នយោបាយ

ក្រសួងយុត្តិធម៌ ៖ សំណុំរឿងលោក កែម ឡី រដ្ឋមានកាតព្វកិច្ចស៊ើបអង្កេត ស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ មិនមែនយុត្តិធម៌តាមផ្លូវអារម្មណ៍ និងផ្លូវនយោបាយ

ភ្នំពេញ ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា សំណុំរឿងលោក កែម ឡី រដ្ឋមានកាតព្វកិច្ចស៊ើបអង្កេតស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ មិនមែនយុត្តិធម៌តាម ផ្លូវអារម្មណ៍ និងផ្លូវនយោបាយតាមការទាមទារបស់ក្រុមធ្វើអាជីវកម្ម លើមរណភាពលោក កែម ឡី។

ការលើកឡើងរបស់ លោក ជិន ម៉ាលីន ក្រោយពីវិទ្យុអាស៊ីសេរី បានចេញផ្សាយថា សហគមន៍ខ្មែរ និងភរិយាលោក កែម ឡី និងសមាជិកសភាអូស្ត្រាលី នៅតែចាត់ទុកថា យុត្តិធម៌ដែលតុលាការនៅរាជធានីភ្នំពេញ បានផ្ដល់ឲ្យក្នុងសំណុំរឿងបាញ់សម្លាប់ លោក កែម ឡី ជាយុត្តិធម៌ក្លែងក្លាយ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោក ជិន ម៉ាលីន ឆ្លើយតបវិញថា «ក្នុងករណីសំណុំរឿង បណ្ឌិត កែម ឡី រដ្ឋមានកាតព្វកិច្ចធ្វើការស៊ើបអង្កេត និងស្វែងរកនូវយុត្តិធម៌តាមផ្លូវច្បាប់ មិនមែនយុត្តិធម៌តាមផ្លូវអារម្មណ៍ និងផ្លូវនយោបាយតាមការទាមទា របស់ក្រុមដែលតែងតែធ្វើអាជីវកម្មនយោបាយលើ មរណភាពបណ្ឌិត កែម ឡី នោះទេ។ យុត្តិធម៌តាមផ្លូវច្បាប់ មានន័យថា ការសម្រេចសេចក្តីត្រូវធ្វើឡើង ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ដែលមានជាធរមាន ព្រមទាំងមូលដ្ឋានភស្តុតាង និងសក្ខីកម្មផ្នែកច្បាប់រឹងមាំដែលកើតចេញពីការស៊ើបអង្កេតរបស់សមត្ថកិច្ច»។

លោក ពន្យល់ថា ក្នុងសំណុំរឿងព្រហ្មទណ្ឌ ប្រសិនបើភាគីពាក់ព័ន្ធណាមួយ មិនអាចទទួលយកបានការសម្រេចរបស់តុលាការ ពួកគេអាចប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ក្នុងការប្តឹងទាស់ ប្តឹងឧទ្ធរណ៍ ឬប្តឹងសើរើក៏បាន ក្នុងករណីសេចក្តីសម្រេចចូលជាធរមានរួចហើយក៏ដោយ តែត្រូវមានភស្តុតាង ទឡ្ហីករណ៍ និងសក្ខីកម្មផ្នែកច្បាប់រឹងមាំ ផ្ទុយទៅនឹងការរកឃើញរបស់សមត្ថកិច្ច។

លោក បន្ដថា ជាក់ស្តែង ក្រុមដែលធ្វើអាជីវកម្មនយោបាយលើមរណភាព លោក កែម ឡី នាពេលកន្លងមក មិនដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់ទាំងអស់នេះទេ ក្រៅតែពីការថ្លែងសារនយោបាយ ចោទប្រកាន់ រិះគន់ បន្តុះបង្អាប់សមត្ថកិច្ច និងដាក់ការមន្ទិលសង្ស័យ ដោយមិនមានភស្តុតាងផ្ទុយនិងមូលដ្ឋានផ្នែកច្បាប់រឹងមាំអ្វីទាំងអស់ តែផ្ទុយទៅវិញបែជាតម្រូវឲ្យសមត្ថកិច្ចជាអ្នកស្វែងរកភស្តុតាងផ្ទុយទាំងអស់នោះទៅវិញ ដែលនេះ គឺខុសទៅនឹងនីតិវិធីនិងបញ្ញត្តិច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា។

រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ លើកឡើងទៀតថា ចំណែកឯការដែលស្នើឲ្យ បង្កើតគណៈកម្មការឯករាជ្យមានការចូលរួមពីបរទេស ដើម្បីស៊ើបអង្កេតលើសំណុំរឿងដែលតុលាការ នៃរដ្ឋអធិបតេយ្យមួយបានបំពេញកិច្ចនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់របស់ខ្លួនចប់សព្វគ្រប់រួចអស់ហើយនោះ ក៏មិនអាចទៅរួចដែរ ដោយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិរបស់កម្ពុជា ជាពិសេស គោលការណ៍ច្បាប់អន្តរជាតិពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់រដ្ឋ ដែលមិនអនុញ្ញាតឲ្យបង្កើតរដ្ឋលើរដ្ឋអធិបតេយ្យនោះឡើយ។

សូមរំលឹកថា លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្រោយមកទៀត តុលាការ ក៏បានកាត់ទោសឃាតករ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា ជួប សម្លាប់ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត៕

To Top