នយោបាយ

វិភាគ ៖ បារាំង និងអូស្ត្រាលី មើលមុខគ្នាមិនចំ ដោយសារអាមេរិក

បច្ចុប្បន្នភាព

ប្រធានាធិបតី របស់ប្រទេសបារាំង លោក Emmanuel Macron បានបង្ហាញឥរិយាបថ ក្រោធខឹងយ៉ាងខ្លាំង ចំពោះនាយករដ្ឋមន្ត្រី របស់ប្រទេសអូស្ត្រាលី លោក Scott Morrison ដែលបានហែកចោលកិច្ចព្រមព្រៀង ទិញនាវាមុជទឹក ពីប្រទេសបារាំង និងងាកទៅទិញ នាវាមុជទឹកពីសហរដ្ឋអាមេរិកវិញ ។

លោក Macron បាននិយាយថា លោក Morrison បាននិយាយកុហកទាំងស្រុងទាក់ទង នឹងកិច្ចសន្យាទិញនាវាមុជ ខណៈដែលអូស្ត្រាលី បានចុះកិច្ចព្រមព្រៀង ទិញនាវាមុជទឹកពីបារាំងរួចហើយ បែរជាទៅទិញពីអាមេរិកវិញ ដោយលុបកិច្ចព្រមព្រៀង ជាមួយបារាំង ដែលជាទង្វើ មិនអាចយោគយល់បាន ។

ចំណែកលោក Morrison បានឆ្លើយតបទៅលោក Macron វិញថា លោកមិនបាន និយាយកុហក ប្រធានាធិបតីបារាំងលើសំណុំ រឿងទិញនាវាមុជទឹក ពីបារាំងនោះទេ ហើយការចុះកិច្ចព្រមព្រៀង ទិញ នាវាមុជទឹកពី សហរដ្ឋអាមេរិក ក៏ត្រូវបានធ្វើឡើង ក្នុងគោលដៅពង្រឹង ប្រព័ន្ធការពារជាតិ របស់ប្រទេសអូស្ត្រាលីដែរ ។

លោក Morrison បានបន្ថែមថា នាវាមុជទឹករបស់ប្រទេសបារាំង មិនអាចបំពេញតម្រូវការ របស់ក្រសួងការពារជាតិ អូស្ត្រាលីបានទេ ដោយសារតែនាវាមុជទឹក របស់ប្រទេសបារាំង ដើរដោយថាមពលឥន្ធនៈ ប៉ុន្តែនាវាមុជទឹក របស់សហរដ្ឋអាមេរិក ដើរដោយថាមពល នុយក្លេអ៊ែរ និងត្រូវបានបំពាក់ ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ។

សូមបញ្ជាក់ជូនថា ភាពតានតឹងរវាងប្រទេសបារាំង និងអូស្ត្រាលី ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង ទិញនាវាមុជទឹកនេះ គឺបានកើនឡើងដោយសារអូស្ត្រាលី បានហែកចោលកិច្ចព្រមព្រៀង ដែលត្រូវបានធ្វើឡើង រវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៦កន្លងទៅ ដែលកាលពីឆ្នាំ២០១៦ ប្រទេសអូស្ត្រាលី បានចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹកចំនួន ១២គ្រឿងពីប្រទេសបារាំង ដែលជានាវាមុជទឹក ដើរដោយថាមពលឥន្ធនៈ ។

ក្នុងកិច្ចព្រមព្រៀង នោះ អូស្ត្រាលី នឹងចំណាយទឹកប្រាក់ប្រមាណ ៦៦ពាន់លានដុល្លារអាមេរិក ក្នុងការទិញ នាវាមុជទឹកដើរ ដោយថាមពល ឥន្ធនៈពីប្រទេសបារាំង ដោយបារាំងនឹងសាងសង់ នាវាមុជទឹកទាំង ១២គ្រឿងនោះអោយ រួចរាល់នៅឆ្នាំ២០៣៦ខាងមុខ ទៅតាមកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ។

អូស្ត្រាលី មានគោលដៅពង្រឹង សមត្ថភាពកងទ័ពជើងទឹក របស់ខ្លួននៅពេលខាងមុខ ដែលនឹងត្រូវបំពាក់ ដោយនាវាមុជទឹកចំនួន ១២គ្រឿង ទៅតាមកិច្ចព្រមព្រៀង ជាមួយបារាំង ហើយបារាំងនឹងសាងសង់ នាវាមុជទឹកអោយអូស្ត្រាលីទៅ តាមកាលកំណត់ រួមទាំងអូស្ត្រាលី ក៏នឹងត្រូវចំណាយប្រាក់ ទៅតាមកិច្ចព្រមព្រៀងដែរ ។

