នយោបាយ

វិភាគ​ ៖ ចិនប្រាប់អាមេរិក​ ឲ្យកាត់បន្ថយក្បាលគ្រាប់ នុយក្លេអ៊ែរ របស់ខ្លួនវិញ ប្រសើរជាងឃាត់ចិន មិនឲ្យផលិត

បច្ចុប្បន្នភាព

ប្រធាននាយកដ្ឋាន គ្រប់គ្រងអាវុធក្រសួង ការពារជាតិចិន លោក Fu Cong បានប្រកាសថា សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត តែងតែបង្ហាញក្តី បារម្ភជាញឹកញាប់ អំពីការបង្កើន សមត្ថភាពខាងយោធា និងការធ្វើទំនើបកម្ម អាវុធនុយក្លេអ៊ែរ របស់ប្រទេសចិន ។

ទង្វើរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ត្រូវបានបង្ហាញ ចេញដោយផ្ទុយស្រឡះពី អ្វីដែលខ្លួនបានធ្វើ និងកំពុងធ្វើ នៅពេលបច្ចុប្បន្ននេះ ខណៈដែលសហរដ្ឋអាមេរិក បានពង្រីកវិស័យយោធា កាន់តែខ្លាំង និងមានក្បាលគ្រាប់ នុយក្លេអ៊ែរ ច្រើនជាងគេ នៅលើពិភពលោក ។

លោក Fu Cong បានបន្ថែមថា គិតត្រឹមឆ្នាំ២០២០កន្លងទៅថ្មីៗនេះ សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី កំពុងធ្វើទំនើបកម្ម ខាងយោធាខ្លាំងជាងគេ និងមានក្បាលគ្រាប់នុយក្លេអ៊ែរ ច្រើនជាងគេដែរ ដែលប្រទេសទាំងពីរ គួរតែកាត់បន្ថយក្បាលគ្រាប់ នុយក្លេអ៊ែរអោយនៅច្រើន ជាងគេតិចតួច ឬប្រហាក់ប្រហែលគេ ដោយមិនគួរមកបង្ហាញក្តី បារម្ភពីប្រទេសចិនទេ ។

គិតត្រឹមឆ្នាំ២០២០ កន្លងទៅ សហរដ្ឋអាមេរិក មានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៥៧៥០គ្រាប់ និងប្រទេសរុស្ស៊ីមាន ៦២៥៥គ្រាប់ ខណៈដែល ប្រទេសចិន មានក្បាលគ្រាប់ នុយក្លេអ៊ែរ ត្រឹមតែ ៣៥០គ្រាប់ ដែលមានបរិមាណតិចជាង ប្រទេសទាំង២យ៉ាងឆ្ងាយ ។

លោក Fu Cong បានទាមទារ អោយសហរដ្ឋអាមេរិក និងប្រទេស រុស្ស៊ី កាត់បន្ថយក្បាលគ្រាប់ នុយក្លេអ៊ែរ អោយនៅតិចតួចក្នុងបរិមាណ ប្រហាក់ប្រហែលប្រទេសមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត ប្រសើរជាងទាមទារ មិនអោយប្រទេសចិន ធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលជាទង្វើផ្ទុយស្រឡះ ពីសកម្មភាពរបស់ខ្លួន ។

លោក Fu Cong បានបញ្ជាក់ថា ប្រទេសចិន នឹងមិនធ្វើទំនើបកម្មខាងយោធា និងមិនបង្កើនក្បាលគ្រាប់ នុយក្លេអ៊ែរ របស់ខ្លួននោះទេ ប្រសិនបើសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី កាត់បន្ថយក្បាលគ្រាប់ នុយក្លេអ៊ែរ អោយនៅប្រហាក់ប្រហែលចិន និងប្រទេសផ្សេងទៀត ។
សូមរំលឹកជូនថា កាលពីថ្ងៃចន្ទ ទី៣ ខែមករាដើមសប្តាហ៍នេះ ប្រទេសមហាអំណាច នុយក្លេអ៊ែរទាំង៥ និងជាសមាជិក អចិន្ត្រៃយ៍ទាំង៥ របស់អង្គការសហប្រជាជាតិ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ស្តីអំពីការបញ្ចៀស សង្គ្រាមនុយក្លេអ៊ែរ នៅលើពិភពលោក ។

ក្នុងសេចក្តីថ្លែងការណ៍ របស់ប្រទេសមហាអំណាចនុយក្លេអ៊ែរ ទាំង៥ បានបញ្ជាក់ថា គ្មានប្រទេស ណាមួយ នឹងទទួលជ័យជម្នះពីការ ធ្វើសង្គ្រាម នុយក្លេអ៊ែរនោះទេ ហើយបើមានសង្គ្រាម នុយក្លេអ៊ែរ ពិភពលោកនឹងទទួលរង គ្រោះធ្ងន់ធ្ងរមិនខាន ។

