នយោបាយ

វិភាគ ៖ ក្រុមតាលីបង់ អាហ្វហ្កានិស្ថាន រៀបចំយុទ្ធសាស្ត្រ យកឈ្នះទាំង សមរភូមិប្រយុទ្ធ និងឈ្នះទាំងការទូត

បច្ចុប្បន្នភាព

អ្នកជំនាញផ្នែកកិច្ចការ អន្តរជាតិជាច្រើន បានលើកឡើង ប្រហាក់ប្រហែលគ្នាថា ក្រុមតាលីបង់ នៅប្រទេស អាហ្វហ្កានិស្ថាន កំពុងរៀបចំយុទ្ធសាស្ត្រ ក្នុងការយកជ័យជម្នះទាំង នៅលើសមរភូមិប្រយុទ្ធ និងទាំងការទូតនៅលើឆាកអន្តរជាតិ ។ នេះបើយោងតាម Xinhua ។

ចាប់តាំងពីថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ ក្រុមតាលីបង់នៅប្រទេស អាហ្វហ្កានិស្ថាន បានទទួលជ័យជម្នះទាំងស្រុក លើសមរភូមិប្រយុទ្ធ ដោយអ្នកប្រយុទ្ធរបស់ក្រុមនេះ បានចូលកាន់កាប់ទីក្រុង កាប៊ុល ដែលជារដ្ឋធានីធំបំផុត របស់អាហ្វហ្កានិស្ថាន ។

ក្រោយពីវាយប្រហារដណ្តើមបានទីក្រុង កាប៊ុល ក្រុមតាលីបង់បានប្រកាសពីជ័យ ជម្នះរបស់ខ្លួនលើសមរភូមិប្រយុទ្ធ និងបានត្រួតត្រាប្រទេសនេះទាំងស្រុក ដែលជាជ័យជម្នះមានមោទនភាពបំផុត ក្នុងប្រវត្តិសាស្ត្រ ក្នុងការបណ្តេញកងទ័ព បរទេសចេញពីប្រទេសនេះ ។

នេះជាយុទ្ធសាស្ត្រទី១ ដែលក្រុមតាលីបង់បានរៀបចំ និងបានអនុវត្តដោយជោគជ័យ ហើយយុទ្ធសាស្ត្រទី២ ដែលក្រុមនេះបានរៀបចំ និងកំពុងបន្តអនុវត្តបន្ថែមទៀត គឺការទទួលជ័យជម្នះ លើសមរភូមិការទូត ដើម្បីពង្រីកខ្លួនលើកឆាកអន្តរជាតិ ។

ក្រុមតាលីបង់ កំពុងបង្ហាញយ៉ាងច្បាស់ក្រឡែត នូវយុទ្ធសាស្ត្រទី២ ដើម្បីទទួលជ័យជម្នះលើ សមរភូមិការទូត ដោយក្រុមនេះចង់ បានការទទួលស្គាល់រដ្ឋាភិបាល របស់ខ្លួនជាលក្ខណៈអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និង អង្គការសហប្រជាជាតិ ។

អស់រយៈពេលជាង១សប្តាហ៍កន្លងមកហើយ ដែលក្រុមតាលីបង់ បានទទួលជ័យជម្នះលើសមរភូមិប្រយុទ្ធ និងបានគ្រប់គ្រងប្រទេសអាហ្វហ្កានិស្ថាន យ៉ាងពេញលេញ ប៉ុន្តែក្រុមនេះ មិនបានចូលគ្រប់គ្រងអំណាចតែម្នាក់ឯង ដោយបង្កើតរដ្ឋាភិបាលថ្មី ភ្លាមៗនោះទេ គឺក្រុមនេះ នៅអែអង់ និងបានជួបពិភាក្សា ជាមួយអតីតមេដឹកនាំរដ្ឋាភិបាល អាហ្វហ្កានិស្ថានជាច្រើននាក់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដោយមានការចូលរួមពីមន្ត្រី អតីតរដ្ឋាភិបាលរបស់ប្រទេសនេះ ។

កាលពីថ្ងៃពុធ ទី១៨ ខែសីហានេះ លោក Anas Haqqani មន្ត្រីជាន់ខ្ពស់ របស់ក្រុមតាលីបង់ បានជួបពិភាក្សាជាមួយលោក Hamid Karzai អតីតប្រធានាធិបតីរបស់ប្រទេស អាហ្វហ្កានិស្ថាន ដែលបានកាន់អំណាចនៅចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៤ ។

លោក Hamid Karzai គឺជាអតីតប្រធានាធិបតីអាហ្វហ្កានិស្ថាន ដែលមានប្រជាប្រិយភាព មានឥទ្ធិពល និងមានទំនាក់ទំនងល្អ ផ្នែកការទូតជាមួយបណ្តាប្រទេសនានា នៅជុំវិញពិភពលោក រួមទាំងអង្គការ សហប្រជាជាតិផងដែរ ។

ជំនួនរវាងលោក Hamid Karzai និងលោក Anas Haqqani នៅ ទីក្រុងកាប៊ុល កាលពីថ្ងៃពុធ គឺមេដឹកនាំទាំងពីរបានពិភាក្សាគ្នា ផ្តោតសំខាន់ទៅលើការបង្កើតរដ្ឋាភិបាល ចម្រុះមួយ ដោយមានការចូលរួមពីអតីតមន្ត្រីរដ្ឋាភិបាល ចាស់របស់លោក Hamid Karzai ។

