នយោបាយ

លោក ព្រាប កុល បដិសេធ បង្កើតគណបក្សនយោបាយ

" "

ភ្នំពេញ៖ ក្រោយចាកចេញ ពីនាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ត្រូវបានគេ លើកឡើងថា ទៅបង្កើតគណបក្សនយោបាយ ដើម្បីចូលរួម ការប្រកួតប្រជែងបោះឆ្នោត នៅឆ្នាំ២០២៣ខាងមុខ ប៉ុន្តែករណីនេះ លោកបាន បដិសេធចោល។

“ថ្មីៗនេះ មានការបង្កើត និងផ្សព្វផ្សាយពាក្យចចាមអារ៉ាម ពីមនុស្សមួយចំនួនថា ខ្ញុំបាទមានបំណងដឹកនាំ បង្កើតបក្សនយោបាយ នៅឆ្នាំ២០២១ នេះ។ ខ្ញុំសូមបដិសេធព័ត៌មាននេះទាំងស្រុង”។ នេះបើយោងតាមហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។

" "

លោកបកស្រាយបន្តថា គិតមកដល់ម៉ោងនេះ លោកធ្លាប់បានពិចារណា បង្កើតគណបក្សតែម្តងគត់ កាលពីខែមេសា ឆ្នាំ២០២០ គឺ “គណបក្សម៉ាស៊ីនភ្លើង” ដោយហេតុថា កាលនោះភ្លើងដាច់ញឹកញាប់ពេក។

" "

លោកថា ប៉ុន្តែក្នុងពេលនេះ មិនទាន់មានបញ្ហា ដាច់ភ្លើងញឹកញាប់ដូចឆ្នាំមុនទេ ដូច្នេះបានបោះបង់គំនិត បង្កើតបក្សម៉ាស៊ីនភ្លើង នោះហើយ” ។ ដូច្នេះជនរួមជាតិ កុំជឿពាក្យចចាមអារ៉ាម។

លោកបន្ថែម ឥឡូវនេះ កំពុងរវល់បណ្តុះបណ្តាល ធនធានមនុស្ស ដើម្បីឲ្យក្លាយជាពលរដ្ឋល្អ ជួយបង្វឹកណែនាំឲ្យពួកគាត់ សម្រេចជោគជ័យគោលដៅជីវិត មានឧត្តមគតិរួមចំណែកជួយជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា បច្ចុប្បន្នមានបុគ្គលមួយចំនួន ដែលចេញពីអតីតបក្សប្រឆាំង បានដាក់ពាក្យស្នើទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើត គណបក្សនយោបាយជាហូរហែ ក្នុងគោលបំណងចូលរួម បោះក្រុមប្រឹក្សាឃុំ-សង្កាត់ និងថ្នាក់ជាតិ នៅអាណត្តិក្រោយ៕

To Top