នយោបាយ

វិភាគ ៖ អ៊ីរ៉ង់ និងកូរ៉េខាងត្បូង មើលមុខគ្នាមិនចំ ដោយសារអាមេរិក

បច្ចុប្បន្នភាព

ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងត្បូង បានឡើងកម្តៅកាន់តែខ្លាំង ក្នុងរយៈពេលជាង ២សប្តាហ៍កន្លងមកនេះ ដែលនាំអោយមេដឹកនាំ នៃប្រទេសទាំងពីរ នៅតែមើលមុខគ្នា មិនចំ ដោយសារការលូកដៃ ដោយប្រយោលពីសំណាក់ សហរដ្ឋអាមេរិក ចូលក្នុងកិច្ចការ នៃប្រទេសទាំងពីរ ។

ប្រទេសអ៊ីរ៉ង់ បានទាមទារអោយកូរ៉េខាងត្បូង ប្រគល់ទឹកប្រាក់ប្រមាណ ៧ពាន់ ៨រយលានដុល្លារ អាមេរិកអោយទៅអ៊ីរ៉ង់វិញ ដែលកូរ៉េខាងត្បូង បានបង្កកក្នុងធនាគារ និងមិនទាន់បានបង្វិលទឺកប្រាក់ទាំងនេះ អោយទៅប្រទេសអ៊ីរ៉ង់ តាមកិច្ចសន្យា ។

សូមបញ្ជាក់ជូនថា ទឹក ប្រាក់ប្រមាណ ៧ពាន់ ៨រយលានដុល្លារអាមេរិក ដែលកូរ៉េខាងត្បូង បានបង្កកក្នុងធនាគារ មិនអោយអ៊ីរ៉ង់ ដកយកទៅប្រើប្រាស់បាននោះ គឺជាទឹកប្រាក់ដែលកូរ៉េខាងត្បូង បានទិញប្រេងឥន្ធនៈពីអ៊ីរ៉ង់ ឬជាលុយជំពាក់ថ្លៃ ប្រេងឥន្ធនៈអ៊ីរ៉ង់ ។

អ៊ីរ៉ង់បានទាមទារ អោយកូរ៉េខាងត្បូង ផ្តល់លុយជំពាក់ថ្លៃប្រេងឥន្ធនៈអោយទៅខ្លួនវិញទៅតាមកិច្ចសន្យា ដែលកូរ៉េខាងត្បូង មិនអាចបង្កកលុយអ៊ីរ៉ង់ ទុកក្នុងធនាគារបែបនេះបានទេ ប៉ុន្តែកូរ៉េខាងត្បូង បានឆ្លើយតបថា ខ្លួនបង្កកលុយអ៊ីរ៉ង់នេះ គឺជាការអនុវត្ត តាមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានដាក់ទៅលើអ៊ីរ៉ង់សាជាថ្មី កាលពីឆ្នាំ២០១៨កន្លងទៅ ។

គិតត្រឹមថ្ងៃអង្គារ ទី១២ ខែតុលានេះ កូរ៉េខាងត្បូង នៅតែបង្កកទឹកប្រាក់ថ្លៃប្រេងឥន្ធនៈរបស់ប្រទេសអ៊ីរ៉ង់ប្រមាណ ៧ពាន់ ៨រយលានដុល្លារអាមេរិកនៅក្នុងធនាគារដដែល ដោយមិនប្រគល់អោយអ៊ីរ៉ង់ទៅតាមការទាមទារនោះទេ ។

ភាពតានតឹង រវាងអ៊ីរ៉ង់ និងកូរ៉េខាងត្បូង បានឡើង កម្តៅកាន់តឺខ្លាំង ខណៈដែលអ៊ីរ៉ង់ នៅតែមានភាព មិនច្បាស់លាស់ ក្នុងការទទួល បានទឹកប្រាក់ថ្លៃប្រេងពីកូរ៉េខាងត្បូង ដែលត្រូវបានបង្កកនៅក្នុងធនាគារ តាមការចង្អុលបង្ហាញ របស់សហរដ្ឋអាមេរិក ។

អរិភាពរវាងអ៊ីរ៉ង់ និងកូរ៉េខាងត្បូង បានកើតឡើង ដោយសារសហរដ្ឋអាមេរិក ដែលកាលពីឆ្នាំ២០១៨កន្លងទៅ អតីតប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ។

ក្រោយពីដកអាមេរិក ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ លោក ដូណាល់ ត្រាំ បានសម្រេច ដាក់ទណ្ឌកម្ម គ្រប់យ៉ាងលើ ប្រទេសអ៊ីរ៉ង់សាជាថ្មី ទាំងការនាំចេញប្រេងពីអ៊ីរ៉ង់ និងទាំងការបង្កកសាច់ប្រាក់អ៊ីរ៉ង់ ក្នុងធនាគារ នៅក្នុងប្រទេស ដែលជាសម្ព័ន្ធមិត្តអាមេរិក ។

មុនឆ្នាំ២០១៥ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបែបនេះ លើប្រទេសអ៊ីរ៉ង់ ប៉ុន្តែនៅឆ្នាំ២០១៥ ប្រទេសមហាអំណាច ៥+១ នៅលើពិភពលោក មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ។

