នយោបាយ

វិចារណកថា នយោបាយ សួស្ដីឆ្នាំថ្មី ២០២២

ប្រវត្តិសាស្រ្តរបស់ពិភពលោក គឺចាប់ពីក្រោយសង្រ្គាមលោកលើកទី២ចប់ រហូតមកដល់សព្វថ្ងៃនេះ មានការផ្លាស់ប្ដូរប្រែប្រួលច្រើន មកពីមានព្រឹត្តិការណ៍ធំៗ ដែលបានកើតមានឡើង ដោយពុំអាចមានការទាយទុក ព្យាករណ៍ណាមួយបានឡើយ!។ ហើយរបៀបរបបពិភពលោកមួយ មានលក្ខណៈសម្បត្តិ ជាពហុប៉ូល ដែលត្រូវបានឯកច្ឆ័ន្ទ បង្កើតឡើងក្រោយសង្រ្គាមលោកលើកទី២ ហើយដែលប្រព័ន្ធនយោបាយមួយនេះ ត្រូវបានស្ថិតស្ថេរ គង់វង្សអស់រយៈកាលជិត៤ទសវត្សរ៍នោះ ក៏ត្រូវបានរលំរលាយទៅនាឆ្នាំ១៩៩១បន្ទាប់ពីកំពែងដ៏រឹងមាំ នៃប្រព័ន្ធសង្គមនិយម ដែលមាន សហភាពសូវៀតជាប្រធាន និងបណ្ដាប្រទេសអឺរ៉ុបខាងកើត ដែលត្រូវបានផ្ដួលរំលំទាំងផ្ទាំងៗមកពីការអស់ជំនឿទៅលើនិកាយសាសនា(Doctrine )មួយមិនពិតប្រាកដ ខ្វះបទពិសោធន៍ដឹកនាំ ក្នុងវិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច និងពាណិជ្ជកម្មនោះ! នៅសល់តែចិនប្រជាមានិតមួយដែលនៅបន្តរឹងមាំ និងអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់ថ្ងៃនេះនោះ!។

         ការដួលរលំនូវប្រព័ន្ធសង្គមនិយមនេះ បាននាំទៅជាមួយនូវផែនទីពិភពលោកមួយដែលត្រូវបានពួកBilderberg គូសឡើងវិញ ដោយធ្វើការបែងចែកតំបន់ឥទ្ធិពលសារជាថ្មីនៅលើ Grand Chessboard  ព្រមទាំងគួបផ្សំទៅនឹងរដ្ឋឯករាជ្យមួយចំនួនចាប់មានកំណើត និងបានចូលរួមក្នុងសហគមន៍ប្រជាជាតិរបស់ពិភពលោកនោះ! ហើយដែលបច្ច័យមួយនេះ បានជះផលប៉ះពាល់មកលើស្ថានភាពរបស់ពិភពលោក ដែលធ្វើឱ្យមានដំណើរវិវត្តន៍មួយប្រកបទៅដោយភាពស្មុគស្មាញ ប្រទាក់ក្រឡាគ្នា និងមានអស្ថេរភាពទៅវិញ! ដែលក្នុងនោះ ក៏រួមមានទាំងគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយបង្កើតឡើងដោយមនុស្សលោក មានភាពកាចសាហាវ គួរឱ្យបារម្ភនោះ!។

         ក្នុងបរិបទនយោបាយមួយដែលមានទិដ្ឋភាពរួមប្រកបទៅដោយពហុប្រយោជន៍ ដែលបង្កប់ទៅដោយចរិតសួនតួ បែងចែកផលប្រយោជន៍យ៉ាងជ្រាលជ្រៅនេះ បានជះឥទ្ធិពលយ៉ាងអវិជ្ជមានមកលើដំណើរការសាកលភាវូបនីយកម្ម និងសមាហរណកម្មទាំងក្នុងតំបន់ និងអន្តរជាតិ ហើយដែលហេតុផលនេះបាននាំដល់ការវិវត្តន៍ ផ្លាស់ប្ដូរ ទៅតាមផលប្រយោជន៍របស់់់ប្រទេសនីមួយៗ ក្រោមគ្រប់រូបភាព និងលើគ្រប់វិស័យ ប្ដូរគោលនយោបាយ ប្ដូរសម្ព័ន្ធភាព មានចក្ខុវិស័យថ្មី និងចូលរួមក្នុងការប្រកួតប្រជែងដើម្បីផលប្រយោជន៍របស់ខ្លួន និងរបស់ក្រុមបក្ខពួករបស់ខ្លួន! ដែលចំណុចទាំងនេះ បានធ្វើឱ្យមានការប៉ះពាល់មកលើក្រុមប្រទេសដែលជាសម្ព័ន្ធភាពរបស់ប្រទេសខ្លួន!។ ព្រោះការប្រកួតប្រជែងគ្នាក្នុងការស្វែងរកអំណាច និងឧត្តមភាព បានធ្វើឲ្យមានការលេចធ្លោនូវកត្តាអំបូរ ពូជសាសន៍ សាសនា ប្រជាធិបតេយ្យ សិទ្ធិមនុស្ស អំពើភេរវកម្មឆ្លងដែន និងបណ្ដាបញ្ហាប្រឈមកើតមកពីចរន្តជនចំណាកស្រុក ការប្រែប្រួលអាកាសធាតុ បញ្ហាប្រើប្រាស់ទឹកសាប…ល.ល ដែលបច្ច័យរសើបទាំងអស់នេះបានក្លាយទៅជាទឡ្ហីករណ៍នយោបាយមួយសម្រាប់ជាលេសប្រឆាំង និងជាការតថ្លៃនយោបាយជាមួយគ្នាទៅវិញទៅមក ក៏តែដើម្បីផលប្រយោជន៍សួនតួរបស់ខ្លួនតែប៉ុណ្ណោះ!។

