នយោបាយ

លោក កឹម សុខា នឹងបង្ហាញវត្តមាន ក្នុងអង្គជំនុំជម្រះ ពាក់កណ្តាលខែមករា

ភ្នំពេញ ៖ បើតាមមេធាវីការពារក្តី លោក កឹម សុខា នឹងចូលទៅបំភ្លឺ តាមការកោះហៅ របស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ខាងមុខ ។

កាលពីថ្ងៃ៩ ធ្នូ លោក វង្ស ប៊ុនវិសុទ្ធ បានចេញដីកាបង្គាប់ ឲ្យលោកកឹម សុខា ចូលមកនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការជំនុំជម្រះ នៅថ្ងៃ១៥ មករា ជាកំហិត អំពីអង្គហេតុ ដែលបានចោទប្រកាន់មកលើខ្លួន ក្រោយសាលាឧទ្ធរណ៍ បានទាត់ចោលបណ្ដឹង ក្រុមមេធាវីលោក កឹម សុខា ដែលប្ដឹងជំទាស់ដីកាបញ្ជូន សំណុំរឿងទៅជំនុំជម្រះ ដែលចេញដោយចៅក្រមស៊ើបសួរ តុលាការក្រុងភ្នំពេញ ។

ឆ្លើយតបទៅនឹងដីកាកោះហៅ របស់លោក វង្ស ប៊ុនវិសុទ្ធ លោក ចាន់ ចេន ដែលជាមេធាវីម្នាក់ ក្នុងចំណោមមេធាវី៤រូប បានលើកឡើងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ថា “ដោយសារកូនក្តី របស់ខ្ញុំលោកគោរព ទៅតាមច្បាប់ លោកនឹងចូលខ្លួនទៅបំភ្លឺ តាមការកោះហៅរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ មិនឲ្យមានការខកខានឡើយ”។

លោកបន្តថា ក្នុងអង្គជំនុំជម្រះ នាពេលខាងមុខក្រុមមេធាវីទាំងអស់ នឹងអមដំណើរចូលរួមការពារក្តីលោក កឹម សុខា ។

ទោះបីជាយ៉ាងណាលោកមេធាវីចាន់ ចេន បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងមានយុត្តិធម៌ចំពោះលោក កឹម សុខា ជាក់ជាមិនខានឡើយ ។

លោកថា សំណុំរឿងលោក កឹម សុខា គឺជារឿងនយោបាយបាយ សុទ្ធសាធ ដូច្នេះដំណោះស្រាយល្អគឺមានតែការចរចា រវាងអ្នកនយោបាយតែប៉ុណ្ណោះ ដើម្បីឈានទៅដល់ការផ្សះផ្សារជាតិ។

លោកបានលើកពីប្រវត្តិសាស្រ្តខ្មែរថា កន្លងមកមានជម្លោះប្រដាប់អាវុធ ប៉ុន្តែដំណោះស្រាយគឺមានតែការចរចាប៉ុណ្ណោះ ទើបឈានទៅបញ្ចប់ភាពរ៉ាំរៃជាប្រវត្តិសាស្រ្ត ដូច្នេះករណីលោក កឹម សុខា ក៏មិនខុសគ្នាដែរ ។

ក្នុងសវនាការជំនុំជម្រះក្តី សំណុំរឿង សន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេសរបស់លោក កឹម សុខា ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាកោះហៅអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ឲ្យចូលទៅបំភ្លឺធ្វើជាសាក្សីផងដែរ។ សាក្សីនោះ មានឈ្មោះ ម៉ា ចិត្រា ភេទប្រុស កើតនៅឆ្នាំ១៩៩១ រស់នៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា លោក កឹម សុខា ក្រោយពីមានការ ចោទប្រកាន់ប្រព្រឹត្តអំពើក្បត់ជាតិ លោកត្រូវបានបញ្ជូន ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំប្រមាណជា១ឆ្នាំ បន្ទាប់មកត្រូវបញ្ជូនមកឃុំក្នុងផ្ទះ១ឆ្នាំទៀត ទើបតុលាការបន្ធូរបន្ថយលក្ខន្តិកៈច្បាប់ ហើយក៏បានជួបណ្តាអង្គទូត ជាបន្តបន្ទាប់ ៕

To Top
×