នយោបាយ

សភាបញ្ជូនបេក្ខជន២រូប ទៅបក្សប្រជាជនជ្រើសរើស១រូប មុនឈានដល់បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យធ្វើប្រធាន គ.ជ.ប

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបញ្ជូនបេក្ខជន២រូបដែលដាក់ពាក្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទៅឲ្យគណបក្សប្រជាជនកម្ពុជាដើម្បីជ្រើសរើសយក១រូប ដើម្បីដាក់ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅពេលខាងមុខសម្រាប់បោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជាប្រធានគ.ជ.ប ។
សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលអង្គប្រជុំបានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន២រូប ដើម្បីបញ្ជូនទៅគណបក្សនយោបាយពាក់ព័ន្ធជ្រើសរើសបេក្ខជន១រូប ផ្ញើមកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃ៤ មិថុនា កន្លងមកនេះ លោក ស៊ិក ប៊ុនហុកប្រធានគ.ជ.បបានដាក់ពាក្យលាឈប់ពីប្រធានដោយសារមានជំងឺ ។ ក្រោយដាក់ពាក្យលាឈប់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏ប្រកាសជ្រើសរើសបេក្ខជនឈរឈ្មោះជាបេក្ខភាព ប្រធាន គ.ជ.ប ជំនួស ។

លោក ស៊ិក ប៊ុនហុក មានវ័យ៧៥ឆ្នាំ គិតនៅឆ្នាំ២០២១នេះ ។ លោក ស៊ិក ប៊ុនហុក រួមទាំងសមាសភាពគ.ជ.ប ៨រូបទៀត ត្រូវបានរដ្ឋសភាបោះឆ្នោតអនុម័តជាឯកច្ឆ័ន្ទកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ ក្រោយការសម្របសម្រួលនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ តាមរូបមន្ត៤-១-៤ (គណបក្សប្រជាជនកម្ពុជា៤រូប សង្គមស៊ីវិល១រូប និងអតីតគណបក្សសង្គ្រោះជាតិ៤រូប) ៕

ដោយ ស .សំណាង

To Top