ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ និងផែនការយុទ្ធសាស្រ្ត ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ ឆ្នាំ២០២៦-២០៣៣

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ និងផែនការយុទ្ធសាស្រ្តស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ សិក្ខាសាលាពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅរយៈពេល ១ព្រឹក ដោយមានការធ្វើបទបង្ហាញលើឯកសារចំនួន ២ រួមមាន៖ ទី១)សេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ភូមិ និងសហគមន៍ជនបទ និងទី២)សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តស្តីពី ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣ ដោយ លោក ចាន់ សុភា ប្រធាននាយកដ្ឋានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។…

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ស្តីពីការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ និងផែនការយុទ្ធសាស្រ្តស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។

សិក្ខាសាលាពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅរយៈពេល ១ព្រឹក ដោយមានការធ្វើបទបង្ហាញលើឯកសារចំនួន ២ រួមមាន៖ ទី១)សេចក្តីព្រាងផែនការយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ភូមិ និងសហគមន៍ជនបទ និងទី២)សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តស្តីពី ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣ ដោយ លោក ចាន់ សុភា ប្រធាននាយកដ្ឋានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។

ជាមួយគ្នានោះដែរ អង្គសិក្ខាសាលាបានធ្វើការពិភាក្សាយ៉ាងផុលផុស លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រទាំងពីរខាងលើ ព្រមទាំងបានចូលរួមផ្ដល់ជាធាតុចូលជាច្រើន ធ្វើឱ្យសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ ក្លាយជាឯកសារគតិយុត្ត និងផែនទីបង្ហាញផ្លូវសម្រាប់ប្រើប្រាស់លើការងារអភិវឌ្ឍន៍ភូមិនិងសហគមន៍ជនបទ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ។

លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះវត្តមានរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃចូលរួម ក្នុងពិធីដ៏មានសារៈសំខាន់នេះ ដែលជាកាយវិការបង្ហាញ នូវស្មារតីរួមគ្នាជាសហថាមពល ក្រោមអភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយ លើការងារអភិវឌ្ឍន៍ជនបទ ជាពិសេសការងារអភិវឌ្ឍន៍សហគមន៍ជនបទ។

តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សា លោករដ្ឋមន្ដ្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានជំនាញ ដែលខិតខំរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្រ្តទាំងពីរនេះ បានយ៉ាងល្អប្រសើរ ព្រមទាំងបានថ្លែងអំណរគុណ ចំពោះអង្គសិក្ខាសាលាទាំងមូលដែលបានចូលរួម ពិភាក្សាយ៉ាងផុសផុល និងផ្តល់ជាធាតុចូល ដ៏មានសារៈសំខាន់ជាច្រើន ដែលជាបំពេញបន្ថែមនូវចំណុចខ្វះខាត និងធ្វើឱ្យផែនការយុទ្ធសាស្រ្តទាំងពីរនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ជូនថា ការអភិវឌ្ឍភូមិនិងសហគមន៍ជនបទចម្រុះ ប្រកបដោយភាពធន់ និងបរិយាបន្ននៅតំបន់ជនបទ ព្រមទាំងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ គឺជាការងារអាទិភាពមួយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការគាំទ្រសកម្មភាពអភិវឌ្ឍន៍សហគមន៍ជនបទទូទៅ សហគមន៍ដីសម្បទានសង្គមកិច្ចគ្រប់ប្រភេទ និងសហគមន៍ជនជាតិដើមភាគតិចផងដែរ។

ក្នុងន័យនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងរៀបចំផែនការយុទ្ធសាស្រ្តស្តីពី ការអភិវឌ្ឍសហគមន៍ជនបទឆ្នាំ២០២៦-២០៣៣ និងផែនការយុទ្ធសាស្រ្តស្តីពី ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទឆ្នាំ២០២៦-២០៣៣ ដើម្បីប្រើប្រាស់ជាឯកសារគិតយុត្ត និងជាផែនទីបង្ហាញផ្លូវក្នុងការជំរុញការងារអភិវឌ្ឍន៍ភូមិនិងសហគមន៍ជនបទ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ លោករដ្ឋមន្ដ្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងល្អប្រសើរក្នុងការអភិវឌ្ឍភូមិនិងសហគមន៍នាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ដែលបានកែប្រែតំបន់ជនបទឱ្យមានការរីកចម្រើន និងប្រែប្រួលគួរឱ្យកត់សម្គាល់ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធ៌ម ព្រមទាំងភាពស៊ីវីល័យ។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវយកមតិយោបល់ និងធាតុចូលទាំងអស់ដែលទទួលបាន ពីការពិភាក្សាក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ ដាក់បញ្ចូលក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តទាំងពីរនេះ ឱ្យបានពេញលេញ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាការតម្រង់ទិសក្នុងការរៀបចំផែនការយុទ្ធសាស្រ្តនេះឱ្យបានគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានជោគជ័យប្រកបដោយភាពប្រាកដនិយម ដើម្បីឆ្លើយតបទៅនឹងបរិបទនិងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ក្នុងគោលដៅចូលរួមចំណែកសម្រេចឱ្យបានជោគជ័យនូវគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥៕

To Top