នយោបាយ

ភិយ្យោភាពនវានុវត្តន៍ ពហុជាតិ ពិន្ធុនៃតំបន់ស៊ីនជាំង

ក្រុមចម្រុះជាតិសាសន៍ ដែលជាលក្ខណៈពិសេសមួយ របស់ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ ។ នៅក្នុងប្រវត្តិសាស្រ្ត អារ្យធម៌អភិវឌ្ឍជាង៥០០០ឆ្នាំ របស់ប្រទេសចិន ក្រុមជាតិសាសន៍ ឬជនជាតិជាច្រើន បានចូលមករស់នៅ ក្នុងប្រទេស ។ ដោយមានការវិវត្ត ការច្របាច់បញ្ចូលគ្នា និងការបង្រួបបង្រួម កម្លាំងសាមគ្គី ក្រុមជនជាតិ ចំនួន៥៦ បានលេចឡើង ដែលក្នុងនោះក៏រួមមានជនជាតិអ៊ុយហ្គ័រ ដែលបានប្រមូលផ្តុំគ្នាច្រើន រស់នៅក្នុងតំបន់ស៊ីនជាំងផងដែរ ហើយឥឡូវនេះក្រុមជនជាតិ ទាំង៥៦បានបង្កើតឲ្យមានប្រជាជាតិចិន ដែលបានចូលរួមគ្នា ក្នុងការកសាងប្រទេសចិន ដោយបង្កើតឲ្យមានប្រវត្តិសាស្រ្ត ដ៏យូរលង់ និងវប្បធម៌ដ៏អស្ចារ្យ ។