ក្រោយពីប្រទេសមហាអំណាច ៥+១ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ អ៊ីរ៉ង់ បានរួចទណ្ឌកម្មពីសហរដ្ឋអាមេរិក និងអាចនាំចេញ ប្រេងឥន្ធនៈចេញទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងអាចដក ទឹកប្រាក់ថ្លៃ លក់ប្រេងឥន្ធនៈចេញពីធនាគារ គ្រប់ប្រទេសបានយ៉ាងស្រួល ។

ក្រោយពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ អាមេរិកបានដាក់ទណ្ឌកម្ម គ្រប់យ៉ាងលើអ៊ីរ៉ង់សាជាថ្មី ហើយកូរ៉េខាងត្បូង ដែលបានទិញ ប្រេងឥន្ធនៈពីអ៊ីរ៉ង់ មុនឆ្នាំ២០១៨ និងមិនទាន់ទូទាត់លុយថ្លៃ ប្រេងជាមួយអ៊ីរ៉ង់ ក៏មិនអាចផ្ទេរលុយថ្លៃប្រេង ទៅអោយអ៊ីរ៉ង់បាន ដោយសារបំពានលើទណ្ឌកម្មអាមេរិក ។

សូមបញ្ជាក់ជូនថា ខណៈដែលសហរដ្ឋអាមេរិក បានចុះហត្ថលេខាកិច្ច ព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងបានដកទណ្ឌកម្ម សេដ្ឋកិច្ចចេញពីអ៊ីរ៉ង់កាលពីឆ្នាំ២០១៥ ការដោះដូរពាណិជ្ជកម្មរវាងអ៊ីរ៉ង់ និងកូរ៉េខាងត្បូង មានទំហំទឹកប្រមាណជាង ១ម៉ឺន ២ពាន់លានដុល្លារអាមេរិក ។

ប្រទេសអ៊ីរ៉ង់ គឺជាដៃគូពាណិជ្ជកម្មធំ លំដាប់ទី៣ នៅតំបន់មជ្ឈិមបូព៌ាជាមួយកូរ៉េខាងត្បូង ដោយអ៊ីរ៉ង់បានលក់ផលិតផល ប្រេងឥន្ធនៈអោយកូរ៉េខាងត្បូង និងទិញពីកូរ៉េខាងត្បូងមកវិញនូវ ផលិតផលឧស្សាហកម្ម ផលិតផលប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងបន្លាស់រថយន្ត ។

ប្រសិនបើប្រទេស ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកណាមួយ មិនអនុវត្តតាមទណ្ឌកម្ម ដែលអាមេរិក បានដាក់លើប្រទេសអ៊ីរ៉ង់ ដោយនៅតែរកស៊ីជាមួយអ៊ីរ៉ង់ គឺអាមេរិកនឹងដាក់ទណ្ឌកម្មលើប្រទេសនោះ ដូចអ៊ីរ៉ង់ដែរ ដែលនេះជាមូល ហេតុសំខាន់ ដែលនាំអោយកូរ៉េខាងត្បូង បង្កកទឹកប្រាក់ថ្លៃប្រេងអ៊ីរ៉ង់ មិនអោយអ៊ីរ៉ង់ ដកយកទៅប្រើប្រាស់បាន ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយ សហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើអ៊ីរ៉ង់សាជាថ្មី ដែលនាំអោយ អ៊ីរ៉ង់ និងប្រទេសសម្ព័ន្ធមិត្តអាមេរិក មើលមុខគ្នាមិនចំ គឺដោយសារអតីតប្រធានាធិបតី របស់សហរដ្ឋអាមេរិកយល់ លោក ដូណាល់ ត្រាំ យល់ថា កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសមហាអំណាច ៥+១ កាលពីឆ្នាំ២០១៥ ត្រូវបានចែងខ្លឹមសារ មិនគ្រប់ជ្រុងជ្រោយ ។

ការសម្រេចចិត្តដកអាមេរិក ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ លោក ដូណាល់ ត្រាំ មានបំណងជួបចរចា ជាមួយមេដឹកនាំ របស់ប្រទេសអ៊ីរ៉ង់ ដើម្បីបង្កើត កិច្ចព្រមព្រៀងថ្មីមួយទៀត ដែលនឹងត្រូវបានចែង ខ្លឹមសារ គ្រប់ជ្រុងជ្រោយទៅតាមការចង់ បានរបស់សហរដ្ឋអាមេរិក ប៉ុន្តែបំណងរបស់លោក ត្រាំ បានទទួលបរាជ័យដោយសារអ៊ីរ៉ង់ មិនបានជួបចរចាជាមួយអាមេរិក ដូចដែលលោក ត្រាំ បានរំពឹងទុក ។

រហូតមកដល់ពេលបច្ចុប្បន្ននេះ អ៊ីរ៉ង់នៅតែទទួចថា ការចរចាជាមួយអាមេរិក ស្តីពីកិច្ចព្រមព្រៀងនុក្លេអ៊ែរអ៊ីរ៉ង់ នឹងត្រូវធ្វើទៅបាន លុះត្រាតែអាមេរិក ដកទណ្ឌកម្មសេដ្ឋកិច្ចចេញ ពីប្រទេសអ៊ីរ៉ង់ ជាមុនសិន ហើយបើអាមេរិក មិនដកទណ្ឌកម្មទេ អ៊ីរ៉ង់ក៏មិនជួប ចរចាដែរ ហើយអ៊ីរ៉ង់មិនអនុវត្តតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ទាំងស្រុងដែរ ៕
ដោយ ៖ អ៊ី ជិន

To Top