នយោបាយ

បទវិភាគ ៖ សហរដ្ឋអាមេរិក គួរតែចងចាំមេរៀន នៃសង្រ្គាម ប្រញាប់ប្រលែងដៃខ្មៅ ដែលបាននិងកំពុង ច្របាច់កប្រជាជន អាហ្វហ្កានីស្ថាន

“សហរដ្ឋអាមេរិកបានក្បត់ពួកយើង “! “លោក ចូ បៃដិន គឺ ជាមេដឹកនាំ នៃពិភពលោកគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពីព្រោះលោកបានបណ្តាល ឱ្យទុក្ខវេទនារបស់ពួកយើង មានភាពកាន់តែធ្ងន់ធ្ងរ ” ។ នាពេលថ្មីៗកន្លងទៅនេះ វេបសាយព័ត៌មានអន្តរជាតិ អាមេរិកមួយ ហៅកាត់ GRID បានយកបទ សម្ភាសន៍ ជាមួយប្រជាជន អាហ្វហ្កានីស្ថាន ចំនួន ៩ នាក់ នៅពេលរៀបរាប់ យ៉ាងលម្អិត នូវជីវភាពរស់នៅ របស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ពួកគេបានបង្ហាញ នូវការខឹងសម្បា ចំពោះសហរដ្ឋអាមេរិកព្រមៗគ្នា ។

គួររំលឹកថា កាលពីមួយឆ្នាំមុន កងទ័ពអាមេរិក ដែលបានឈ្លានពានអាហ្វហ្កានីស្ថាន អស់រយៈពេល ២០ ឆ្នាំ បានដកចេញពីក្រុង កាប៊ុល យ៉ាងប្រញាប់ប្រញាល់ ។ “ពេលវេលាកាប៊ុល” ក៏ត្រូវគេចាត់ទុកថា ជាសញ្ញា ដែលអាចសម្គាល់ឃើញថា ការឈ្លានពាននៅអាហ្វហ្កានីស្ថាន របស់កងទ័ពអាមេរិក ទទួលបានបរាជ័យ ។ ទោះបីជាកងទ័ពអាមេរិក ទៅបាត់ហើយ ក៏ដោយ ក៏ប៉ុន្តែរដ្ឋាភិបាល អាមេរិក មិនដែលបញ្ឈប់ប្រព្រឹតិ្តទង្វើ អាក្រក់លើទឹកដីនេះ សម្បីតែមួយភ្លែត ។ ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច លេបយកថវិកា សម្រាប់សង្គ្រោះជីវិត របស់ប្រជាជនអាហ្វហ្កានីស្ថាន រំលោភអធិបតេយ្យភាព តាមតែទំនើងចិត្ត ។ល។ ដៃខ្មៅ របស់អាមេរិក នៅតែច្របាច់កអាហ្វហ្កានីស្ថាន ឡើងជាប់ ដែលបណ្តាលឱ្យប្រទេស ទាំងមូលពិបាកដកដង្ហើម ។

មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក បានលើកឡើងថា ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច របស់អាមេរិក ទៅលើអាហ្វហ្កានីស្ថាន បានធ្វើឱ្យវិបត្តិ ក្នុងតំបន់នេះកាន់តែធ្ងន់ធ្ងរ ។ “ប្រជាជនអាហ្វហ្កានីស្ថាន ចំនួន ៩៨ ភាគរយ ហូបមិនឆ្អែត ចំណែកឯកុមារអាហ្វហ្កានីស្ថានចំនួន ៣២០ ម៉ឺននាក់ដែលមានអាយុក្រោម ៥ ឆ្នាំវិញ កំពុងប្រឈមនឹងបញ្ហា កង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ ” ។