ដើម្បីលើកកម្ពស់ និងកែលម្អប្រព័ន្ធស្វ័យភាពជាតិសាសន៍ក្នុងតំបន់ រដ្ឋាភិបាលចិនបានផ្តោតទៅលើការខិតខំប្រឹងប្រែង របស់ខ្លួនលើធាតុផ្សំពីរគឺទី១-ការរួមបញ្ចូលគ្នារវាងការបង្រួបបង្រួម និងស្វ័យភាព ដើម្បីផលប្រយោជន៍ជាតិ ដ៏ឧត្តុងឧត្តមបំផុត និងជាផលប្រយោជន៍រួម របស់ក្រុមជាតិសាសន៍ទាំងអស់ ការបង្រួបបង្រួមមានតួនាទីជាមូលដ្ឋានគ្រឹះ និងជាគោលការណ៍ដើម្បីស្វ័យភាព របស់ក្រុមជាតិសាសន៍ ក្នុងតំបន់ ។ ទី២-ការរួមបញ្ចូលគ្នា រវាងកត្តានានា នៃក្រុមជាតិសាសន៍ និង កត្តានានានៅតាមតំបន់ ពោលគឺស្វ័យភាព នៃក្រុមជាតិសាសន៍ ក្នុងតំបន់ពាក់ព័ន្ធទៅនឹងកត្តា នៃក្រុមជនជាតិ និងកត្តាតំបន់ ។ លើសពីនេះដើម្បីលើកទឹកចិត្ត ដល់សាសនា ឲ្យសម្របខ្លួនទៅ តាមបែបបទសង្គម នៅក្នុងលទ្ធិសង្គមនិយម រដ្ឋាភិបាលចិន បានលើកទឹកចិត្ត ដល់អ្នកដែលមានជំនឿ ឲ្យស្រឡាញ់ប្រទេស និងប្រជាជន រក្សាការបង្រួបបង្រួមប្រទេស និងមហាសាមគ្គីភាព របស់ប្រជាជាតិចិន គោរពតាមនិងបម្រើ ដល់ផលប្រយោជន៍ជាតិ ដ៏ឧត្តុងឧត្តមបំផុត និង ផលប្រយោជន៍រួម នៃប្រជាជាតិចិន ប្រកាន់ខ្ជាប់នូវមាគ៌ា នៃលទ្ធិសង្គមនិយមបែបផែនចិន អនុវត្តគោលការណ៍គុណតម្លៃស្នូល នៃលទ្ធិសង្គមនិយម លើកកម្ពស់ វប្បធម៌ចិន និងព្យាយាមធ្វើការរួមបញ្ជូលគ្នា រវាងជំនឿខាងសាសនា និង វប្បធម៌ចិន គោរពច្បាប់ និង បទបញ្ញត្តិរបស់រដ្ឋ ព្រមទាំងស្ម័គ្រចិត្តគោរព តាមអភិបាលកិច្ចផ្អែកលើមូលដ្ឋានច្បាប់ របស់រដ្ឋ ចូលរួមក្នុងការកែទម្រង់ និង ការបើកទូលាយ ក៏ដូចជាទំនើបកម្ម នៃលទ្ធិសង្គមនិយម ហើយរួម ចំណែកដល់ការ សម្រេចបាននូវក្តីសុបិនចិន ក្នុងការស្តារភាព អស្ចារ្យឡើងវិញ នៃប្រជាជាតិចិនផងដែរ ។ ក្នុងន័យនេះ តំបន់ស្វ័យតស៊ីនជាំង គឺជាគំរូភាពមួយសាមគ្គីភាព របស់ជនជាតិអ៊ុយហ្គ័រ និងបណ្តាជនជាតិដទៃទៀត នៅក្នុងចរន្តពហុជាតិពន្ធុ សម្រាប់វឌ្ឍនភាពតំបន់ស៊ីនជាំង និយាយដោយឡែក និងការអភិវឌ្ឍជាតិឱ្យខ្លាំងក្លានិយាយរួម។
ដើម្បីចូលរួមអនុវត្ត ប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផលជាក់ស្តែងស្រប តាមគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់អង្គការ សហប្រជាជាតិ រហូតដល់ឆ្នាំ២០៣០ ក្នុងប្រទេសចិន និយាយរួម តំបន់ស៊ីនជាំង និយាយ ដោយឡែក បានប្រែក្លាយទៅជាគំរូភាព មួយដ៏ប្រត្យក្ស ដែលពិភពលោក មិនអាចប្រកែក បាននោះគឺការប្រើប្រាស់ថាមពលស្អាត ក្នុងការបំភាយកាបូនទាប ។ ការត្រៀមខ្លួន សម្រាប់បៃតង ភាពរបស់ពិភពលោក របស់តំបន់ស៊ីនជាំង មិនត្រឹមតែសម្រាប់តំបន់ ឬសម្រាប់ប្រទេសចិនប៉ុណ្ណោះទេ តែតំបន់នេះ បានចូលរួម ចំណែកយ៉ាងសកម្មចំនួន ៤៥%ក្នុងចំណោម ៨០% នៅការនាំចេញរបស់ចិន ទៅកាន់ពិភពលោក នៃផលិតផលសារធាតុPolysilicium ដែលជាធាតុផ្សំចាំបាច់បំផុត សម្រាប់ផលិតផ្ទាំងសូឡា និង ឧបករណ៍សឺមីកុងឌុកទ័រ នៅក្នុងសម្ភារៈអេឡិចត្រូនិកនានា ហើយដែល ត្រូវបានរដ្ឋាភិបាល អាមេរិកប្រើប្រាស់បញ្ញត្តិ សិទ្ធិមនុស្ស ជាលេសក្នុងការហាម ឃាត់ការនាំចូល ទៅបំពេញតម្រូវការនៅទីផ្សារ របស់អាមេរិក ដែលនេះជាការបង្អាក់ ការរីកចម្រើន វិស័យបច្ចេកវិទ្យា និងការចូលរួមសម្រេច បាននូវការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ពិភពលោកផងដែរ ។ លើសពីនេះ ដោយមិនរាប់បញ្ចូលនូវក្រុង Wulumuqiដែលជាគជ័យ មួយគ្រាប់ តាមបណ្តោយផ្លូវសូត្រ សមុទ្រខ្សាច់ គ្មានព្រំដែន តំបន់ហ្គោប៊ី ដ៏ធំល្វឹងល្វើយ ភ្នំដែលលាតសន្ធឹងរាប់ពាន់ម៉ែត្រ តំបន់ដែលគ្របដណ្តប់ ដោយដើម ឈើនិងស្មៅ ពោរពេញ ដោយភាពរស់រវើក បឹង Sayram អណ្តូងការ៉េស និងមណ្ឌលស្វយ័ត Ili Kazak ដែលត្រូវគេប្រសិទ្ធនាមថា ស្រុកកំណើតសេះ របស់ប្រទេសចិន ជាដើម នៅគ្រប់រដូវកាល យើងនឹងឃើញវាលស្រែ វាលកប្បាស និងចម្ការផល្លានុផល មើលដាច់កន្ទុយភ្នែក បាននិងកំពុងទាក់ទាញ ទេសចរ ចម្រុះជាតិ សាសន៍រាប់លាននាក់ជារៀងរាល់ឆ្នាំ ដែលរួមបញ្ចូលទាំងដំណើរទស្សនកិច្ច រយៈពេល៦ ថ្ងៃកាលពីចុងខែឧសភា ឆ្នាំ២០២២ នៅក្នុងប្រទេសចិន របស់លោកស្រី មីស្ហែល បាស្ហឺឡេ ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ទៅឈ្វេងយល់ និងដកយកបទពិសោធន៍ពីបៃតងភាព និងសង្គមសុខដុមនីយកម្ម សន្តិភាវូបនីយកម្ម លំហសេរីភាព និងសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ដែលមានភាពពហុជាតិពិន្ធុ និងពហុសាសនា ។