         ក្នុងមួយទសវត្សរ៍នេះ បន្ទាប់ពីបញ្ហាសមុទ្រចិនខាងត្បូងមក ស្រាប់តែមានការកើតឡើងនូវបញ្ហាទន្លេមេគង្គ បញ្ហាទឹក និងបញ្ហាប្រភពទឹកផង! ដែលកម្មវត្ថុពីរនេះ ត្រូវបានមើលឃើញយ៉ាងច្បាស់ថានឹងប្រែក្លាយទៅជាចំណុចក្ដៅបំផុតក្នុងឆ្នាំ២០២២ ដោយពួកឥណ្ឌូប៉ាស៊ីហ្វិកចាត់ទុកបញ្ហាពីរនេះ ជាបញ្ហាអសន្តិសុខទាំងក្នុងតំបន់ និងលើពិភពលោកនាពេលខាងមុខនេះ!។

         មហាអំណាចស្រមោល និងលាក់មុខដែលអ្នកនយោបាយស្គាល់ថាពួក Illuminati, Freemason ពិសេសគឺ Bilderberg Group នេះ បានដើរតួយ៉ាងសំខាន់ក្នុងការកំណត់ ចាត់ចែង និងបង្កើតឡើងឲ្យមានស្ថាប័នអំណាចសេដ្ឋកិច្ចដ៏មហិមាបី ដែលពោរពេញទៅដោយសិទ្ធិអំណាចនោះគឺ World Bank (១៨៨សមាជិក) IMF (១៨៤សមាជិក) WTO (១៦០សមាជិក) ដែលយន្តការបីនេះ បានស្ថិតនៅក្រោមខួរក្បាល ចាត់ចែងដឹកនាំការងារនៅពីក្រោយគឺឺ Wall Street !។ គោលបំណងបង្កើតឡើងនូវស្ថាប័នបីនេះ គឺដើម្បីរឹតបន្តឹង និងត្រួតត្រាមកលើក្រុមប្រទេស ដែលមិនគោរពប្រតិបត្តិទៅតាមពួកគេនោះ! ដែលពួកគេហៅថា Rogue States នោះ!។រួចដាក់Embargoesដោយអយុត្តិធម៌បំផុត!។ ក្រៅពីនេះ ពួក Illuminati បានបំបែកយុទ្ធសាស្រ្តធំទៅជាយុទ្ធវិធីតូចៗ ដោយបានសម្រេចបង្កើតឡើងឱ្យមានស្ថាប័នសេដ្ឋកិច្ចសម្រាប់ក្នុងតំបន់នីមួយៗមានជាង១០០ស្ថាប័ន រួមទាំងមានពួក NGOs រាប់ពាន់ផងដែរ ដោយមានវិធានអនុវត្តន៍ខុសផ្សេងពីគ្នា តែគោលដៅតែមួយ គឺជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអំណាច ផ្ដួលរំលំក្រោមរូបភាពបដិវត្តន៍ពណ៌! ក្រៅពីនេះ ពួកគេនៅមានយន្តការ EU, ADB, ARFល-ល ហើយបើសម្រាប់អនុតំបន់វិញរួមមាន MRC, GMS ល-ល សំដៅបម្រើឱ្យទន្លេមេគង្គ ដែលមានមនុស្សលោកប្រមាណជាង៦៥លាននាក់រស់អាស្រ័យ ពឹងពាក់ទៅដោយទន្លេនេះ!។

