នយោបាយ

វិភាគ ៖ ចិន និងអាមេរិក ប្រឈមមុខដាក់គ្នា កាន់តែខ្លាំង លើសំណុំរឿង កោះតៃវ៉ាន់

បច្ចុប្បន្នភាព

ប្រធានាធិបតី របស់ប្រទេសចិន លោក ស៊ី ជីនពីង បានចេញនូវការ ព្រមានមួយ កាលពីថ្ងៃពុធ ទី២៤ ខែវិច្ឆិកានេះ ចំពោះសហរដ្ឋអាមេរិក ដែលព្យាយាម លើកទឹកចិត្ត កោះតៃវ៉ាន់ អោយប្រឈមមុខ ខាងយោធា ជាមួយប្រទេសចិន ។

លោក ស៊ី ជីនពីង បានព្រមានថា សហរដ្ឋអាមេរិក កំពុងបង្កើតកំហុសធ្ងន់ធ្ងរមួយទៀត (US made a big mistake) ឬជាការប្រលែង លេងជាមួយភ្លើង (Playing with fire) ដោយជំរុញកោះតៃវ៉ាន់ អោយប្រឈមមុខ ជាមួយប្រទេសចិន ។

ប្រទេសចិន នឹងចាត់វិធានការជាក់ស្តែង ដែលជាការឆ្លើយតប ទៅលើសហរដ្ឋអាមេរិកវិញ ប្រសិនបើប្រទេសមហាអំណាច មួយនេះ នឹងអញ្ជើញកោះតៃវ៉ាន់ អោយទៅចូលរួមប្រជុំ នៅថ្ងៃទី៩ដល់ទី១០ ខែធ្នូ ចុងឆ្នាំ២០២១នេះ ទៅតាមសេចក្តីប្រកាសរបស់ខ្លួន ។

ការព្រមាន របស់ប្រធានាធិបតីចិន ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ក្រោយពីក្រសួងការបរទេស របស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែង ការណ៍មួយ កាលពីថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកានេះ ស្តីអំពីការបើកជំនួបកំពូល នៅចន្លោះចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ចុងឆ្នាំ២០២១នេះ ដោយមានប្រទេស និងដែនដីចំនួន ១១០ ចូលរួម ។

កិច្ចប្រជុំនេះ គឺជាជំនួបកំពូលលើកដំបូង ក្រោមគំនិតផ្តួចផ្តើម របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដោយមានមេដឹកនាំមកពីប្រទេស និងដែនដីច្រើនបំផុតចូលរួម និងត្រូវបានអោយឈ្មោះថា កិច្ចប្រជុំស្តីពីលទ្ធិប្រជាធិបតេយ្យ (Summit for Democracy) ដែលកិច្ចប្រជុំនេះ នឹងត្រូវបានលើកឡើងអំពីសារសំខាន់នៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នៅក្នុងប្រទេស និងដែនដីដែលបានចួលរួម ។

សេចក្តីប្រកាស របស់សេតវិមាន បានអោយដឹងថា ប្រទេស និង ដែនដីទាំង១១០ ដែលនឹងត្រូវបានអញ្ជើញ អោយចូល រួមកិច្ចប្រជុំ ស្តីពីលទ្ធិ ប្រជាធិបតេយ្យនេះ គឺមានប្រទេស លោកខាងលិចស្ទើរ តែទាំងអស់ រួមទាំងប្រទេស ឥណ្ឌា ប៉ាគិស្ថាន អ៊ីរ៉ាក់ និងប្រេស៊ីល ។ សេចក្តីប្រកាស របស់សេតវិមាន បានបញ្ជាក់ថា កោះតៃវ៉ាន់ ក៏នឹងត្រូវបានអញ្ជើញ អោយចូលរួមក្នុង Summit for Democracy នេះដែរ ដោយសារកោះនេះ បានប្រកាន់យកគោលនយោយបាយ តាមលទ្ធិប្រជាធិបតេយ្យ និង មានការបោះឆ្នោតទៀតទាត់ ។

សហរដ្ឋអាមេរិក បានសម្រេចចិត្តអញ្ជើញកោះតៃវ៉ាន់ អោយចូលរួមប្រជុំ ប៉ុន្តែប្រទេសមហាអំណាចមួយនេះ មិនបានអញ្ជើញប្រទេសចិន អោយទៅចូលរួមប្រជុំទេ ដែលធ្វើអោយចិនក្តៅក្រហាយយ៉ាងខ្លាំង រហូតដល់ព្រមានសងសឹក អាមេរិកវិញ ។

អាមេរិក មិនត្រឹមតែមិនអញ្ជើញ ប្រទេសចិន អោយចូលរួមប្រជុំនោះទេ ប្រទេសនេះ ក៏មិនអញ្ជើញប្រទេស រុស្ស៊ី និងប្រទេសទួរគី រួមទាំងសម្ព័ន្ធមិត្តអារ៉ាប់ មានប្រទេសអេហ្ស៊ីប អារ៉ាប៊ី សាអ៊ូឌីត ហ្សកដានី កាតា និងអារ៉ាប់រួម អោយចូលរួមប្រជុំដែរ ។