ដើម្បីចូលរួមជា ចំណែកដ៏សំខាន់បំផុតមួយ ដល់ការរក្សាបាន សន្តិសុខស្បៀង របស់ពិភពលោក តំបន់ស៊ីន ជាំងកំពុងពន្លឿន ការបង្កបង្កើនផលកសិកម្ម ដោយប្រើប្រាស់ នវានុវត្តបច្ចេកវិទ្យា វិទ្យាសាស្ត្រ ក្នុងការធានា ឱ្យដំណាំគ្រប់ ប្រភេទទទួលមិនត្រឹម តែបានផលបរិបូរណ៍ ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យ ទិដ្ឋភាព ដែលមិនឃើញមានមនុស្ស ជាប់រវល់ក្នុង រដូវកាលមមាញឹកនឹងធ្វើការងារ ស្រែចម្ការក្លាយជារឿងប្រក្រតីទៀតផង។ ជាក់ស្តែងតួលេខ បានបង្ហាញថា ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ បរិមាណសរុប នៃការនាំចេញនាំចូល របស់តំបន់ស៊ីនជាំង បានកើនពី១៣៩៨០០លានប្រាក់ យាន់ចិន ឡើងដល់១៥៦៩០០លានប្រាក់យាន់ចិន ដៃគូពាណិជ្ជកម្មពាសពេញ នៅប្រទេសនិងតំបន់ចំនួនជាង១៧០ នៅលើពិភពលោក ។
ការណ៍នេះបានទាក់ទាញការសិក្សារៀនសូត្រ របស់បរទេសពីវឌ្ឍនភាពសេដ្ឋកិច្ច របស់តំបន់ស៊ីនជាំង ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក Collen V. Kelapile ប្រធានក្រុមប្រឹក្សា សេដ្ឋកិច្ចនិង សង្គមរបស់អង្គការសហប្រជាជាតិថ្លែង ក្នុងពេលផ្តល់បទសម្ភាសន៍ថា បទពិសោធកាត់ បន្ថយភាពក្រីក្រ របស់ប្រទេសចិន មានតម្លៃ ក្នុងការយកទៅសិក្សារៀនសូត្រ ។
បើទោះបីជាប្រទេសចិន មិនបានអះអាងថា ប្រជាធិបតេយ្យបែបពិគ្រោះយោបល់ គឺជាទម្រង់ពិសេស និងជាកម្លាំងដ៏ខ្លាំងក្លានៃលទ្ធិប្រជាធិបតេយ្យ សង្គមនិយមតាមបែបផែនចិនជាគំរូក៏ដោយ ក៏ប្រទេសជាច្រើនបាន និងកំពុងសិក្សារៀនសូត្រ ជាក់ស្តែងនាពេលថ្មីៗកន្លងទៅនេះ អង្គការ Arab barometer ដែលជាអង្គការស្ទង់ប្រជាមតិអន្តរជាតិ បានចេញផ្សាយរបាយការណ៍ពិនិត្យអង្កេតពីរច្បាប់ ដោយបានបង្ហាញថា ប្រជាជនអារ៉ាប់ភាគច្រើន បាននិងកំពុង បាត់បង់ជំនឿចិត្ត ចំពោះប្រសិទ្ធភាព របស់ប្រព័ន្ធរបបប្រជាធិបតេយ្យ បែបលោកខាងលិច ហើយរូបមន្តរបស់ប្រទេសចិន មានកម្លាំង ទាក់ទាញកាន់តែខ្លាំងឡើងៗ ស្របនឹងមតិជាទូទៅ របស់សហគមន៍អន្តរជាតិ បានសម្គាល់ឃើញថា តំបន់ស៊ីនជាំងជាតំបន់មួយ ដែលទទួលបានការអភិវឌ្ឍ ប្រកបដោយសុវត្ថិភាព មានភាពធូរធារ ស្តុកស្តម្ភនិងបើកទូលាយ គ្មានទំនាក់ទំនងទាល់តែសោះ ជាមួយនឹងបទឧក្រិដ្ឋប្រល័យ ពូជសាសន៍ និង បង្ខំឱ្យធ្វើពលកម្មជាដើម ។ ការណ៍នេះបានទម្លុះរបាយការណ៍ ឬយុទ្ធសាស្ត្រនានារបស់អាមេរិក ដែលប្រាសចាកការពិត មានចេតនា មួលបង្កាច់ សច្ចភាព និងបង្វែខុសតថភាព របស់តំបន់ស៊ីនជាំង និង ជាអ្វីដែលអាមេរិក តែងបង្កភាពអសណ្តាប់ធ្នាប់សកល បំផ្លាញដល់កិច្ច អភិវឌ្ឍសកល និងបង្កើនជម្លោះ និងសង្គ្រាមស្ទើរគ្រប់កន្លែង នៅទូទាំងពិភពលោកស្រប នឹងអនុត្តរភាពរបស់ខ្លួន ។

ជារួម មិនស្ថិត ក្នុងសម្ព័ន្ធយោធាណាមួយនោះទេ ប្រទេសចិនជាចំណែកដ៏ធំមួយនៃការអភិវឌ្ឍរបស់ពិភពលោក ហើយរឿងរ៉ាវ នៅពីក្រោយភាពល្បីរន្ទឺ នៃភិយ្យោភាពតំបន់ស៊ីនជាំង ដែលបានធ្វើឱ្យគ្រាប់ពូជ នៃនវានុវត្តភាពកំពុងលូតលាស់ឡើង ស្របតាមចរន្តហ្សែន និងសសៃឈាមរបស់ជនជាតិចិន ហើយគ្មានកម្លាំងណាអាចមករារាំង វឌ្ឍនភាពនេះបានឡើយ ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន

To Top