នយោបាយ

អ្នកនាំពាក្យសាលាឧទ្ធរណ៍ ចេញសេចក្តីប្រកាស ព័ត៌មាន បដិសេធសំណុំរឿង ជនជាប់ចោទ កឹម សុខា

ភ្នំពេញ ៖ អ្នកនាំពាក្យសាលា ឧទ្ធរណ៍នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញសំណុំរឿងជនជាប់ចោទ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក្រោយពីសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ បានបើកសវនាការ លើបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវី ការពារក្តីលោក កឹម សុខា ។

សេចក្តីប្រកាសព័ត៌មានបន្តថា ៖
១-បណ្តឹងឧទ្ធរណ៍លើដីកាដំណោះស្រាយ របស់មេធាវីជនជាប់ចោទមិនអាចទទួល យកបានដោយយោង តាមមាត្រា២៤៩ និងមាត្រា២៦៧ និងមាត្រា ៤០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលមិនអនុញ្ញាតអោយធ្វើបណ្តឹងឧទ្ធរណ៍ នឹងដីកាដំណោះស្រាយបញ្ជូន ជនជាប់ចោទទៅតុលាការ ជំនុំជម្រះបានឡើយ ។

២-បណ្តឹងឧទ្ធរណ៍ពីការ សម្រេចបន្តការ ដាក់ស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ សភាស៊ើបសួរ បានបដិសេធចោល ដោយមានហេតុផលពាក់ព័ន្ធ នឹងបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ ដល់សង្គមជាតិ និងជាពិសេសសម្រាប់ធានា វត្តមាននៃដំណើរការនីតិវិធីបន្ត ដោយយោងលើមាត្រា ២៦៧ កថាខណ្ឌទី៥ និងមាត្រា២៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

អ្នកនាំពាក្យសាលា ឧទ្ធរណ៍ភ្នំពេញអះអាងថា ទោះបីជាមានបណ្ដឹងឧបាស្រ័យដូច បានបញ្ជាក់ខាងលើក៏ដោយ ក៏តាមផ្លូវច្បាប់ និងនីតិវិធីព្រហ្មទណ្ឌ ពុំមានអានុភាពណាមួយផ្អាក ចំណាត់ការជំនុំជម្រះលើដីកាដំណោះស្រាយបន្ត នៅសាលាដំបូងមានសមត្ថកិច្ចឡើយ ៕

To Top
×