កាលពីខែកញ្ញា ឆ្នាំ២០២១នេះ ប្រទេសអូស្ត្រាលី បានប្រកាសលុបកិច្ចព្រមព្រៀង ទិញនាវាមុជទឹកពីប្រទេសបារាំង និងបានងាកទៅទិញនាវាមុជទឹក ពីសហរដ្ឋអាមេរិកវិញ ខណៈដែលអាមេរិក បានសម្រេចលក់នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរចំនួន ៨គ្រឿង អោយប្រទេសអូស្ត្រាលី ។

ផ្ទាំងពាណិជ្ជកម្ម

មូលហេតុដែលអូស្ត្រាលី បានសម្រេចហែកចោលកិច្ចព្រមព្រៀង ទិញនាវាមុជទឹកពីបារាំង គឺដោយសារនាវាមុជទឹកបារាំង ដើរដោយថាមពលឥន្ធនៈ ដែលមិនអាចចេញទៅបំពេញ បេសកកម្មនៅក្នុងសមុទ្ររយៈពេលយូរបាន ប៉ុន្តែនាវាមុជទឹកដើរដោយថាមពល នុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក អាចបំពេញបេសកកម្ម នៅក្នុងសមុទ្ររយៈពេលយូរបាន ។

ស្របពេលដែល អូស្ត្រាលី បានទិញទិញនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិកនេះដែរ អូស្ត្រាលី ក៏បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ភាពជាដៃ សន្តិសុខមួយឈ្មោះថា AUKUS ដែលមានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ជាសមាជិក ក្នុងគោលដៅពង្រឹង សមត្ថភាព កងទ័ពជើងទឹកប្រឆាំងនឹងប្រទេសចិន ។

នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ៨គ្រឿង ដែលសហរដ្ឋអាមេរិក នឹងលក់អោយប្រទេសអូស្ត្រាលីនេះ នឹងធ្វើអោយកងទ័ពជើង ទឹកអូស្ត្រាលី មានសមត្ថភាពកាន់តែខ្ពស់ ដែលអាចការពារអធិបតេយ្យភាព របស់ខ្លួនបាន ។

ដើមចមនាំអោយកើតរឿង

ប្រព័ន្ធផ្សព្វផ្សាយ The Guardian របស់ចក្រភពអង់គ្លេស បានចុះផ្សាយ កាលពីថ្ងៃចន្ទ ទី១ ខែវិច្ឆិកានេះថា ដើមចមដែលនាំអោយមេដឹកនាំ របស់ប្រទេសបារាំង និងអូស្ត្រាលី មើលមុខគ្នាមិនចំ នៅពេលបច្ចុប្បន្ននេះ គឺ ដោយសារសហរដ្ឋអាមេរិក ។

ទាំងបារាំង និងអូស្ត្រាលី គឺជាប្រទេសសម្ព័ន្ធមិត្តចាក់ទឹកមិន លិចរបស់សហរដ្ឋអាមេរិក ហើយអាមេរិក ក៏ដឹងច្បាស់ដែរថា បារាំងបានចុះកិច្ចសន្យាលក់នាវា មុជទឹកដើរដោយថាមពល ឥន្ធនៈចំនួន ១២គ្រឿងអោយទៅប្រទេសអូស្ត្រាលី ។

អូស្ត្រាលី ងាកទៅទិញនាវាមុជទឹកពីអាមេរិក គឺដោយសារអាមេរិកលក់នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរចំនួន ៨គ្រឿង អោយអូស្ត្រាលី ដែលជាប្រភេទនាវា មុជទឹកល្អជាង មានសមត្ថភាពខ្ពស់ជាង និងត្រូវបានបំពាក់ ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបជាង ។

នាវាមុជទឹករបស់ប្រទេសបារាំង ១២គ្រឿង និងនាវាមុជទឹក របស់សហរដ្ឋអាមេរិក ៨គ្រឿង មានតម្លៃប្រហាក់ប្រហែលគ្នា ដែលជាហេតុនាំអោយអូស្ត្រាលី បានសម្រេចចិត្តងាកទៅទិញ នាវាមុជទឹករបស់អាមេរិក និងបោះចោល ប្រទេសបារាំង ។

បារាំង ខឹងទាំងអូស្ត្រាលី និងទាំងអាមេរិក ដែលអូស្ត្រាលី បំពានកិច្ចសន្យាទិញលក់ ហើយអាមេរិក បំពានបារាំងជាសម្ព័ន្ធមិត្ត ដោយលក់នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរអោយអូស្ត្រាលី ទាំងដឹងថា អូស្ត្រាលី បានចុះកិច្ចព្រមព្រៀង ជាមួយបារាំងរួចហើយ ៕
ដោយ ៖ អ៊ី ជិន

To Top