ផ្ទាំងពាណិជ្ជកម្ម

លោក Zabihullah Mujahid អ្នកនាំពាក្យរបស់ក្រុមតាលីបង់ បាននិយាយថា តាលីបង់ ចង់បានរដ្ឋាភិបាលអាហ្វហ្កានិស្ថានថ្មីមួយ ដែលមានសាមគ្គីភាព និងឯកភាពជាតិ ដើម្បីរុញច្រាន អាហ្វហ្កានិស្ថានអោយល្បីល្បាញ នៅលើឆាកអន្តរជាតិ ។

លោក Zabihullah Mujahid បានបន្ថែមថា តាលីបង់មិនមែនជួបពិភាក្សាតែជាមួយលោក Hamid Karzai នោះទេ តែមន្ត្រី របស់ក្រុមនេះ នឹងជួបពិភាក្សា ជាមួយឥស្សរជនជាច្រើន រូបទៀតនៅពេលខាងមុខ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលមានសក្តានុពលភាព ។
រដ្ឋាភិបាលថ្មី របស់ប្រទេសអាហ្វហ្កានិស្ថាន មិនមែនជារដ្ឋាភិបាលឯកោ និងគ្មានទំនាក់ទំនង ជាមួយសហគមន៍អន្តរជាតិនោះទេ ប៉ុន្តែជារដ្ឋាភិបាល ដែលមានការគាំទ្រ ពីសហគមន៍អន្តរជាតិ រួមទាំងមានការគាំទ្រ ពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិផងដែរ ។

លោក Zabihullah Mujahid បានបញ្ជាក់ថា ក្រុមតាលីបង់ ក៏មានបំណងចង់បានមន្ត្រីជាន់ខ្ពស់សំខាន់ៗក្នុងរដ្ឋាភិបាល របស់លោកប្រធានាធិបតី Ashraf Gani ចូលបម្រើការងារនៅក្នុងរដ្ឋាភិបាលថ្មី ដែលនឹងត្រូវដឹកនាំដោយក្រុមតាលីបង់នេះដែរ ទោះបីជាលោកប្រធានាធិបតី Ashraf Gani បានភៀសខ្លួនចាកចេញ ពីប្រទេសនេះទៅកាន់ប្រទេស អារ៉ាប់រួមក៏ដោយ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយក្រុមតាលីបង់ អាហ្វហ្កានិស្ថាន មិនព្រមឡើងកាន់អំណាចភ្លាមៗតែម្នាក់ឯង និងនៅបន្តពន្យាពេលក្នុង ការបង្កើតរដ្ឋាភិបាលថ្មី ក្រោយពីខ្លួនបានទទួលជ័យជម្នះ លើសមរភូមិប្រយុទ្ធទាំងស្រុង ទៅហើយនោះ គឺដោយសារក្រុមតាលីបង់ចង់បានរដ្ឋាភិបាលថ្មី ដែលនឹងបានទទួលជំនួយ និងបានទទួលការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។

ជំនួយអន្តរជាតិ សំខាន់ណាស់ សម្រាប់អោយក្រុមតាលីបង់ មានអំណាចពេញលេញនៅប្រទេស អាហ្វហ្កានិស្ថាន ដោយសារតែក្រុមនេះ ធ្លាប់មានប្រវត្តិ ប្រព្រឹត្តអំពើឃោរឃៅ រំលោភសិទ្ធិមនុស្ស និងការគាបសង្កត់ធ្ងន់ធ្ងរ លើប្រជាពលរដ្ឋ ដែលជាហេតុនាំអោយស្ថាប័ន ហិរញ្ញវត្ថុធំៗនៅលើពិភពលោក បានប្រកាសផ្អាកជំនួយដល់រដ្ឋាភិបាលអាហ្វហ្កានិស្ថាន ក្រោយពីក្រុមឧទ្ទាមតាលីបង់ បានចូលកាន់កាប់ប្រទេសនេះ ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសផ្អាកជំនួយ ជាប្រាក់ប្រមាណ៧៣០លានដុល្លារអាមេរិក ដែលនឹងត្រូវផ្តល់អោយរដ្ឋាភិបាល អាហ្វហ្កានិស្ថាន នៅថ្ងៃទី២៣ ខែសីហានេះ និងផ្អិបគណនី របស់រដ្ឋាភិបាលអាហ្វហ្កានិស្ថានទាំងស្រុង ដែលមានមាស និងទឹកប្រាក់ប្រមាណ ជាង៧ពាន់លានដុល្លារអាមេរិក មិនអោយក្រុមតាលីបង់ដកមាស និងទឹកប្រាក់ទាំងនេះយកទៅប្រើប្រាស់បាន ។

បញ្ហានេះហើយ ទើបធ្វើអោយក្រុមតាលីបង់ មិនចូលក្តោបក្តាប់អំណាច ភ្លាមតែម្នាក់ឯងភ្លាមៗក្រោយពីទទួលបានជោគជ័យ ក្នុងសមរភូមិប្រយុទ្ធនោះទេ ដោយក្រុមនេះ កំពុងអនុវត្តតាមយុទ្ធសាស្ត្រយកឈ្នះផ្នែក ការទូតមួយទៀត ដោយរដ្ឋាភិបាលថ្មីតាលីបង់ នឹងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងទទួលបានជំនួយអន្តរជាតិផងដែរ ។

គិតត្រឹមថ្ងៃអាទិត្យ ទី២២ ខែសីហានេះ យុទ្ធសាស្ត្រយក ឈ្នះការទូត របស់ក្រុមតាលីបង់ បានទទួលសញ្ញាវិជ្ជមានបណ្តើរៗហើយ ដោយមានប្រទេស ជាច្រើន នៅជុំវិញពិភពលោក មានប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ និងប្រទេសទួរគី បានទទួលស្គាល់ក្រុមតាលីបង់ ថា ជាអ្នកដឹកនាំប្រទេសអាហ្វហ្កានិស្ថាន ៕
ដោយ ៖ អ៊ី ជិន

To Top