នយោបាយ

លោក សម រង្ស៊ី ឲ្យសហគមន៍អន្តរជាតិ ជួយធានាសុវត្ថិភាព ជូនពលរដ្ឋខ្មែរ នៅពេលលោក ត្រឡប់មកវិញ

ភ្នំពេញ៖ ចេញពីទីក្រុងប៉ារីស ប្រទេសបារាំង នារាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ លោក សម រង្ស៊ី បានអំពាវនាវ ទៅកាន់សហគមន៍អន្តរជាតិ ស្តីពីមាតុភូមិនិវត្តន៍ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថ្ងៃ៩ វិច្ឆិកា ដើម្បីឲ្យជួយធានាសន្តិភាព និងសេរីភាព ជូនប្រជារាស្ត្រខ្មែរ។

សេចក្តីអំពាវនាវរបស់លោក សម រង្ស៊ីបន្តថា “ក្រោយពីបាននិរទេសខ្លួនច្រើនឆ្នាំមកហើយ ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃ ៩ វិច្ឆិកា ២០១៩ នេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមថា នឹងចាប់ខ្លួនរូបខ្ញុំ ហើយបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ កម្ទេចមនុស្សដែលគាត់ចោទថាជាឧទ្ទាម។ តាមការពិត ខ្ញុំគ្រាន់តែមានបំណងដឹកនាំកម្លាំងខ្មែរអ្នកស្នេហាជាតិ និងស្នេហាសេរីភាព វិលត្រឡប់ទៅប្រទេសកំណើតរបស់យើងវិញតែប៉ុណ្ណោះ”។

លោកថា គណបក្សត្រូវបានគេរំលាយដោយអត្តនោម័ត ហើយមិនអាចចូលរួមក្នុងការបោះឆ្នោតណាមួយបានទេ នាពេលអនាគតដ៏ខ្លី។ សហការីដ៏ឆ្នើមបំផុត ត្រូវគេបាញ់សម្លាប់ ឬក៏ត្រូវគេចាប់យកទៅឃុំឃាំង ឬក៏ត្រូវគេបង្ខំឲ្យនិរទេសខ្លួននៅក្រៅប្រទេស។

លោកបន្តថា “ដូច្នេះ ខ្ញុំគ្មានជម្រើសអ្វីទៀតទេ ក្រៅពីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសន្តិវិធី និងអហិង្សា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ឲ្យរស់ឡើងវិញ។ គម្រោងរបស់ខ្ញុំ គឺបំផុសឲ្យមានចលនាមហាជន តាមគម្រូចលនាមហាជន ដែលគេឲ្យឈ្មោះថា អំណាច ប្រជាពលរដ្ឋ ដូចដែលបានកើតឡើង ដោយសន្តិវិធី និងអហិង្សា នៅប្រទេសហ្វីលីពិន ក្នុងឆ្នាំ ១៩៨៦”៕

To Top