ការដាក់ទណ្ឌកម្ម ផ្នែកសេដ្ឋកិច្ចរបស់អាមេរិកបានរារាំង ដល់ការស្តារឡើងវិញ របស់អាហ្វហ្កានីស្ថាន ។ លោក Karim ដែលបានរស់នៅនិង ធ្វើការនៅប្រទេសកាណាដា មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការនេះ ។ ដោយសារប្រព័ន្ធហិរញ្ញវត្ថុ មិនអាចដំណើរការជាប្រក្រតីបាន បានជាលោកគ្មាន មធ្យោបាយណាមួយ សម្រាប់ផ្ញើលុយ ឱ្យគ្រួសាររបស់លោក នៅអាហ្វហ្កានីស្ថាន ។ ការិយាល័យអង្គការ សហប្រជាជាតិ ទទួលខុសត្រូវការសម្របសម្រួល កិច្ចការមនុស្សធម៌ បានលើកឡើង ក្នុងរបាយការណ៍ដែលចេញផ្សាយនាពេលថ្មីៗ កន្លងទៅនេះថា លុះត្រាតែរៀបចំឡើងវិញ នូវប្រព័ន្ធសេដ្ឋកិច្ច និងធនាគារ ជាប្រក្រតី បើពុំនោះសោត ប្រជាជនអាហ្វហ្កានីស្ថាន ចង់កែប្រែពីរបៀបរស់រានមាន ជីវិតទៅជារបៀបវិបុលភាព គឺ មិនអាចទៅរួចទេ ។

សូមបញ្ជាក់ថា ប្រជាជន អាហ្វហ្កានីស្ថានមិនគួរបំភ្លេចទេ ។ ក្នុងនាមជាអ្នកបង្កភាពចលាចលនៅអាហ្វហ្កានីស្ថានមុនគេ អាមេរិកមិនត្រូវរត់រួច ទៅនិងទម្លាក់កំហុសឱ្យប្រទេសផ្សេងៗ ជាដាច់ខាត ។ ពេលថ្មីៗ កន្លងទៅនេះ លោក David Howell Petraeus អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក (CIA) និងជានាយឧត្តមសេនីយ៍ ចូលនិវត្តន៍បានសារភាព ក្នុងពេលផ្តល់បទ សម្ភាសន៍ថា កងទ័ពអាមេរិក បានប្រព្រឹត្ត” កំហុសដ៏ធ្ងន់ធ្ងរ” ក្នុងអំឡុង ពេលប្រចាំការនៅអាហ្វហ្កានីស្ថាន អស់រយៈពេល ២០ ឆ្នាំ ។ នៅពេលថ្លែងអំពីសង្រ្គាមនៅអាហ្វហ្កានីស្ថាន លោកតែងតែដកស្រង់ ពីពាក្យមួយមាត់ថា “អ្នកទំនងជាធុនទ្រាន់ នឹងភាពយន្ត ហើយចាកចេញពីរោងកុន ប៉ុន្តែភាពយន្តនេះ នៅតែបន្តដំណើរការតទៅទៀត” ។

រដ្ឋាភិបាលអាមេរិក កុំធ្វើពុតថា “ភាពយន្តបានចប់ហើយ” ។ ផ្ទុយទៅវិញ ពួកគេចាំបាច់ត្រូវសុំអភ័ទោសចំពោះការឈ្លានពាននៅអាហ្វហ្កានីស្ថាន និងប្រគល់ទ្រព្យសម្បតិ្ត ទាំងអស់ឱ្យអាហ្វហ្កានីស្ថានវិញ ក្នុងពេលឆាប់ៗ សងថ្លៃជំងឺចិត្តយ៉ាង ពេញលេញ ក៏ដូចជាដោះលែងដៃខ្មៅ ដែលបាននិង កំពុងច្របាច់កប្រជាជន អាហ្វហ្កានីស្ថានក្នុងពេលឆាប់ៗ ។ សហរដ្ឋអាមេរិក គួរតែចងចាំមេរៀននៃសង្រ្គាមលើកនេះ រក្សាភាពអត់ធ្មត់ ខណៈពេលបង្ខំឱ្យប្រទេសដទៃទៀត ធ្វើការកែប្រែតាមទំនើងចិត្តរបស់អាមេរិក និងជៀសវាងកុំឱ្យ “ពេលវេលាកាប៊ុល” លេចចេញម្តងទៀត ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top