ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដោយឈរលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក។
នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ចេញផ្សាយដោយ ក្រសួងការបរទេសកម្ពុជា។
រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង បានពិនិត្យអំពីវឌ្ឍនភាពដែលសម្រេចបានក្រោមសសរស្ដម្ភទាំងបីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ព្រមទាំងបានផ្លាស់ប្តូរទស្សនៈពីអាទិភាពនាពេលអនាគត ដើម្បីពង្រឹងភាពធន់ក្នុងតំបន់ លើកកម្ពស់វិបុលភាពរួម និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងបទអន្តរាគមន៍ លោកឧបនាយករដ្ឋមន្ត្រី បានអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តដ៏មុតមាំ របស់កម្ពុជានៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយឈរលើគោលការណ៍នៃការគោរពគ្នា ទៅវិញទៅមក ផលប្រយោជន៍ទៅវិញទៅមក ការជឿទុកចិត្តទៅវិញទៅមក និងសេចក្តីប្រាថ្នារួមគ្នាសម្រាប់ សន្តិភាព ស្ថិរភាព និងវិបុលភាព។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីវឌ្ឍនភាពដែលសម្រេចបានក្នុងការជំរុញ ការតភ្ជាប់ក្នុងតំបន់ សមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសតាមរយៈការអនុវត្ត ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង និងផែនការសកម្មភាពប្រាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧)៕
