នយោបាយ

បទវិចារណកថា៖ ១៩២១-១៩៩៨ បង្កើតបាន «មិត្តដែកថែប ចិន-កម្ពុជា»

ភ្នំពេញ៖ គណបក្សកុំម្មុយនីស្តចិន ត្រូវបានបង្កើតឡើង នាថ្ងៃទី ១ខែកក្កដា ឆ្នាំ១៩២១ និងបានបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន នាថ្ងៃទី១ ខែតុលា ឆ្នាំ១២១ ។ បិតាស្ថានិកសាធារណៈរដ្ឋប្រជាមានិតចិន គឺលោកប្រធាន ម៉ៅ សេទុង និង ជូ អេឡាយ និងសម្តេចព្រះបរមរតនកោដ្ឋិ ព្រះបាទ នរោត្តម សីហនុ បានមានទំនាក់ទំនងដ៏ស្អិតរមូត ជាបន្តបន្ទាប់ ចាប់តាំងពីកិច្ចប្រជុំនៅទីក្រុងបានដុង ប្រទេសឥណ្ឌូនេស៊ី ក្នុងសន្និសីទចលនាមិនចូលបក្សសម្ព័ន្ធ នាឆ្នាំ១៩៥៥។

ទំនាក់ទំនងស្អិតរមួត និងជាប្រពៃណី ត្រូវបានពង្រឹងពង្រីកបន្ថែមទៀត ជាពិសេសនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃដាក់ចេញនូវ គោលនយោបាយឈ្នះឈ្នះ របស់រដ្ឋបុរស អគ្គស្ថាបនិកសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ទំនាក់ទំនងកម្ពុជា- ចិន ក្រោមមគ្គុទេសន៏ដឹកនាំ របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានក្លាយជាទំនាក់ទំនង ដៃគូសហប្រតិបត្តិការ និងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។

ក្រោមដឹកនាំដ៏ឈ្លាសវៃ និងទស្សនៈវិជ្ជា ដ៏ភ្លឺស្វាង របស់មេដឹកនាំកំពូលទាំងពីរ កម្ពុជា-ចិន ក៏បានឈានដល់ការបង្កើតនូវ “ជោគវាសនារួម”។ដូចពាក្យស្លោកមួយ លើកឡើងថា “ជួយគ្នាក្នុងគ្រាក្រ” មេដឹកនាំទាំងពីរ បានបន្តជួយ យកអាសារគ្នាទៅវិញមក នៅគ្រប់កាលៈទេសៈ។ ជាពិសេសក្នុងបរិបថចុងក្រោយ ដែលពិភពលោក កំពុងទទួលរងការវាយប្រហារពីជំងឺឧត្បាត កូវីដ១៩ ប្រទេសទំាងពីរ ត្រូវបានគេមើលឃើញថា ប្រកៀកស្មាគ្នាប្រយុទ្ធ យ៉ាងសស្រាក់សស្រាំ និងមិនរុញរា លើសត្រូវគ្មានរូប គ្មានស្រមោល គ្មានក្លិន គ្មានពណ៌ គ្មាននិន្នាការ និងទទួលបានជោគជ័យជាបន្តបន្ទាប់។

នៅខែមីនា ឆ្នាំ២០២០ គ្រាដែល ពិភពលោក បាននិងកំពុងរើសអើង ប្រទេសចិន មេដឹកនាំចិន ជនជាតិចិន ផ្ទុយទៅវិញ រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ផ្ទាល់តែម្តង ដើម្បីបង្ហាញនូវការគាំទ្រ និងផ្តល់ភាពកក់ក្តៅដល់ថ្នាក់ដឹកនាំ និងប្រជាជនចិន។ ដំណើរទស្សនកិច្ចដ៏កម្រនោះ ត្រូវបាន ប្រជាជាតិចិន ចាត់ទុករដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន របស់កម្ពុជា ថា “បុរសសង្ហារដើរបញ្រ្ចាសទិស”។ បញ្ច្រាសទិស នៅត្រង់ថា គ្រប់កម្មវិធីទស្សនៈកិច្ចទាំងអស់របស់ភ្ញៀវបរទេស ទៅកាន់ប្រទេសចិន ត្រូវបានលប់ចោល។

ក្រោយពីកិច្ចខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត និងស្មារតីប្រយុទ្ធលើ សត្រូវគ្មានរូប គ្មានក្លិន គ្មានពណ៌ ប្រទេសចិន ផលិតបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដោយជោគជ័យ ជាទីមោទកភាព។

វ៉ាក់សាំងទាំងពីររបស់ចិន «ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម»ត្រូវបានបញ្ជូនមកដល់ ប្រទេសកម្ពុជា ដែលជាប្រទេសទី១ បំផុតនៅលើពិភពលោក ទទួលបានពីប្រទេសចិន។ នេះសក្ខីភាពមួយ ដ៏
ប្រត្យក្រនៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ដូចអ្វីដែលមេដឹកនាំកំពូលទាំងពីរ ប្រទេស ប្រសិទ្ធភាពនាមថា “មិត្តភាពដែកថែប” គ្មានអំណាចភ្លើងណាមួយ អាចដុត “ដែកថែប” កម្ពុជា-ចិន បានឡើយ។

គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាទទួលបានវ៉ាក់សាំង គ្រប់ផែនការរបស់ខ្លួន ចំនួន២០លានដូស សម្រាប់ចាក់ជូន ប្រជាពលរដ្ឋ ចំនួន១០លាននាក់ (អាយុចាប់ពី១៨ឆ្នាំឡើង) ។ សម្តេចតេជោ បានយកប្រទេសចិន ជាដៃគូយុទ្ធសាស្រ្ត សម្រាប់ការទទួលបានវ៉ាក់សាំងនេះ នៅពេលប្រទេសខ្លះ ដែលផលិតបានវ៉ាក់សាំង ហើយ នៅមិនទាន់ចែក ជូនដល់ប្រទេសកំពុង អភិវឌ្ឍន៍ នៅឡើយ។

យើងអាចនិយាយបានថា សមិទ្ធផលដ៏ធំមហិមា «២៩ ធ្នូ នាំ១៩៩៨» បានបង្កើតកាលានុវត្ត ដល់ប្រទេសកម្ពុជា ក្នុងការ ស្តារ និង អភិវឌ្ឍន៍ លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ស្តែងចេញពីការគាំទ្រមិនអាចខ្វះ ពីមិត្តភាពដែកថែប កម្ពុជា- ចិន ក្រោមការដឹកនាំ របស់រដ្ឋបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកប្រធានាធិបតីចិន ស៊ី ជីនពីង។
គោលនយោបាយ ឈ្នះ ឈ្នះ របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Raod Initiative-BRI) របស់ លោក ស៊ី ជីនពីង ពិតជាបានក្លាយជាកម្លាំងដ៏ទាក់ទាញ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យបោះជំហានទៅមុខ យ៉ាងខ្លាំងក្លា ដូចអ្វីដែលមេដឹកនាំកំពូលទាំង២ មានចក្ខុនិមិត្តរួមគ្នា នោះគឺ “យកឈ្នះខ្លួនឯងនៅថ្ងៃនេះ និងយកឈ្នះខ្លួនឯងនៅស្អែក”៕

ដោយៈ សយ សុភាព សហប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន

To Top