ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កម្ពុជា និងរដ្ឋសមាជិកអាស៊ានឯទៀត និងសហគមន៍អាស៊ានទាំងមូលមានការសោកសៅ ដោយបានឃើញនូវការកើនឡើងនៃអំពើហឹង្សា ក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមានការបាត់បង់ជីវិតមនុស្ស។
![](https://dap-news.com/wp-content/uploads/2021/03/102.jpg)
អ្នកនាំពាក្យ លេីកឡេីងបែបនេះ ក្រោយពេលដែលក្រុមយោធាមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារ ទៅលើក្រុមបាតុករ ដែលបានធ្វើដំណើរតាមដងផ្លូវ ដើម្បីប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ដែលបានបណ្តេញមេដឹកនាំជាប់ឆ្នោត លោកស្រីស៊ូជី ចេញពីតំណែងក្នុងនោះមនុស្ស ជាច្រេីន នាក់ ត្រូវបានសម្លាប់នៅក្នុងថ្ងៃបាតុកម្មផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ថា «ក្នុងនាមជាមិត្ត និងជាសមាជិកសហគមន៍អាស៊ាន កម្ពុជា ក៏ដូចជាគ្រប់រដ្ឋសមាជិកអាស៊ានឯទៀត និងសហគមន៍អាស៊ានទាំងមូល កំពុងតាមដានយ៉ាងជិតដិតនូវស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានការសោកសៅដោយបានឃើញនូវការកើនឡើងនៃអំពើហឹង្សា ដែលបណ្តាលឲ្យមានការបាត់បង់ជីវិតមនុស្ស»។
![](https://dap-news.com/wp-content/uploads/2021/03/103.jpg)
អ្នកនាំពាក្យ បន្ដថា ទន្ទឹមនឹងការគោរពគោលការណ៍ស្នូល នៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន កម្ពុជាបានគាំទ្រ «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីការវិវត្តនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា» ដែលបានចេញ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ និង «សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានស្តីពីកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន» កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០២១ ដែលត្រូវបានធ្វើឡើងក្នុងបំណងដ៏ស្មោះត្រង់ ដើម្បីគាំទ្រដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ជាងនេះទៅទៀត អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ បានបន្ថែមថា ដូចបានលើកឡើង ក្នុងអន្តរាគមន៍របស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន កម្ពុជាត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការដើរវិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយកី្ត ដែលស្របតាមគោលការណ៍អាស៊ាន ពោលគឺតាមមាគ៌ាអាស៊ាន ដែលគ្រប់ភាគីទាំងអស់ អាចទទួលយកបាន។
ក្នុងស្មារតីនេះ កម្ពុជាក៏គាំទ្រផងដែរដល់ ការជួយសម្របសម្រួលរបស់ប្រធានអាស៊ាន ក៏ដូចជាអគ្គលេខាធិការអាស៊ាន ប្រកបដោយលក្ខណៈវិជ្ជមាន សន្តិភាព និងស្ថាបនា៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)