         មេគង្គជាដងទន្លេមួយ ដែលបានរត់ឆ្លងកាត់៦ប្រទេស ដែលក្នុងប្រទេសនីមួយៗមានស្ថានភាពភូមិសាស្រ្ត ទឹកដី និងអាកាសធាតុខុសផ្សេងពីគ្នា! តែទោះបីជាមានស្ថានភាពធម្មជាតិ និងវិសាលភាពភូមិសាស្រ្តខុសផ្សេងពីគ្នាយ៉ាងណាក៏ដោយ ក៏ប្រទេសទាំង៦នេះ បានចាត់ទុកដងទន្លេមេគង្គថាជាប្រភពទឹក ជាដួងព្រលឹង ជាសមុទ្រទឹកដោះដែលបានប្រទានឱ្យប្រទេសរបស់ខ្លួនមានអាយុជីវិត រស់រានបានរហូតមកដល់ថ្ងៃនេះ ក៏ដោយសារទឹកទន្លេមេគង្គនេះឯង!។

         ក្នុងនយោបាយប្រកួតប្រជែងដណ្ដើមឧត្តមភាព និងដើម្បីកាន់កាប់បេះដូងពីបណ្ដាប្រជាជាតិដែលរស់នៅតាមបណ្ដោយដងទន្លេមេគង្គនេះ ពួកអ្នកយុទ្ធសាស្រ្តរបស់សេតវិមាន បានមើលឃើញជាយូរក្នុងការបង្កើតឱ្យមានឧបសគ្គនយោបាយ ដែលជាលេសមួយក្នុងការវាយប្រហារមកលើរដ្ឋអំណាចចិនដើម្បីគ្រាន់តែដណ្ដើមឧត្តមភាពតែប៉ុណ្ណោះ!។ ដោយពួកគេបានលើកឡើងនូវផលប៉ះពាល់ មកពីមានទំនប់វារីអគ្គិសនីលើទន្លេមេរបស់ដងទន្លេមេគង្គ បញ្ហាសន្តិសុខស្បៀង ការបារម្ភអំពីប្រភពជម្រកត្រី ការរីងស្ងួត ទឹកជំនន់ ដែលចុងក្រោយគឺផលវិបាកក្នុងការនាំឱ្យមានចរន្តជនចំណាកស្រុក ដោយគ្រោះធម្មជាតិ និងមកពីមានគ្រោះទុរភិក្សនោះ!។

         ក្រៅអំពីយន្តការអន្តរជាតិជាច្រើន ក៏មានយន្តការសហប្រតិបត្តិការក្នុងកម្រិតតំបន់សម្រាប់ទន្លេមេគង្គ តែខ្លឹមសារនៃក្របខណ្ឌសហប្រតិបត្តិការទាំងនេះ ពុំមានចរិតស៊ីជម្រៅដោយការបង្កើតឡើងនូវបណ្ដាយន្តការតំបន់ទាំងនេះ គ្រាន់តែជារូបភាពនយោបាយមួយឱ្យល្អមើលច្រើនជាងជាការងារបច្ចេកទេសសុទ្ធសាធ!។ ព្រោះដើម្បីជាការប្រកួតប្រជែង ជាការស្វែងរកឧត្តមភាព ក្នុងការបំពេញតុល្យភាពកម្លាំងតែប៉ុណ្ណោះ! ដោយពុំមែនជាការងារជួយស្រោចស្រង់ Save មេគង្គឡើយ!។

         ក្នុងបុព្វហេតុុដើម្បីសុខមាលភាពរបស់បណ្ដាសហគមន៍ប្រជាជាតិ៦៥លាននាក់ ដែលរស់នៅតាមបណ្ដោយទន្លេមេគង្គនោះ!។

         កម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតេយ្យភាព និងស្រឡាញ់សន្តិភាព ដូច្នេះសូមកុំយកបញ្ហាសមុទ្រចិនខាងត្បូង ពិសេសកុំយកបញ្ហាទន្លេមេគង្គធ្វើជាឧបសគ្គ ឬជាចំណាប់ខ្មាំងនយោបាយ! ដោយត្រូវរួមគ្នា ស្វែងរកដំណោះស្រាយមួយប្រកបទៅដោយតម្លាភាព មនុស្សធម៌ មានការទទួលខុសត្រូវខ្ពស់ និងមានចីរភាព ដើម្បីរួមជួយឱ្យទន្លេមេគង្គមួយនេះ រួចផុតពីអំពើប្រល័យដោយមហន្តរាយកើតមកពីបាតដៃរបស់មនុស្សនោះ!៕

                                                                     ដោយ ហើស សិរីធន

To Top