ក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយពីសេតវិមាន អាមេរិក បានចេញសេចក្តីប្រកាស អំពីកិច្ចប្រជុំស្តី ពីលទ្ធិប្រជាធិបតេយ្យ (Summit for Democracy)នេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហាញប្រតិកម្មយ៉ាងខ្លាំង ចំពោះការ សម្រេចចិត្ត របស់សហរដ្ឋអាមេរិក ដែលនឹងអញ្ជើញកោះតៃវ៉ាន់អោយចូលរួម ក្នុងកិច្ចប្រជុំនេះ ។

លោក Zhao Lijian បាននិយាយថា ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក គឺជាការបង្ករឿង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ដែលជាសកម្មភាពរុញច្រាន អោយមានភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសទាំងពីរ ។

សូមរំលឹកជូនថា កាលពីថ្ងៃទី២១ ខែវិច្ឆិកានេះ ប្រទេសចិន បានសម្រេចជាផ្លូវការក្នុងការ កាត់បន្ថយទំនាក់ទំនងការទូត ជាមួយប្រទេសលីទុយអានី ដោយសារចិនក្តៅក្រហាយ នឹងលីទុយអានី ដែលបានយល់ព្រម កាលពីខែកក្កដា អោយកោះតៃវ៉ាន់ បើកការិយាល័យតំណាង នៅក្នុងប្រទេសរបស់ខ្លួន «

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រទេស មហាអំណាចទាំងពីរ គឺចិន និងអាមេរិក ប្រឈមមុខដាក់គ្នា កាន់តែខ្លាំង លើសំណុំរឿង កោះតៃវ៉ាន់ គឺដោយសារសហរដ្ឋអាមេរិក កំពុងព្យាយាមជាន់ពន្លិចប្រទេសចិន ដែលកំពុងបង្កើនឥទ្ធិពល កាន់តែខ្លាំងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
សហរដ្ឋអាមេរិក បានប្រើប្រាស់យុទ្ធសាស្ត្រចាស់ដដែល ក្នុងការជាន់ពន្លិចឥទ្ធិពលចិន ដោយប្រទេសមហាអំណាច មួយនេះ កំពុងយកកោះតៃវ៉ាន់ ជាឈ្នាន់ដោយលក់គ្រឿងសព្វាវុធ ពង្រឹងទំនាក់ទំនងការទូត និង ផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់កោះតៃវ៉ាន់ ។

សូមរំលឹកជូនថា កាលពីទសវត្សរ៍ឆ្នាំ៧០ សហរដ្ឋអាមេរិក ក៏បានប្រើប្រាស់យុទ្ធសាស្ត្រ ប្រហាក់ប្រហែលគ្នា នេះដែរ ក្នុងការប្រកួតប្រជែង ដណ្តើមឥទ្ធិពលជាមួយអតីតសហភាព សូវៀត ដោយយកប្រទេសនៅតំបន់អឺរ៉ុប អោយប្រឈមមុខ ដាក់សូវៀត ។

ជាយុទ្ធសាស្ត្រជាន់ពន្លិចឥទ្ធិពលយោធា របស់អតីតសហភាពសូវៀត សហរដ្ឋអាមេរិក បានបង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដែលហៅកាត់ថា ណាតូ (NATO) ដែលមានវត្តមានរហូត ដល់ពេលបច្ចុប្បន្ននេះ និងមានឥទ្ធិល លើប្រទេសរុស្ស៊ី ។
យុទ្ធសាស្ត្រជាន់ពន្លិចឥទ្ធិពលយោធា របស់ប្រទេសចិននៅពេលបច្ចុប្បន្ននេះ ក៏សហរដ្ឋអាមេរិក បានប្រើប្រាស់យុទ្ធសាស្ត្រ ប្រហាក់ប្រហែលគ្នានេះដែរ ដោយអាមេរិក បានយកកោះតៃវ៉ាន់ និងបង្កើតភាពជាដៃគូសន្តិសុខ AUKUS ដែលមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី ជាសមាជិក ។

ទោះបីជាយ៉ាងណាក៏ ក៏ប្រទេសចិន ហាក់ដូចជាដឹងអស់ទៅហើយ អំពីយុទ្ធសាស្ត្រជាន់ពន្លិច របស់សហរដ្ឋអាមេរិលើចិន ហើយចិន ក៏ទំនងបានរៀបចំយុទ្ធសាស្ត្រ គ្រប់គ្រាន់ដែរហើយក្នុងការទប់ទល់ ជាមួយសហរដ្ឋអាមេរិក ៕
ដោយ ៖ អ៊ី ជិន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×