សេចក្តីថ្លែងការណ៍ ក៏បានបញ្ជាក់អំពីការទប់ស្កាត់ការ ប្រើប្រាស់អាវុធ នុយក្លេអ៊ែរ ការមិនរីកសាយអាវុធនុយក្លេអ៊ែរ និង ការគម្រាម ដោយអាវុធ នុយក្លេអ៊ែរផងដែរ ទោះបីជាដោយចេតនា ឬ ដោយអចេតនាក៏ដោយ និងទោះបីជាក្នុង កាលៈទេសៈ ណាក៏ដោយ ។

ជារឿងចម្លែកមួយដែរ ដែលក្នុងរយៈពេល១ថ្ងៃក្រោយ ពីប្រទេស មហាអំណាច នុយក្លេអ៊ែរទាំង៥ នៅលើពិភពលោក បានចេញសេចក្តី ប្រកាសរួមអំពីការ ទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ និង ការមិនសាយភាយអាវុធ នុយក្លេអ៊ែរ ប្រទេសចិនបែរជាបានប្រកាសអំពីការ ធ្វើទំនើបកម្មអាវុធនុយក្លេអ៊ែរ របស់ខ្លួនទៅវិញ ។
ប្រទេសចិន បានពន្យល់ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ការទំនើបកម្មអាវុធនុយក្លេអ៊ែរ គឺត្រូវបានធ្វើឡើង ក្រោមហេតុផលសន្តិសុខ និងការពារសុវត្ថិភាព នៅពេលខាងមុខ ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី មានអាវុធនុយក្លេអ៊ែរ ច្រើនជាងចិន ។
សេចក្តីប្រកាសរបស់ប្រទេសចិន បានបញ្ជាក់ថា ប្រទេសនេះ នឹងបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរអោយដល់ចំនួន ៧០០គ្រាប់នៅឆ្នាំ២០២៧ និងអភិវឌ្ឍន៍អោយដល់ ប្រមាណជាង១០០០គ្រាប់នៅឆ្នាំ២០៣០ខាងមុខ ដែលជាចំនួន កាន់តែច្រើន ដោយ ចិន នឹងក្លាយជាប្រទេសមហាអំណាច នុយក្លេអ៊ែរ និងជាប្រទេសមហាអំណាច យោធា នៅឆ្នាំ២០៣៥ និងជាប្រទេសមានសមត្ថភាព ប្រយុទ្ធខ្លាំងជាងគេលើ ពិភពលោកនៅឆ្នាំ២៤៩ខាងមុខ ដែលមិនមាន ប្រទេសផ្សេងទៀត អាចប្រៀបផ្ទឹមបាន ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រទេសចិន ទាមទារអោយសហរដ្ឋអាមេរិក កាត់បន្ថយបរិមាណក្បាលគ្រាប់នុយក្លេអ៊ែរ អោយនៅតិច គឺដោយសារសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានរិះគន់ចិនយ៉ាងច្រើន អំពីការបង្កើនទំនើបកម្មខាង យោធា និងបង្កើនបរិមាណក្បាលគ្រាប់នុយក្លេអ៊ែរ ដែលផ្ទុយនឹងជំហរ ជាលក្ខណៈអន្តរជាតិ លើការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ ។

ប្រទេសចិន បានយកហេតុផលនេះ ទៅសង្កត់លើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងគោលដៅបន្តទំនើបកម្ម ខាងយោធា និងបង្កើនបរិមាណក្បាលគ្រាប់ នុយក្លេអ៊ែរ ក្រោយពីចិន បានបាញ់ សាកល្បង បានដោយជោគជ័យនូវមីស៊ីលល្បឿនលឿន ជាងសម្លេងដល់ទៅ៥ដង និងជាប្រភេទមីស៊ីល ដែលអាចគេចចេញ ពីប្រព័ន្ធរ៉ាដា ។

សហរដ្ឋអាមេរិក មិនអាចកាត់បន្ថយក្បាលគ្រាប់ នុយក្លេអ៊ែរ របស់ខ្លួនអោយនៅចំនួនប្រហាក់ប្រហែល នឹងប្រទេសចិនបានទេ ដែលនេះ គឺជាទឡ្ហីកម្មដ៏សំខាន់ សម្រាប់ប្រទេសចិន ក្នុងការយកទៅសង្កត់សហរដ្ឋអាមេរិកវិញ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រិះគន់ ឬថ្កោលទោសចិន អំពីការបង្កើនចំនួនក្បាល គ្រាប់នុយក្លេអ៊ែរ ។

អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ បានលើកឡើងថា នេះគ្រាន់តែជាចំណែកមួយ នៃការប្រកួតប្រជែងឥទ្ធិពល នៅលើឆាកអន្តរជាតិ រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ហើយប្រទេសមហាអំណាចទាំងពីរ នឹងបន្តដណ្តើមឥទ្ធិពលគ្នា បន្តទៀតនៅលើពិភពលោក ទាំងឥទ្ធិពលសព្វាវុធ សេដ្ឋកិច្ច និងនយោបាយ ៕
ដោយ ៖ អ៊ី ជិន

To Top