នយោបាយ

វិភាគ ៖ តំបន់អាស៊ី កំពុងក្លាយជាទីលាន រត់ប្រណាំងសព្វាវុធ និង សង្គ្រាមត្រជាក់ថ្មី

បច្ចុប្បន្នភាព

លោក Lyndon Burford អ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលសិក្សាវិទ្យាសាស្ត្រ និងសន្តិសុខ របស់ចក្រភពអង់គ្លេស បាននិយាយថា នៅពេលបច្ចុប្បន្ននេះ ពិភពលោកមើលឃើញ កាន់តែច្បាស់ អំពីការរត់ប្រណាំងសព្វាវុធ និងការបញ្ឆេះអោយមាន សង្គ្រាមត្រជាក់សាជាថ្មី តាមរយៈសកម្មភាពមួយចំនួន របស់ប្រទេសមហាអំណាច ។

លោក Lyndon Burford បានបន្ថែមថា សហរដ្ឋអាមេរិក និងប្រទេសចិន គឺជាប៉ូលដ៏សំខន់ ដែលនាំអោយមានការ រត់ប្រណាំងសព្វាវុធ និងបង្កអោយមានសង្គ្រាមត្រជាក់ នៅលើពិភពលោកសាជាថ្មី ហើយតំបន់អាស៊ី គឺជាទីលាន នៃការរត់ប្រណាំងសព្វាវុធ និងសង្គ្រាមត្រជាក់ ដោយប្រទេសចិន គឺជាប្រភពគោល នៃការប្រកួតប្រជែងឥទ្ធិពល ។

ពិភពលោក ធ្លាប់រងគ្រោះម្តងហើយ ដោយសារការរត់ប្រណាំងសព្វាវុធ និង សង្គ្រាមត្រជាក់ រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដោយប្រទេស មហាអំណាចទាំងពីរនេះ បានប្រកួតប្រជែង ដណ្តើមឥទ្ធិពល នៅលើពិភពលោក បណ្តាលអោយប្រទេសមួយចំនួន បានធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងរងទុក្ខវេទនាយ៉ាងខ្លាំង ។

ដោយសារតែសង្គ្រាមត្រជាក់ គឺសង្គ្រាមដណ្តើមឥទ្ធិពល រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ប្រទេសមួយចំនួន បានបែកចេញជា២ ឬច្រើនផ្នែក ហើយប្រទេសខ្លះ នៅមិនទាន់មានសន្តិភាពនៅឡើយ ដូចជាឧបទ្វីបកូរ៉េ ដែលបានបែកខ្លួន ចេញជាពី២ផ្នែក គឺកូរ៉េខាងជើង និងខាងត្បូង ក៏ដោយសារតែសង្គ្រាមត្រជាក់ដែរ ។

សង្គ្រាមត្រជាក់ បានផុតរលត់ទៅកាលពីឆ្នាំ១៩៩០ ក្រោយពីអតីត សហភាពសូវៀត បានដួលរលំ និងមិន មានសមត្ថភាព ក្នុងការតតាំង ជាមួយសហរដ្ឋអាមេរិក ក្នុងសង្គ្រាមត្រជាក់ បន្តទៀត ហើយពិភពលោក ក៏បានស្ងប់ស្ងាត់ ចាប់តាំងពីពេលនោះមក ដោយមានតែការប៉ះទង្គិចគ្នា តិចតួចរវាងប្រទេសមហាអំណាចទាំងពីរ ហើយការរត់ប្រណាំងសព្វាវុធ ក៏បានស្ងប់ស្ងាត់ ទៅតាមការដួលរលំ នៃអតីតសហភាពសូវៀតដែរ ។

លោក Matt Morda អ្នកស្រាវជ្រាវជាន់ខ្ពស់ ក្នុងគម្រោងព័ត៌មាននុយក្លេអ៊ែរ នៅអង្គភាពអ្នកវិទ្យាសាស្ត្រ សហព័ន្ធអាមេរិក (FAS) បាននិយាយថា យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំគូប្រជែងក្នុងសង្គ្រាមត្រជាក់ គឺបង្កើនឥទ្ធិពលផ្នែកសព្វាវុធមុន ទើបបង្កើនឥទ្ធិពល ខាងនយោបាយ និងការទូតជាក្រោយ ។

ការប្រកួតប្រជែងជាមួយប្រទេសចិន នៅពេលបច្ចុប្បន្ននេះ ក៏សហរដ្ឋអាមេរិក ប្រើប្រាស់យុទ្ធសាស្ត្រពង្រឹង ឥទ្ធិពលខាងយោធាមុនដែរ ខណៈដែលប្រទេសចិន ក៏កំពុងបង្កើនឥទ្ធិពលខាងសព្វាវុធ របស់ខ្លួនយ៉ាងខ្លាំង តាមរយៈការផលិតមីស៊ីល នាវាចម្បាំង នាវាដឹកយន្តហោះចម្បាំង និងបង្កើតបរិមាណក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ ។

យុទ្ធសាស្ត្រ១ របស់សហរដ្ឋអាមេរិក ក្នុងការបង្កើនឥទ្ធិពលខាង សព្វាវុធនៅក្នុងតំបន់ ដើម្បីទប់ទល់នឹង ឥទ្ធិពលយោធា របស់ប្រទេសចិន គឺសហរដ្ឋអាមេរិក បានសម្រេចលក់បច្ចេកវិទ្យា សាងសង់ នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ ដល់ប្រទេសអូស្ត្រាលី ក្នុងកិច្ចព្រមព្រៀង មួយជាមួយប្រទេសអូស្ត្រាលី ដែលមាន៣ ប្រទេសជាសមាជិក ។

