិច្ឆិកា។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា៖ «បងប្អូនកម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងនៅខេត្តតាកែវ បានចូលធ្វើការជាធម្មតាវិញនៅព្រឹកនេះក្រោយការដោះស្រាយលឿនរហ័សប្រកបដោយការពេញចិត្តរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន»។

លោកបានគូសបញ្ជាក់ថា ការចូលធ្វើការវិញរបស់បងប្អូនកម្មករនិយោជិតបានធ្វើឱ្យដំណើរការផលិតកម្ម និងស្ថានភាពទូទៅវិលមករកភាពប្រក្រតីឡើងវិញ បន្ទាប់ពីក្រុមការងាររបស់ក្រសួងបានចុះទៅទីតាំងភ្លាមៗ ដើម្បីស្តាប់កង្វល់របស់កម្មករនិយោជិត និងសម្របសម្រួលជាមួយនិយោជកក្នុងការស្វែងរកដំណោះស្រាយរហូតទទួលបានការសះជាទាំងស្រុង។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ដំណោះស្រាយដ៏លឿនរហ័សនេះ បង្ហាញពីប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារ របស់ក្រសួង ដែលផ្តល់អាទិភាពដល់ការសន្ទនា ការគោរពច្បាប់ និងការរក្សាសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីធានាទាំងសិទ្ធិកម្មករនិយោជិត និងទំនុកចិត្តរបស់វិនិយោគិននៅកម្ពុជា៕