កិច្ចព្រមព្រៀង៣ប្រទេសនេះ ឈ្មោះថា កិច្ចព្រមព្រៀង ភាពជាដៃគូសន្តិសុខ AUKUS ដែលមានប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ជាសមាជិក រួមទាំងកិច្ចព្រមព្រៀង លក់បច្ចេកវិទ្យាសាងសង់ នាវាមុជទឹកអោយអូស្ត្រាលីចំនួន ៨គ្រឿងផងដែរ ដែលមានតម្លៃរហូតដល់ជាង ៦៦ពាន់លានដុល្លារអាមេរិក ។

ការលក់នាវាមុជទឹកចំនួន ៨គ្រឿង អោយប្រទេសអូស្ត្រាលីនេះ គឺជាការរត់ប្រណាំង សព្វាវុធនៅក្នុងតំបន់អាស៊ី ខណៈនៅលើពិភពលោកនេះ មានប្រទេសត្រឹមតែ៦ ប្រទេសប៉ុណ្ណោះ ដែលមាននាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរ គឺមានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចក្រភពអង់គ្លេស ប្រទេសបារាំង ចិន និងប្រទេសឥណ្ឌា ។

ក្នុងចំណោមប្រទេសទាំង៦នេះ គឺជាប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ តែប្រទេសអូស្ត្រាលី មិនមានអាវុធ នុយក្លេអ៊ែរទេ តែសហរដ្ឋអាមេរិក បែរជាលក់បច្ចេកវិទ្យា សាងសង់នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ អោយប្រទេសអូស្ត្រាលីទៅវិញ ។

ដើមចមនាំអោយកើតរឿង

អ្នកជំនាញផ្នែកនយោបាយ ការពារជាតិ និងសន្តិសុខ របស់ចក្រភពអង់គ្លេស (UK’s defense and security policy experts) បានអោយដឹងថា ដើមចមដែលនាំអោយ មានការរត់ប្រណាំងសព្វាវុធ និងសង្គ្រាមត្រជាក់នៅតំបន់អាស៊ី គឺដោយសារប្រទេសចិន បានបង្កើនឥទ្ធិពល យ៉ាងខ្លាំងក្នុងតំបន់ ទាំងខាងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទាំងខាងយោធា ។

ប្រភពដដែលបានបន្តថា ការរត់ប្រណាំងសព្វាវុធ និងសង្គ្រាមត្រជាក់ រវាងប្រទេសចិន និងសហរដ្ឋអាមេរិក នៅពេលបច្ចុប្បន្ននេះ អាចនឹងមានគ្រោះថ្នាក់ ដល់ពិភពលោក ជាពិសេសគ្រោះថ្នាក់ សម្រាប់តំបន់អាស៊ី ខ្លាំងជាងសង្គ្រាមត្រជាក់ រវាងសហរដ្ឋអាមេរិក និង អតីតសហភពសូវៀត កាលពីអតីតកាល ។

ប្រសិនបើសហរដ្ឋអាមេរិក នៅតែប្រើយុទ្ធសាស្ត្ររុញប្រទេស​ ក្នុងតំបន់អោយប្រឈមមុខ ជាមួយប្រទេសចិន ដែលជាគូប្រជែងរបស់ខ្លួន ដូចជាការរុញ ប្រទេសអូស្ត្រាលី អោយងើបឡើងតតាំង ជាមួយប្រទេសចិន គឺជាគ្រោះថ្នាក់មួយសម្រាប់សាមីប្រទេស ដោយសារតែចិន នឹងមិនអត់អោនអោយអូស្ត្រាលីទេ ប្រសិនបើចិន មានផលប៉ះពាល់ ដោយសារអូស្ត្រាលី ។

ភាពតានតឹងក្នុងសង្គ្រាមត្រជាក់ អាចនឹងឡើងកម្តៅកាន់តែខ្លាំង នៅពេលខាងមុខ ដោយសារយុទ្ធសាស្ត្រពង្រឹង ឥទ្ធិពលសព្វាវុធ របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសជាសម្ព័ន្ធ ហើយការប៉ះទង្គិចគ្នា ដោយសព្វាវុធ អាចនឹងកើតឡើង ជាបន្តបន្ទាប់ និងទីបំផុត សង្គ្រាមនុយក្លេអ៊ែរ អាចនឹងផ្ទុះឡើងនៅលើពិភពលោក ដោយចៀសមិនរួច ។

គិតត្រឹមឆ្នាំ២០២១នេះ ប្រទេសចំនួន៩ ប្រទេស នៅលើពិភពលោក ដែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ គឺមានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង អង់គ្លេស ឥណ្ឌា ប៉ាគិស្ថាន អ៊ីស្រាអែល និងប្រទេសកូរ៉េខាងជើង ហើយភាពតានតឹង ក្នុងសង្គ្រាមត្រជាក់ រវាងសហរដ្ឋអាមេរិក និងប្រទេសចិន អាចនឹងរុញច្រាន ប្រទេសណាមួយ ក្នុងចំណោមប្រទេសទាំង៩នេះ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីដោះស្រាយបញ្ហា ដែលនៅពេលនោះ មនុស្សនៅលើផែនដី នឹងរងគ្រោះធ្ងន់ធ្ងរ បំផុតគ្មានទីបញ្ចប់ ៕
ដោយ ៖ អ៊ី ជិន

To Top